កីឡាជាតិ
ជាតិ
កម្ពុជា ចូលរួមប្រកួតកីឡាហែលទឹកលំដាប់ពិភពលោក នៅហុងគ្រី
17, Jun 2022 , 3:25 pm        
រូបភាព
កីឡាការិនី សុខ វរលក្ខណ ហ្វឹកហាត់នៅអាងហែលទឹក នាពហុកីឡដ្ឋានមរតកតេជោ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ។(ប្រភពសហព័ន្ធកីឡាហែលទឹកកម្ពុជា)
កីឡាការិនី សុខ វរលក្ខណ ហ្វឹកហាត់នៅអាងហែលទឹក នាពហុកីឡដ្ឋានមរតកតេជោ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ។(ប្រភពសហព័ន្ធកីឡាហែលទឹកកម្ពុជា)
ដោយ៖ហៀក ឆក

ប្រតិភូ និងអត្តពលិកកីឡាហែលទឹកកម្ពុជា ៤រូប កាលពីរាត្រីថ្ងៃទី១៦ ខែមិថុនា ចេញដំណើរទៅកាន់ប្រទេសហុងគ្រី ដើម្បីចូលរួមការប្រកួតពានរង្វាន់ FINA World Swimming Championship 19th។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី៣​ ខែកក្កដា ឆ្នាំ២០២២ ដោយមានប្រទេសចំនួន ១៨០ ទៅ ២០០ ចូលរួម។

 
ប្រទេសជិត ២០០ ចូលរួមការប្រកួតកីឡាហែលទឹកជើងឯកពិភពលោកលើកទី១៩ នាក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ សម្រាប់កម្ពុជា បានបញ្ជូអត្តពលិកពីររូប គឺកីឡាករ ឆាលីស រចនា បេននីឈី និងកីឡាការិនី សុខ វរលក្ខណ រួមទាំងលោក នាង សូរិទ្ធិយ៉ា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាហែលទឹកកម្ពុជា និងគ្រូបង្វឹក១រូប លោក ហែម ថុនពន្លឺ ដឹកនាំទៅចូលរួមការប្រកួត។
 
កីឡាករ ឆាលីស រចនា បេននីឈី វ័យ១៩ឆ្នាំប្រកួតលើប្រភេទវិញ្ញាសា ១០០ម ផ្ងារ និង៤០០ម សេរី ។ បេនីឈី ទើបបញ្ចប់ការហ្វឹកហាត់នៅសហរដ្ឋអាមេរិក មកប្រកួតតំណាងកម្ពុជា ចំពោះស៊ីហ្គេមលើកទី៣១ នៅវៀតណាម ប៉ុន្តែកាលណោះរូបគេ មិនបានចូលរួមប្រកួតនោះទេ ដោយសារជាប់ភារកិច្ចប្រលង។
 
ចំណែកកីឡាការិនី សុខ វរលក្ខណ វ័យ ២០ឆ្នាំប្រកួតលើប្រភេទវិញ្ញាសា ជើងកង្កែប និងហែលសេរី ។ វរលក្ខណ ជាកីឡាការិនីឆ្នើម និងលេចធ្លោមួយរូបនៅស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដោយកីឡាការិនីរូបនេះ បានបំបែកឯកត្តកម្មថ្នាក់ជាតិ លើប្រភេទវិញ្ញាសាហែលទទឹក ៥០ម៉ែត្រដោយសេរី។ កីឡាករ កីឡាការិនីកម្ពុជា ប្រកួតថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។


 អត្តពលិកកីឡាហែលទឹកកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនចេញដំណើរទៅ ហុងគ្រី(ប្រភពភ សហព័ន្ធកីឡាហែលទឹកកម្ពុជា)

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា ប្រាប់សារពត៌មានថ្មីតាមរយៈតេឡេក្រាមថា៖«ការហ្វឹកហាត់សម្រាប់សហព័ន្ធកីឡាហែលទឹកកម្ពុជា គឺយើងហ្វឹកហាត់ប្រចាំឆ្នាំជាប់ អត់មានចាំដល់ពេលទៅប្រកួតលំដាប់ពិភពលោកបានយើងហ្វឹកហាត់ ជាទូទៅពី១ឆ្នាំទៅ១ឆ្នាំ គឺយើងហ្វឹកហាត់ជាប់លាប់ទៅតាមកម្មវិធីរបស់យើង»។ 
 
គួបញ្ជាក់បន្ថែមផងដែរ សម្រាប់កីឡាហែលទឹកលំដាប់ពិភពលោកនេះ ប្រព្រឹត្តទៅរៀងរាល់២ ឆ្នាំម្តង។ ឆ្នាំនេះ ប្រទេសហុងគ្រី ធ្វើជាម្ចាស់ផ្ទះជំនួសប្រទេសជប៉ុន។ ជប៉ុន បដិសេធក្នុងការរៀបចំព្រឹត្តការណ៍ដោយមានបញ្ហាកូវីដ-១៩ ។ សម្រាប់កីឡាហែលទឹកកម្ពុជា ធ្លាប់បានចូលរួមព្រឹត្តការណ៍លំដាប់ពិភពលោកបែបនេះច្រើនដងមកហើយដែរតាំងពីឆ្នាំ១៩៩៩។ សម្រាប់ការប្រកួតចុងក្រោយរបស់កម្ពុជា ធ្វើបានល្អនៅស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដោយទទួលបានមេដាយសំរឹទ្ធ ១ លើវិញ្ញាសាហែលបណ្តាក់៤x២០០ម៕
 

Tag:
 កីឡាហែលទឹក
 Championship 19th
 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com