អន្តរជាតិ
ភាព​តានតឹង​ផ្ទៃក្នុង​ត្រូវ​បាន​​ដោះស្រាយ​នៅ​វេទិកា​នយោបាយ​ចម្បង​នៃ​តំបន់​ប៉ាស៊ីហ្វិក​​
18, Jun 2022 , 10:29 pm        
រូបភាព
លោក Henry Puna អគ្គលេខាធិការនៃវេទិកាតំបន់ដែនកោះប៉ាស៊ីហ្វិក (ស្តាំ) ថតរូបជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនមុនជំនួបនៅរដ្ឋធានីស៊ូវ៉ានៃប្រទេសហ្វ៊ីជី
លោក Henry Puna អគ្គលេខាធិការនៃវេទិកាតំបន់ដែនកោះប៉ាស៊ីហ្វិក (ស្តាំ) ថតរូបជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនមុនជំនួបនៅរដ្ឋធានីស៊ូវ៉ានៃប្រទេសហ្វ៊ីជី
ដោយ: VOA
ក្រុង SYDNEY - វេទិកា​តំបន់​ដែន​កោះ​ប៉ាស៊ីហ្វិក​ មាន​រដ្ឋ​សមាជិក​ចូល​រួម​សរុប​ចំនួន​១៨។ វេទិកា​នេះ​គ្រប​ដណ្ដប់​លើ​ក្រុម​វប្បធម៌​និង​ភូមិសាស្ត្រ​ចំនួន​៣ រួម​មាន​ មីក្រូណេស៊ី មេឡាណេស៊ី និង​ប៉ូលីណេស៊ី និង​ក៏​រួម​មាន​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់​ផង​ដែរ។ រដ្ឋ​សមាជិក​មួយ​ចំនួន​មាន​ទំនាក់​ទំនង​ការ​ទូតផ្លូវ​ការ​ជាមួយ​តៃវ៉ាន់​ ខណៈ​រដ្ឋខ្លះ​ទៀត​ទទួល​ស្គាល់​ចិន​ដីគោក។

 
ជា​យន្ត​ការ​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៧១ វេទិកា​តំបន់​ដែន​កោះ​ប៉ាស៊ីហ្វិក ​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​បែក​បាក់​ខ្វែង​គំនិត​គ្នា​ជុំវិញ​ជម្លោះ​ក្នុង​ចំណោម​មេដឹកនាំ​រដ្ឋ​ជា​សមាជិក​កាល​ពី​ឆ្នាំ​មុន ចំ​ពេល​ដែល​ទាំង​ចិន​ទាំង​អូស្ត្រាលី​សុទ្ធ​តែ​បាន​ឃ្មាតខ្មី​សម្រុក​បង្កើន​វត្តមាន​ការទូត​របស់​ពួក​គេ​រៀង​ខ្លួន​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។
 
រដ្ឋ​សហព័ន្ធ​មីក្រូណេស៊ី​បាន​ខឹងសម្បា​ដោយ​សារ​តែ​បេក្ខភាព​ដែល​ខ្លួន​បាន​ឧទ្ទេសនាមសម្រាប់​តំណែង​អគ្គលេខាធិការ​របស់​អង្គការ​ថ្នាក់​តំបន់​នេះ​ គឺលោក Gerald Zackios អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​កោះ​ម៉ាសាល់​និង​ជា​អតីត​ឯក​អគ្គ​រដ្ឋ​ទូត​ប្រចាំ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ត្រូវ​បានគេ​មើល​រំលង​ ហើយ​ជំនួស​មក​វិញ​នូវ​បេក្ខភាព​ អតីត​នាយក​រដ្ឋ​មន្ត្រី​កោះCook លោក Henry Puna សម្រាប់​តំណែង​ខាង​លើ។
 
