ជាតិ
ប្រេសិតប្រធានអាស៊ាន នឹងទៅមីយ៉ាន់ម៉ា ជាលើកទី២ ដើម្បីតាមដានការអនុវត្តកិច្ចព្រមព្រៀង៥ ចំណុច
28, Jun 2022 , 3:39 pm        
រូបភាព
ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងទៅទស្សនកិច្ចផ្លូវការ ជាលើកទី២ នៅមីយ៉ាន់ម៉ា ដើម្បីតាមដានការអនុវត្តកិច្ចព្រមព្រៀង៥ ចំណុច។ លោក ប្រាក់ សុខុន នឹងទៅមីយ៉ាន់ម៉ា ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ។


ដំណើរទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។ 
 
ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន លើកនេះ ក៏ដើម្បីរួមចំណែកបង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការសន្ទនានយោបាយ ប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។
 
លោក ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួន អមដំណើរប្រេសិតប្រធានអាស៊ាន។
 
គួរបញ្ជាក់ថា លោក ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ ក្នុងដំណើរទស្សនកិច្ចគ្រានោះ ប្រេសិតប្រធានអាស៊ាន បានជួបពិភាក្សាជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ផងដែរ ប៉ុន្តែមិនបានជួបលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកនយោបាយប្រឆាំងមីយ៉ាន់ម៉ាឡើយ។
 
ក្នុងកិច្ចពិភាក្សាគ្នាជាមួយលោក មីន អ៊ុងឡាំង នៅមីយ៉ាន់ម៉ាលើកដំបូងនោះ លោក ប្រាក់ សុខុន បានលើកពីការអនុវត្តតាមចំណុចឯកច្ឆ័នទាំង៥ចំណុច របស់អាស៊ានលើវិបត្តិនយោបាយមីយ៉ាន់ម៉ា រួមមាន៖ ទី១៖ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា  ត្រូវបញ្ឈប់ជាបន្ទាន់ ហើយគ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់បំផុត។ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ដល់ប្រជាជន។
 
ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន AHA។ ទី៥៖ បេសកជនពិសេស និងគណៈប្រតិភូ ត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។
 
 
បើតាមចំណុចទាំងនេះ មានការវិវត្តតែ៣ចំណុចប៉ុណ្ណោះ គឺចំណុចបញ្ឈប់អំពើហិង្សា, ដំណើការរបស់ប្រេសិតអាស៊ាន ក្នុងការស្វែងរកកិច្ចសន្ទនា និងការផ្ដល់ជំនួយមនុស្សធម៌។ នេះបើតាមការវាយតម្លៃលោក ប្រាក់ សុខុន ក្រោយបញ្ចប់ដំណើរទស្សនកិច្ច៕
 
 

Tag:
 ប្រាក់ សុខុន
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com