ជាតិ
សេដ្ឋកិច្ច
ទុនបម្រុងអន្តរជាតិរបស់កម្ពុជា អាចធានាការនាំចូលទំនិញ សម្រាប់គ្រាបន្ទាប់បានដល់ជាង​៨ខែ
18, Jun 2022 , 2:00 pm        
រូបភាព
លោកស្រី ជា សិរី ឧបការី និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ។ រូបថត៖ NBC
លោកស្រី ជា សិរី ឧបការី និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ។ រូបថត៖ NBC
​បច្ចុប្បន្ន ទោះបីកម្ពុជារងសម្ពោធសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែ​ទុន​បម្រុង​អន្តរជាតិ​របស់​កម្ពុជា​ នៅតែមាន​កម្រិត​ខ្ពស់​។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរី ឧបការី និង​ជា​អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា ដោយបញ្ជាក់ថា ទុនបម្រុងអន្តរជាតិដែលកម្ពុជាមាននោះ គឺ​អាច​ធានា​ការ​នាំចូល​ទំនិញ និង​សេវា​សម្រាប់​គ្រា​បន្ទាប់​បានរហូតដល់ ៨ខែ។

 
លោកស្រី ជា សិរី បាននិយាយថា សកម្មភាព​សេដ្ឋកិច្ចក្នុងស្រុកនិងពិភពលោកនៅក្នុងឆ្នាំ២០២១ បានបន្តងើបឡើង  បើទោះ​ជាប្រឈមនឹងការលេចឡើង​នូវប្រភេទមេរោគបំប្លែងថ្មីនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃអត្រាអ្នកឆ្លងក៏ដោយ។ ប៉ុន្តែ ការងើបឡើងវិញនេះមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗនិងនៅមានភាពផុយស្រួយនៅឡើយ។ 
 
ចំពោះកម្ពុជា ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទេស បានជំរុញដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិ​ច្ចក្នុងទម្រង់ជាអក្សរ V ជាមួយនឹងអត្រាកំណើន៣ភាគរយ នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ -៣,១ភាគរយក្នុងឆ្នាំ២០២០។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរីបានបញ្ជាក់ថា កំណើននេះត្រូវបានគាំទ្រជាចម្បងដោយកំណើននាំចេញសម្លៀកបំពាក់និងផលិតផលកសិកម្ម និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ក៏ដូចជាពាណិជ្ជកម្មលក់ដុំនិងរាយ។ 
 
ជាមួយគ្នានេះ ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ និងអាចផ្តល់ឥណទានចាំបាច់ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា​ ក្នុងឆ្នាំ២០២១ ទ្រព្យសកម្មកើនឡើង១៨ភាគរយ និងប្រាក់បញ្ញើនៃប្រព័ន្ធធនាគារបានកើនឡើង១៧,៧ភាគរយ។ រីឯ ឥណទានអតិថិជនវិញកើន២៣,៥ភាគរយ។

ក្នុងសិក្ខាសាលា ស្តីពី «ការ​ផ្សព្វផ្សាយ​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ ២០២១» នៅ​ទីស្នាក់ការ​ធនាគាជាតិ​នៃ​កម្ពុជា នាថ្ងៃទី១៧មិថុនា  លោកស្រី ជា សិរី បានបន្តនិយាយថា៖ «ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង៨ខែ ខ្ពស់ជាងកម្រិតអប្បបរមា ៣ខែដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន»។
 
តាមអ្នកជំនាញ ទុនបម្រុងអន្តរជាតិដែលកម្ពុជាកំពុងមានបច្ចុប្បន្ន បើធៀបនឹងស្តង់ដារអន្តរជាតិ គឺមានទំហំច្រើនមែនទែន ខណៈកន្លងមកកម្ពុជាប្រើប្រាស់ទុននេះភាគច្រើន ទៅលើការសង់ម្ចាស់បំណុលនៅតាមបណ្តាលប្រទេសផ្សេងៗប៉ុណ្ណោះ។  
 
កាលពីថ្ងៃទី២៧ឧសភា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានបញ្ជាក់នៅក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពី«អនាគតរបស់អាស៊ី»តាមប្រព័ន្ធអនឡាញ  ថា ទំហំបំណុលរបស់កម្ពុជា​នៅមានក្នុងកម្រិតទាបនៅឡើយ​។ សម្តចមានប្រសាសន៍យ៉ាងដូច្នេះ៖ «បើគិតមកដល់ពេលនេះ ពិដានសម្រាប់ការខ្ចីរបស់យើង ដែលគេអនុញ្ញាតឱ្យខ្ចីគឺមានរហូតទៅដល់៤០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)ឯណោះ។ ពេលនេះ យើងខ្ញុំទើបខ្ចីគេបានតែ២៣ភាគរយ​ ប៉ុណ្ណោះ»។ 
 
សម្រាប់បំណុលដែលកម្ពុជាជំពាក់បរទេស គឺមានជាងពាក់កណ្តាលជាកម្ចីមានការប្រាក់ទាបក្នុងរយៈពេលវែង (Concessional Loan)។ ដូច្នេះ​ អ្នកជំនាញពីធនាគារជាតិនៃកម្ពុជា ជឿជាក់ថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅតែមានភាពរឹងមាំក្នុងការគ្រប់ដណ្តាប់លើការនាំចូលទំនិញ និងសេវា ក្នុងគ្រាបន្ទាប់ នៃសម្ពោធសេដ្ឋកិច្ចពិភពលោក។ ក្នុងឆ្នាំ២០២១ កម្ពុជា មានទុនបម្រុងអន្តរជាតិ ២០,៥ពាន់ដុល្លារអាម៉េរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com