យ៉ាង​ណា​ក៏​ដោយ ភាពបដិបក្ខ​ទាំង​អម្បាល​ម៉ាន​ខាង​លើ ហាក់​ត្រូវ​បាន​ផ្សះ​ផ្សា​អំឡុង​ជំនួប​មួយ​ក្នុង​ខែ​នេះ​រវាង​ក្រុម​មន្ត្រី​មក​ពី​ ហ្វ៊ីជី សាម័រ កោះCook រដ្ឋ​សហព័ន្ធ​មីក្រូណេស៊ី ប៉ាឡៅ និង​កោះ​ម៉ាសាល់។ រដ្ឋ​ទាំង​នេះ​បាន​ព្រមព្រៀង​គ្នា​ធ្វើ​កំណែ​ទម្រង់​ដែល​ចាំ​បាច់​ត្រូវ​តែ​ទទួល​ការ​ផ្ដល់​សច្ចាប័ន​ពី​សំណាក់​រដ្ឋ​ជា​សមាជិក​ទាំង​អស់​នៃ​វេទិកា​តំបន់​ដែន​កោះ​ប៉ាស៊ីហ្វិក​ អំឡុង​កិច្ច​ប្រជុំបន្ទាប់​នា​ថ្ងៃ​អនាគត។
 
អំឡុង​ដំណើរ​ទស្សន​កិច្ច​ក្នុង​ពេល​ថ្មីៗ​នេះ​ទៅ​កាន់​តំបន់​ប៉ាស៊ីហ្វិក លោក​រដ្ឋមន្ត្រី​ការ​បរទេស​ចិន Wang Yi បាន​បាន​ខក​ខាន ក្នុង​ការ​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​រួម​មួយ​គ្រប​ដណ្ដប់​លើ​ផ្នែក​ពាណិជ្ជកម្ម​និង​សន្ដិសុខ​ជាមួយ​ប្រទេស​ដែន​កោះ​ទាំង​១០ ដោយ​សារ​តែ​មាន​ក្ដី​បារម្ភនានា​ថា​ ដំណើរការ​តាក់​តែង​កិច្ច​ព្រមព្រៀង​នេះ​ហាក់​ត្រូវ​បាន​សម្រុក​ធ្វើ​ដោយ​តក់​ក្រហល់​ពេក។ បណ្ដា​មេដឹកនាំ​មួយ​ចំនួនថែម​ទាំង​បាន​ស្នើ​ឱ្យ​យកពង្រាង​កិច្ច​ព្រម​ព្រៀង​អន្តរ​ជាតិ​ខាង​លើ​ជាមួយ​ចិន មក​ដាក់​លើ​តុ​ជជែក​ដេញ​ដោល​នៅ​វេទិកា​តំបន់​ដែន​កោះ​ប៉ាស៊ីហ្វិក​ថែម​ទៀត​ផង។
 
ថ្លែង​ប្រាប់​ វិទ្យុ​នូវែលហ្សេឡង់ (Radio New Zealand) អ្នកស្រី Anna Powles សាស្ត្រាចារ្យ​ជាន់​ខ្ពស់ផ្នែក​ការសិក្សា​កិច្ចការ​សន្ដិសុខ​ នៅ​សាកល​វិទ្យាល័យ​ Massey បាន​លើក​ឡើង​ថា​ គេ​មិន​គួរ​មើល​ស្រាល​ជំនាញ​ឯក​ទេស​ការ​ទូត​របស់​បណ្ដា​មេដឹកនាំ​តំបន់​ប៉ាស៊ីហ្វិក​នោះ​ទេ។
 
អ្នកស្រី Anna Powles ថ្លែង​ថា៖ «ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី Wang Yi ពិត​ជា​បាន​បង្ហាញ​ទាំង​អំពី​ជម្រៅ​ជ្រាល​ជ្រៅ​នៃ​ទំនាក់ទំនង​ដែល​ចិន​មាន​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​[ជាមួយ​រដ្ឋ​សមាជិក​នីមួយៗ] និង​ក៏​ដូច​ជា​ការ​ស្រវា​បោះ​ដៃ​ហួស​កម្រិត​ និង​ការ​ជឿជាក់​ជ្រុល​ហួស​ហេតុ​របស់​ចិន លើ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ខិត​ខំ​សម្រេច​កិច្ច​ការ​លើ​កម្រិត​ពហុភាគី។ ការណ៍​នេះ​ស​បញ្ជាក់​អំពី​ភាព​ប៉ិន​ប្រសប់​ផ្នែក​ដឹកនាំ​រដ្ឋក្នុង​តំបន់​ប៉ាស៊ីហ្វិក ​ពេល​ដែល​បណ្ដា​មេដឹកនាំ​នានា​នៅ​ទី​នោះ​បាន​ទាញ​យក​ប្រៀបផល​ប្រយោជន៍​នយោបាយ​ភូមិសាស្ត្រ​ក្នុង​តំបន់​នេះ»។
 
