ជាតិ
សេដ្ឋកិច្ច
កម្ពុជា អាចនាំ«មៀនប៉ៃលិន»ចូលទីផ្សារចិនជាផ្លូវការ នាអំឡុងខែកញ្ញា
09, Jun 2022 , 8:59 pm        
រូបភាព
ចម្ការមៀនមួយកន្លែងរបស់កសិករក្នុងខេត្តប៉ៃលិន នារដូវប្រមូលផល កាលពីខេវិច្ឆិកា ឆ្នាំ២០២០
ចម្ការមៀនមួយកន្លែងរបស់កសិករក្នុងខេត្តប៉ៃលិន នារដូវប្រមូលផល កាលពីខេវិច្ឆិកា ឆ្នាំ២០២០
ភ្នំពេញ៖ តាមការរំពឹងទុក ផ្លែមៀនស្រស់កម្ពុជានឹងអាចនាំចូលទីផ្សារប្រទេសចិនជាផ្លូវការបាន នាដើមរដូវនៃការប្រមូលផលដំណាំនេះ ចាប់ពីខែកញ្ញា ឆ្នាំ២០២២តទៅ។ នេះជាការលើកឡើងរបស់លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម។ លោកបានបញ្ជាក់ថា ​សព្វថ្ងៃមានក្រុមហ៊ុនចំនួន៧ បានត្រៀមលក្ខណៈរួចជាស្រេច​ក្នុងការនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។​

 
ផ្លែមៀនស្រស់កម្ពុជា នឹងអាចចូលទីផ្សារប្រទេសចិនជាផ្លូវការបាន នាអំឡុងខែកញ្ញា ដែលជាពេលវេលាចាប់ផ្តើមការ​ប្រមូលផលដំណាំនេះ។ លោក កែ មុន្ធីវុធ បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)បែបនេះ តាមប្រព័ន្ធតេលេក្រាម នាព្រឹកថ្ងៃទី៩មិថុនា​  ខណៈ បច្ចុប្បន្នមានក្រុមហ៊ុនចិនមួយចំនួន បានដាក់ផែនការបញ្ជាទិញផ្លែមៀនប៉ៃលិន ​ពីសមាគមមៀនប៉ៃលិនជាដំណាក់កាលៗ។ ក្នុងនោះ មានក្រុមហ៊ុនចិនមួយ ឈ្មោះ ជីង គួរ យួង ដែលបានបង្កើតរោងចក្រ និងឡសម្លាប់មេរោគ​លើ​ផ្លៃមៀន នៅក្នុងខេត្តប៉ៃលិនផ្ទាល់​នោះ  បានកំណត់ផែនការប្រមូលទិញមៀនប៉ៃលិនពីសមាគមមៀនប៉ៃលិន ក្នុងចំនួនមួយទៅពីរទូតុងតឺន័រក្នុងមួយថ្ងៃ សម្រាប់នាំទៅប្រទេសចិន ដោយចាប់ពី ខែសីហា ឆ្នាំ២០២២ តទៅ។ 
 

  លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។ រូបថត៖ អគ្គនាយកដ្ឋានកសិកម្ម

លោក កែ មុន្ធីវុធ បន្តសរសេររៀបរាប់ដោយបញ្ជាក់ថា ៖ «សម្រាប់ការចាប់ផ្តើមនាំចេញផ្លែមៀនស្រស់ ជាលើកដំបូងទៅកាន់ប្រទេសចិននារដូវប្រមូលផលខាងមុខនេះ យើងនឹងមានក្រុមហ៊ុនចំនួន៧ និងកសិដ្ឋាន[មៀនប៉ៃលិន]ចំនួន៦៤ ដែលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាចូលទីផ្សារប្រទេសចិន បន្ទាប់ពីទទួលបានការអនុម័តពីនាយកដ្ឋានអនាម័យនិងភូតគាមអនាម័យ នៃអគ្គរដ្ឋបាលគយចិន»។ ប៉ុន្តែ សម្រាប់ការនាំចេញនេះ កម្ពុជាអាចនឹងជួបបញ្ហាប្រឈមមួយចំនួន ដែរ។  
 
អត្ថបទទាក់ទង

 បើតាមប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្មរូបនេះ បញ្ហាប្រឈមសម្រាប់ការនាំចេញផ្លែមៀនរបស់កម្ពុជាទៅចិននោះ គឺការកង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល ដែលបណ្តាលឱ្យទូត្រជាក់ឡើងថ្លៃខ្លាំង បើធៀបពេលមុនវិបតិ្តកូវីដ-១៩។ លោក បាននិយាយដូច្នេះ៖ « បច្ចុប្បន្ន  តម្លៃទូត្រជាក់សម្រាប់ផ្ទុកកសិផល គឺមានការកើនឡើងរហូតដល់ជាង៣ដង»។
 
