អន្តរជាតិ
អាមេរិក​នឹង​បញ្ជូន​អាវុធ​យុទ្ធភណ្ឌ​ថ្មីៗ​ តម្លៃ១ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​អ៊ុយក្រែន
18, Jun 2022 , 3:29 pm        
រូបភាព
កងកាំភ្លើងធំអ៊ុយក្រែនបាញ់កាំភ្លើង Howitzer អំឡុងពេលហ្វឹកហាត់នៅតំបន់ហ្វឹកហាត់ Grafenwoehr ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
កងកាំភ្លើងធំអ៊ុយក្រែនបាញ់កាំភ្លើង Howitzer អំឡុងពេលហ្វឹកហាត់នៅតំបន់ហ្វឹកហាត់ Grafenwoehr ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
ដោយ: VOA
សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ជំនួយ​អាវុធ​យុទ្ធភណ្ឌ​ថ្មីៗ​បន្ថែម​ទៀតទៅ​ឱ្យ​អ៊ុយក្រែន​ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ​១ ពាន់​លាន​ដុល្លារ។


 
នេះ​គឺ​ជា​ការ​ផ្តល់​ជំនួយអាវុធ​និង​ឧបករណ៍​យោធាក្នុង​ចំនួន​ដ៏​ធំ​បំផុត​លើក​ទី​១២​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​អ៊ុយក្រែន ដើម្បី​ប្រឆាំង​ទប់​ទល់​នឹង​ការ​រុល​ទៅ​មុខ​យឺតៗ​របស់​កងទ័ព​រុស្ស៊ី​ ​នៅ​ក្នុង​តំបន់ Donbas ភាគ​ខាង​កើត​អ៊ុយក្រែន។
 
អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋ​អាមេរិក លោក John Kirby បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាននៅ​សេតវិមាន​នៅ​ថ្ងៃពុធ​ម្សិលមិញ​ថា ជំនួយ​យោធា​នោះរួម​មានឧបករណ៍​ដែល​មាន​តម្លៃ​ ៣៥០ លានដុល្លារ​ ដែល​ជា​ជំនួយ​ផ្ទាល់​របស់​កងទ័ព​អាមេរិក​ ដែល​រួម​មាន​កាំភ្លើង​ធំ ​Howitzers ចំនួន​ ១៨ គ្រឿង​ ដែល​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ គ្រាប់​ផ្លោង​ចំនួន ៣៦.០០០​ គ្រាប់ និង​រថពាសដែក​ចំនួន ១៨ គ្រឿង​សម្រាប់​សណ្តោង​កាំភ្លើង​ធំ​ទាំង​នោះ ព្រមទាំង​គ្រាប់រំសេវ​បន្ថែម​ និង​ឧបករណ៍​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ​
លោក Kirby បាន​ថ្លែង​ទៀត​ថា ជំនួយយោធា​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ​៦៥០ ​លាន​ដុល្លារ​ទៀត​នោះ​ ដែល​រួម​មាន​ប្រព័ន្ធ​ការ​ពារ​ឆ្នេរ​សមុទ្រ​ វិទ្យុ​ទាក់ទង​ ឧបករណ៍​កែវ​ឆ្លុះមើល​ពេលយប់​ និង​សម្ភារ​ដទៃ​ទៀត នឹង​ត្រូវ​ទិញ​ដោយក្រសួង​ការពារ​ជាតិ​អាមេរិក​ពី​រោងចក្រ​ផលិត​អាវុធ​ តាមរយៈ​យន្តការ​ផ្តល់​ថវិកា​ ដែលមាន​ឈ្មោះថា​ គំនិត​ផ្តួចផ្តើមជំនួយ​សន្តិសុខសម្រាប់​អ៊ុយក្រែន។
 
លោក​ Kirby ក៏​បាន​និយាយ​ផង​ដែរ​ថា​ សហរដ្ឋអាមេរិក​បាន​ផ្តល់ជំនួយ​មនុស្សធម៌​ដែលមាន​ទឹក​ប្រាក់​ប្រមាណ ៩១៤ លាន​ដុល្លារ​ទៅឱ្យ​ប្រទេស​អ៊ុយក្រែន​ ចាប់​តាំងរុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែនកាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​កន្លងទៅ​ ដែល​ក្នុង​នោះ​ក៏​មាន​ទឹកប្រាក់​បន្ថែម ២២៥ ​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​កន្លងមក​ ដោយប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden ផង​ដែរ។​ ​លោក​ប្រធានាធិបតី​អាមេរិក​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ថវិកា​ជំនួយ​ថ្មី​នេះ​នឹងប្រើប្រាស់​ទៅ​លើទឹក​ផឹក​ស្អាត​ដែល​មាន​សុវត្ថិភាព បរិក្ខារ​ពេទ្យ​ ការ​ថែរក្សា​សុខភាព ស្បៀងអាហារ​ ទីជម្រក និង​ប្រាក់​មួយ​ចំនួនសម្រាប់​ឱ្យ​ពលរដ្ឋ​អ៊ុយក្រែន​ទិញរបស់របរ​ចាំបាច់​នានា។
 
លោក Biden ថ្លែងថា៖ «ភាព​អង់អាច ភាព​ធន់ និង​ការ​តាំង​ចិត្ត​របស់ប្រជាជន​អ៊ុយក្រែន បន្ត​ជំរុញ​ទឹក​ចិត្ត​ដល់​ពិភពលោក​ទាំងមូល។ សហរដ្ឋអាមេរិក​ រួម​ជា​មួយ​នឹង​សម្ពន្ធមិត្តនិង​ដៃគូ​របស់​យើង​ នឹង​មិន​ស្ទាក់​ស្ទើរ​ចំពោះ​ការ​តាំង​ចិត្ត​របស់​ខ្លួន​ ដើម្បីជួយ​ដល់ប្រជាជន​អ៊ុយក្រែន​ ក្នុង​ការ​ប្រយុទ្ធដើម្បី​សេរីភាព​របស់​ពួកគេ​នោះ​ទេ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com