អន្តរជាតិ
អាមេរិក​ជឿជាក់​ថា​ ចិន​នៅ​តែ​សង្ឃឹម​ដណ្តើម​យក​តៃវ៉ាន់​ដោយ​មិន​ប្រើ​កម្លាំង
02, Jul 2022 , 8:30 am        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ លោក Tsai Ing-wen បាននិយាយជាមួយបុគ្គលិកយោធានៅជិតយន្តហោះដែលចតនៅលើផ្លូវហាយវេក្នុងទីក្រុង Jiadong កោះតៃវ៉ាន់
ប្រធានាធិបតីតៃវ៉ាន់ លោក Tsai Ing-wen បាននិយាយជាមួយបុគ្គលិកយោធានៅជិតយន្តហោះដែលចតនៅលើផ្លូវហាយវេក្នុងទីក្រុង Jiadong កោះតៃវ៉ាន់
ដោយ: VOA
ការ​បារម្ភ​ថា ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នឹង​ជំរុញ​ឱ្យ​ចិន​ចាត់​វិធាន​ការ​ស្រដៀង​គ្នា​លើ​តៃវ៉ាន់​នោះ​ ​ហាក់ដូច​ជា​មិន​ទំនង​ទេ​ យ៉ាងហោច​ណាស់​ក៏​មិន​ទាន់​ធ្វើ​នៅ​ពេល​នេះ​ដែរ។ ​នេះ​បើយោង​តាម​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​កំពូល​របស់​សហ​រដ្ឋ​អាមេរិក។


នាយក​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​លោកស្រី​ Avril Haines ​បាន​ប្រាប់​ទស្សនិក​ជន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា​ ប្រធានាធិបតី​ចិន​លោក ​Xi Jinping​ «មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ ការ​បង្រួប​បង្រួម​តៃវ៉ាន់​ជា​គោល​ដៅ​របស់​លោក»។​លោកស្រី​បន្ថែម​ថា​ លោក​ Xi​ «បន្ត​ចង់​បាន​ដោយ​សន្តិវិធី​ ផ្ទុយ​ពី​ការ​ប្រើប្រាស់​កម្លាំង​យោធា»។​
 
លោកស្រី​Haines ​បាន​បន្ថែម​ថា​ «មិន​មាន​ការ​ចង្អុល​បង្ហាញ​ថា​ គាត់​កំពុង​មាន​បំណង​យក​កោះ​តៃវ៉ាន់​ដោយ​កម្លាំង​យោធា​ទេ​ ទោះបី​ជា​គាត់​កំពុង​រៀបចំ​ផែន​ការ​ជា​សក្តានុពល​ក៏​ដោយ»។​ មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​របស់​សហ​រដ្ឋ​អាមេរិក​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​កើន​ឡើង​នៃ​ការ​ឈ្លានពាន​របស់​ចិន​នៅ​ក្នុង​និង​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង ​និង​កោះ​តៃវ៉ាន់​ និង​ការ​បង្កើន​កម្លាំង​យោធា​គឺ​ធំជាង​អ្វី​ដែល​ធ្លាប់​បាន​ឃើញ​ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ។​
 
ក្តីបារម្ភ​ទាំង​នោះ​ត្រូវ​បាន​បន្ទរ​កាល​ពី​ថ្ងៃពុធ​ដោយ​អង្គការ​អូតង់​ ដែល​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថា​ «សម្លុត​ប្រទេស​ជិតខាង ​និង​គំរាម​កំហែង​តៃវ៉ាន់»។ ​អគ្គ​លេខាធិការ​អង្គការ​អូតង់​ លោក ​Jens Stoltenberg ​បាន​និយាយ​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​របស់​សម្ព័ន្ធ​ភាព​នេះនៅ​ទីក្រុង​ម៉ាឌ្រីដ​ប្រទេស​អេស៉្បាញ​ថា​ «ប្រទេស​ចិន​មិន​មែន​ជា​សត្រូវ​របស់​យើង​ទេ​ ប៉ុន្តែ​យើង​ត្រូវ​តែមើល​ឱ្យ​ច្បាស់​អំពី​បញ្ហា​ប្រឈម» ។​
 
លោក​បាន​បន្ថែម​ថា ​«យើង​មើល​ឃើញ​ភាព​ជាដៃ​គូ​ជា​យុទ្ធ​សាស្ត្រ​កាន់តែ​ស៊ីជម្រៅ​រវាង​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ហើយ​ការ​ទាមទារ​កាន់​តែ​ខ្លាំង​ឡើង​និង​គោល​នយោបាយ​បង្ខិត​បង្ខំ​របស់​ប្រទេស​ចិន​មាន​ផល​វិបាក​សម្រាប់​សន្តិសុខ​នៃ​សម្ព័ន្ធមិត្ត ​និង​ដៃគូ​របស់​យើង»។​ ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក​កាលពី​ថ្ងៃពុធ​បាន​ដាក់​ការ​រឹតបន្តឹង​លើ​ការ​នាំ​ចេញ​លើ​ក្រុមហ៊ុន​ចិន​ចំនួន​ប្រាំ​សម្រាប់​ការ​ផ្តល់​ការ​គាំទ្រ​ទាក់ទង​នឹង​យោធា​ដល់​ប្រទេស​រុស្ស៊ី។​
 
នៅ​ពេល​គេ​សួរ​អំពី​ការ​រឹតបន្តឹង​នេះ ​ លោកស្រី​Haines ​បាន​បន្ទរ​ពី​កង្វល់​នេះ។​ លោកស្រី​បាន​និយាយ​ថា​ «ពួកគេ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ជាសាធារណៈ​ថា​ មិន​ប្រកាន់​ជំហរ​រិះ​គន់​រុស្ស៊ី​ទេ។ ប៉ុន្តែ​ក្នុង​ពេល​តែមួយ​អ្វី​ដែល​យើង​ឃើញ​គឺ​ថា​ ពួកគេ​កំពុង​ជួយ​រុស្ស៊ី​តាម​របៀប​ផ្សេងៗ​គ្នា​នៅពី​ក្រោយ​ឆាក»។​ មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ផ្សេង​ទៀត​បាន​និយាយ​ពី​មុន​ថា​ មិន​មាន​ភស្តុតាង​អំពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ចិន​ដោយ​ផ្ទាល់​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​នោះ​ទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com