ចំពោះការរឹតបន្តឹងរបស់ប្រទេសចិនលើការត្រួតពិនិត្យទំនិញនាំចូលដើម្បីទប់ស្កាត់ការរាលដាលឆ្លងកូវីដ-១៩ ស្របតាមយុទ្ធសាស្រ្តគ្មានការរាលដាលឆ្លងនូវកូវីដ-១៩ពីប្រទេសខាងក្រៅនោះ ក៏អាចជាកត្តាប្រឈមមួយទៀតសម្រាប់កម្ពុជា ក្នុងការនាំផ្លែមៀនស្រស់ ចូលទីផ្សារប្រទេសចិន ផងដែរ។ 
 
ជុំវិញនៃការនាំចេញផ្លែមៀនស្រស់ទៅចិននេះ លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា កាលពីថ្ងៃចុងខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនចិន ជីង គួរ យួង បានសម្រេចដាក់ផែនការប្រមូលផ្លែមៀនពីកសិករ ចាប់ខែសីហាតទៅ ក្នុងតម្លៃ ៣ ៦០០រៀល ក្នុងមួយគីឡូក្រាម។  តម្លៃនេះ ​នឹងកើនដល់ ៣ ៨០០រៀល ក្នុងមួយគីឡូក្រាម នៅក្នុងខែធ្នូ ហើយកើនដល់ ៤ ០០០រៀល ចាប់ខែមករា ​ឆ្នាំ២០២៣ និងឈានដល់ ៤ ៥០០រៀល ក្នុងមួយគីឡូក្រាម​​ ចាប់ខែមីនា ដល់ឧសភា ឆ្នាំ២០២៣។ លោក បាននិយាយដូច្នេះ៖​«មៀនប៉ៃលិន ដែលចិនបញ្ជាទិញនោះ នឹងត្រូវបានសម្លាប់មេរោគ វេចខ្ចប់ និងរក្សាទុកក្នុងទូត្រជាក់​នៅក្នុងខេត្តប៉ៃលិនយើងហ្នឹង ហើយនាំចូលទីផ្សារចិនតែម្តង ដោយយើងលែងពឹងដង្ហើមប្រទេសថៃ ទៀតហើយ»។​
 

លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន

បើតាមលោក សួន ជុំ ផ្លែមៀនដែលកសិករដាំដុះនៅក្នុងខេត្តប៉ៃលិន បាត់បង និងបន្ទាយមានជ័យ គឺមានចំនួនប្រមាណ៣០០តោនក្នុងមួយ ដែលអាចនាំទៅចិន។ លោកបន្តរៀបរាប់បែបនេះថា​៖ «ខ្ញុំដឹងថា នៅប៉ៃលិន​ បាត់ដំបង និងបន្ទាយមានជ័យយើងនេះ ទំហំនៃមៀនដែលអាចនាំចេញបានហ្នឹង! ខ្ញុំមើលទៅប្រហែលមួយថ្ងៃបានជិត៣០០តោន ព្រោះពេលមុនកូវីដ-១៩ ពួកខ្ញុំនាំចេញឱ្យក្រុមហ៊ុនចិន នៅប្រទេសថៃ បានជាង១០០តោនក្នុងមួយថ្ងៃ​ ហើយក៏មានអ្នកផ្សេងនាំចេញទៀតផងដែរ។ អ៊ីចឹង ខ្ញុំមើលទៅ​ ខេត្តទាំងនេះ មានសមត្ថភាពផលិតមៀនសម្រាប់នាំចេញ គឺក្រោម២០០តោនទេក្នុងមួយថ្ងៃ»។​
 
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះមៀនប៉ៃលិន(តាង៉ែន) ទូទាំងប្រទេស សរុប ១៣ ៦០៨ហិកតា នៅក្នុងខេត្តចំនួន១៤ ។ ដោយឡែក ខេត្តដែលមានកសិករដាំដុះប្រភេទនេះ ច្រើនជាងគេ គឺខេត្តប៉ៃលិន បាត់ដំបង រតនគិរី និងបន្ទាយមានជ័យ។ ក្នុងចំណោមផ្ទៃដីដាំដុះមៀនប៉ៃលិន ឬតាង៉ែនទាំងនេះ គឺមាន ៦ ៩២៧ហិកតា​ ដែលកសិករទទួលបានទិន្នផលចំនួន ១១ម៉ឺនតោន នៅក្នុងឆ្នាំ២០២១​៕ 
 

Tag:
 កសិកម្ម
  មៀនប៉ៃលិន
  លោក កែ មុន្ធីវុធ
© រក្សាសិទ្ធិដោយ thmeythmey.com