អន្តរជាតិ
សៀវភៅ​ថ្មី​មួយ​ពិនិត្យ​មើល​លទ្ធភាព​សង្គ្រាម​រវាង​ចិន ​និង​អាមេរិក​អំពី​កោះ​តៃវ៉ាន់
22, Jun 2022 , 10:29 pm        
រូបភាព
ដោយ: VOA
អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​ដ៏​សំខាន់​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ សហ​រដ្ឋ​អាមេរិក​ បាន​និយាយ​ថា​ សហ​រដ្ឋ​អាមេរិក​កំពុង​ត្រៀម​ខ្លួន​ហក់​ចូល​ទៅ​ក្នុង​ជម្លោះ​ដ៏​ខុស​ឆ្គង​មួយ​ក្នុង​ករណី​ប្រទេស​ចិន​ឈ្លានពាន​កោះ​តៃវ៉ាន់​នោះ។​

 
នៅ​ក្នុង​សៀភៅ​ថ្មី​មួយ​ ឈ្មោះ​«ការពារ​កោះ​តៃវ៉ាន់»​ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អាមេរិក​គឺ​ American Enterprise Institute អះ​អាង​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ទស្សន៍​ទាយ​ខុស​អំពី​សង្គ្រាម​ភូមិសាស្ត្រ​នយោបាយ​រយៈ​ពេល​ខ្លី​មួយ​ ទៅ​លើ​កោះ​តៃវ៉ាន់​ ក្នុង​ករណី​ប្រទេស​ចិន​ចូល​ឈ្លាន​ពាន​កោះតៃវ៉ាន់​នោះ។ ផ្ទុយ​ទៅវិញ​ អ្នក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​នេះ​និយាយ​ថា​ ​ផែន​ការ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​គួរ​ពិចារណា​អំពី​ជម្លោះ​រយៈ​ពេល​យូរ។​
 
«នៅ​ក្នុង​សភាព​ការណ៍​ (សេណារីយ៉ូ) ​ដ៏​ព្រួយ​បារម្ភ​បំផុត​នោះ​ គឺ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ទៅ​លើ​កោះតៃវ៉ាន់​ដ៏​ភ្ញាក់​ផ្អើល​ គឺ​មិន​គ្រាន់​តែ​វាយ​ប្រហារ​ទៅ​លើ​ប្រព័ន្ធ​ការពារ​របស់​តៃវ៉ាន់​ប៉ុណ្ណោះ​ទេ ​ តែ​ក៏វាយ​ប្រហារ​ទៅ​លើ​កម្លាំង​អាកាស​ និង​កងទ័ពជើង​ទឹក​អាមេរិក​នៅ​មូលដ្ឋាន​យោធា​ធំៗ​ពីរ​បី​កន្លែង​ នៅ​ភាគ​ខាង​លិច​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នោះ​ដែរ»។​ ​នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​២​រូប​របស់​វិទ្យាស្ថាន​នេះ​ គឺ​លោក​ Hal Brands​ និង លោក​ Michael Beckley ​ ដែល​សិក្សា​វាយ​តម្លៃ​ថា ជម្លោះ​រវាង​ចិន​ និង​អាមេរិក​នៅ​ក្នុង​ភាគ​ខាងលិច​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នឹង​មិន​អាច​បញ្ចប់​ឆាប់ៗ​នោះ​ទេ។​
 
អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ គោល​នយោបាយ​របស់​អាមេរិក​មាន​លទ្ធភាញ​បង្ការ​ជម្លោះ​យោធា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ ខណៈ​ត្រៀម​ខ្លួន​សម្រាប់​គ្រា​អាសន្ន​ ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​ប្រទេស​ចិន។​
 
ថ្មីៗ​នេះ​ មន្ត្រី​ជាន់ខ្ពស់​អាមេរិក​មួយ​ចំនួន​នៃ​រដ្ឋបាល​របស់​លោក​ Joe Biden​ បាន​ក្រើន​រំឭក​ជា​ច្រើន​លើក​ច្រើន​សារ​អំពី​ការ​ប្រើ​ប្រាស់​កម្លាំង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ផ្លាស់​ប្តូរ​ស្ថាន​ភាព​នៅ​កោះ​តៃវ៉ាន់។​
 
ការ​ស្ទង់​មតិ​ជា​ច្រើន​បង្ហាញ​ថា​ ​នៅ​ពេល​នេះ​ ពលរដ្ឋ​អាមេរិកកាំង​ភាគ​ច្រើន​តិចតួច​ប៉ុណ្ណោះ​គាំទ្រ​ឱ្យ​ការពារ​កោះ​តៃវ៉ាន់​ ប្រសិន​បើ​ប្រទេស​ចិន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​កោះ​នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com