អន្តរជាតិ
អាមេរិកបដិសេធការលើកឡើងរបស់ចិន ដោយនិយាយថាច្រកសមុទ្រតៃវ៉ាន់ជាផ្លូវទឹកអន្តរជាតិ នាវាចម្បាំងលំដាប់ Arleigh Burke-class ឈ្មោះ USS Kidd និងនាវាចម្បាំងឆ្មាំសមុទ្រអាមេរិក Munroឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន់
× វ៉ាស៊ីនតោន - សហរដ្ឋអាមេរិកកាលពីដើមសប្តាហ៍កន្លងមក បានគាំទ្រដល់ការលើកឡើងរបស់កោះតៃវ៉ាន់ ដែលថាច្រកសមុទ្រដែលខណ្ឌដែនកោះមួយនេះជាមួយនឹងចិនដីគោកនោះ គឺជាផ្លូវទឹកអន្តរជាតិ ដែលនេះគឺជាការច្រានចោលនូវការអះអាងរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការអនុវត្តនូវអធិបតេយ្យភាពរបស់ខ្លួនទៅលើច្រកចេញចូលជាយុទ្ធសាស្ត្រមួយនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ច្រកសមុទ្រតៃវ៉ាន់បានក្លាយជាប្រភពនៃភាពតានតឹងខាងយោធាជាញឹកញាប់ ក្រោយពីរដ្ឋាភិបាលសាធារណរដ្ឋចិនបានចាញ់សង្គ្រាមស៊ីវិលជាមួយក្រុមកុម្មុយនីស្ត ហើយបានរត់ទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ និងបានបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅលើកោះនោះ ចាប់តាំងពីពេលនោះមក។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នាវាចម្បាំងសហរដ្ឋអាមេរិកមួយចំនួន និងម្តងកាលមាននាវាចម្បាំងមកពីក្រុមសម្ពន្ធមិត្ត ដូចជាអង់គ្លេស និងកាណាដាជាដើម បានបើកឆ្លងកាត់ទីនោះ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង មានការខឹងសម្បា។
កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងការបរទេសចិននិយាយថា ប្រទេសខ្លួនមានអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ និងដែនយុត្តាធិការទៅលើច្រកសមុទ្រតៃវ៉ាន់ ហើយបានហៅថាជាការអះអាងខុស នៅពេលប្រទេសមួយចំនួន បានហៅច្រកសមុទ្រតៃវ៉ាន់នេះ ថាជាដែនទឹកអន្តរជាតិនោះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បាននិយាយតាមសារអ៊ីមែលផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ថា ច្រកសមុទ្រតៃវ៉ាន់គឺជាផ្លូវទឹកអន្តរជាតិ ដែលមានន័យថា ច្រកនេះគឺជាតំបន់មួយដែលអាចធ្វើសកម្មភាពដោយសេរីនៅលើសមុទ្រនេះ ដែលក្នុងនោះរួមមានទាំងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើររំលងពីលើផងដែរយោងតាមច្បាប់អន្តរជាតិ»។
លោកថ្លែងបន្ថែមទៀតថា ពិភពលោក«មានផលប្រយោជន៍ជាអចិន្ត្រៃយ៍ទៅលើសន្តិភាព និងស្ថិរភាព នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយយើងចាត់ទុកថា វាមានសារៈសំខាន់ទៅលើសន្តិសុខនិងវិបុលភាពរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដ៏ទូលំទូលាយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com