ជាតិ
អាជ្ញាធរជាតិអប្សរាបណ្ដុះបណ្ដាលអ្នកជំនាញអភិរក្សថ្មបន្ថែម
11, Jun 2022 , 7:19 pm        
រូបភាព
ការសម្ភាសបេក្ខជនដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
ការសម្ភាសបេក្ខជនដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មរយៈពេលវែង ត្រូវបានរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្នុងបំណងបង្កើនធនធានអ្នកអភិរក្សថ្មទៅអនាគត និងការជួសជុលតាមបច្ចេកទេសត្រឹមត្រូវ ដែលជាផ្នែកមួយនៃការអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ។

 
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលអ្នកជំនាញជាន់ខ្ពស់ខាងអភិរក្សថ្ម គឺក្នុងបំណងដើម្បីរៀបចំផែនការ និងដឹកនាំការអនុវត្តគម្រោងអភិរក្ស និងជួសជុលបេតិកភណ្ឌតាមស្ដង់ដាអន្ដរជាតិទៅអនាគត។ លោកបន្ថែមថា ក្រោយពីបណ្ដុះបណ្ដាល សិក្ខាកាមនឹងទទួលបានចំណេះដឹងមួយចំនួន ដូចជា ចំណេះដឹងពីសម្ភារសំណង់ប្រាសាទ រចនាសម្ព័ន្ធប្រាសាទ ការខូចខាតនៃគ្រឿងសំណង់ លទ្ធភាពការរៀបចំដំឡើងគម្រោងព្យាបាលជំងឺថ្ម និងជួសជុល ព្រមទាំងលទ្ធភាពព្យាបាល និងជួសជុលថ្មតាមវិទ្យាសាស្រ្ដជាដើម។
 
សិក្ខាកាម ឬបេក្ខជនចំនួន៣០រូប មកពីនាយកដ្ឋាននានានៃអាជ្ញាធរជាតិអប្សរា ត្រូវបានកោះហៅឱ្យទៅសម្ភាស ដើម្បីជម្រុះត្រឹម២០រូប សម្រាប់ចូលរួមវគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល២ឆ្នាំកន្លះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា តទៅ។
 
អ្នកស្រី ហេង ច័ន្ទនិ កំពុងរង់ចាំការសម្ភាសជម្រុះជុំ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នាថ្ងៃទី១០ ខែមិថុនា។ ច័ន្ទនិ ជាភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទប្រែរូប។ ដោយចិត្តស្រឡាញ់ និងចង់ចេះជំនាញអភិរក្សថ្ម ដែល ច័ន្ទនិ បានឃើញស្ទើររាល់ថ្ងៃនៅការដ្ឋានជួសជុលប្រាសាទប្រែរូប បានអន្ទងចិត្តអ្នកភូមិអង្គររូបនេះ ចង់ក្លាយជាអ្នកជំនាញជួសជុល និងអភិរក្សថ្មមួយរូបទៅអនាគត។ ច័ន្ទនិ ប្រាប់ថា មិនបារម្ភចំពោះការងារហាលថ្ងៃក្ដៅខ្លាំងទេ តែប្រសិនគេផ្តល់ឱកាសឱ្យនាងចូលរួមការងារនេះ នាងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ 


លោក ឡុង ណារី អ្នកជំនាញព្យាបាលថ្ម។ រូបភាព៖ អ៊ីសា រ៉ហានី
 
ច័ន្ទនិ រៀបរាប់ថា៖« ខ្ញុំចង់ក្លាយជាអ្នកជំនាញមួយរូប ខ្ញុំស្រឡាញ់ការងារជួសជុលថ្ម និងកំណាយ និងចង់មានជំនាញមួយច្បាស់លាស់ ដែលអាចបង្រៀទៅក្មេងៗក្រោយទៀតបាន»។ 
 
បេក្ខជនមួយរូបទៀត គឺ គួន គីម ក៏ជាភ្នាក់ងារទេសចរណ៍តាមប្រាសាទដែរ។ រៀនចប់ត្រឹមថ្នាក់ទី១២ គួន គីម ធ្វើការជាភ្នាក់ងារទេសចរណ៍៦ឆ្នាំមកហើយនៅតាមប្រាសាទ។ ជាមួយនឹងការជាភ្នាក់ងារទេសចរណ៍នេះហើយ ដែលឱ្យ គីម មានពេលច្រើនសួរនាំពីការងារអភិរក្សថ្ម កំណាយ និងជួសជុលប្រាសាទ ពីអ្នកជំនាញ និងកម្មករដែលកំពុងជួសជុល។ យុវជនវ័យ ៣១ឆ្នាំរូបនេះប្រាប់ថា ខ្លួនគេមាននិស្ស័យ និងទេពកោសល្យចំពោះការងារទាំងនោះ ដោយអាចធ្វើការងារទាំងនោះបាន ប្រសិនមានការបណ្ដុះបណ្ដាលបន្ថែមពីអ្នកជំនាញ។ 
 
ជាអ្នកខេត្តសៀមរាប និងពុំមានគ្រួសារជាអ្នកជួសជុលប្រាសាទពិតមែន តែ គីម យល់ថាខ្លួនឯងពិតស្រឡាញ់ការងារនេះណាស់ និងចង់ចាប់ជាអាជីពដ៏ជាក់លាក់មួយទៅអនាគត គឺជាអ្នកអភិរក្សថ្ម និងជួសជុលប្រាសាទ ដ៏ជំនាញមួយរូប បម្រើបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com