តែ​លោក Wang Yi យ៉ាង​ហោច​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ជាមួយ​បណ្ដា​ប្រទេស​ដែន​កោះ​មួយចំនួន​ អំឡុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក រួម​មាន​ គិរីបាទី និង​សាម័រ​ ជាដើម។
 
នា​ដើម​ឆ្នាំ​នេះ ទីក្រុង​ប៉េកាំង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្នែក​សន្ដិសុខ​មួយ​ជាមួយ​កោះ Solomons ដែល​ស្ថិត​នៅ​ខាង​ឦសាន​ប្រទេស​អូស្ត្រាលី ដើម្បី​បង្កើន​កម្រិត​ឆ្លើយ​តប​ទៅនឹង​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ​ និង​ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់​ផ្ទៃ​ក្នុង​ប្រទេស​ក្នុង​ដែន​ប្រជុំ​កោះ​Melanesian មួយ​នេះ​ ដែល​ជាប់សាវតា​កើតចលាចល​ហិង្សា​ក្នុង​ប្រទេស។
 
ប្រទេស​អូស្តា្រលី​និង​សម្ពន្ធមិត្ត​ព្រួយបារម្ភ​ថា​កិច្ចព្រម​ព្រៀង​នេះ ​នឹង​អនុញ្ញាត​ឱ្យ​ចិន​បង្កើត​ទីតាំងយោធា​ជា​យុទ្ធសាស្ត្រ​ក្នុងតំបន់។
 
ជា​ការ​ឆ្លើយ​តប ភ្លាម​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃទី២១​ខែ​ឧសភា​កន្លង​ទៅ​ រដ្ឋាភិបាល​ឆ្វេង​និយម​កណ្ដាល​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​នៃ​ទីក្រុង​កង់បេរ៉ា របស់អូស្ត្រាលី​ បាន​ពង្រីក​កិច្ច​ប្រឹងប្រែង​ផ្នែក​ការ​ទូត​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ជាមួយ​នឹង​ការ​សន្យា​ថា​នឹង​នាំការ​អនុវត្ត​សកម្ម​ភាពកាន់​តែ​ច្រើន​បន្ថែម​ទៀត​លើ​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ សន្ដិសុខ និង​ជំនួយ។
 
ក្រុម​អ្នក​វិភាគ​បាន​ជឿជាក់​ថា សតិអារម្មណ៍​ដែល​កំពុង​មាន​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​ទាំង​១៨​នៃ​វេទិកា​តំបន់​ដែន​កោះ​ប៉ាស៊ីហ្វិក​នោះ​គឺ​ថា ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ផ្ទៃ​ក្នុង​តំបន់​នឹង​នាំ​មក​ឱ្យ​វេទិកា​នេះនូវ​ភាព​ខ្លាំង​ក្លា​ជាង​មុន​ និង​ស្មារតី​រួប​រួម​ជាង​មុន ដើម្បី​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​លើ​មហិច្ឆតា​របស់​ប្រទេស​ចិន​ និង​លើ​ពាក្យ​សន្យា​របស់​អូស្ត្រាលី​ថា​នឹង​ធ្វើ​សកម្ម​ភាព​ជាង​មុន​លើ​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ៕
 
ប្រែសម្រួល​ដោយ​ អូន ឆេងប៉រ
 

© រក្សាសិទ្ធិដោយ thmeythmey.com