ជាតិ
ក្រសួងការងារ៖ អតីតបុគ្គលិកណាហ្គាវើល៤រូបទៀត ព្រមទទួលសំណង
03, Jul 2022 , 5:20 pm        
រូបភាព
បុគ្គលិកណាវើលដ៍ តវ៉ានៅថ្ងៃទី២៧មិថុនា ឆ្នាំ២០២១។ រូបដោយ វតី
បុគ្គលិកណាវើលដ៍ តវ៉ានៅថ្ងៃទី២៧មិថុនា ឆ្នាំ២០២១។ រូបដោយ វតី
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា អតីតបុគ្គលិកណាហ្គាវើលដ៍៤រូប បានយល់ព្រមទទួលប្រាក់សំណង បញ្ជប់ការងារជាមួយក្រុមហ៊ុន ស្របតាមច្បាប់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញល្ងាចថ្ងៃទី២ កក្កដា។

 
ក្រសួងការងារអះអាងថា អ្នកជំនាញរបស់ខ្លួន បានផ្ទៀងផ្ទាត់ទូទាត់ប្រាក់បំណាច់ កិច្ចសន្យាការងារចំនួន៤ចំណុច រវាងភាគីបុគ្គលិក៤រូប និងក្រុមហ៊ុនណាហ្គាវើលដ៍ ស្របតាមច្បាប់ត្រឹមត្រូវហើយ។ 
 
«អតីតបុគ្គលិក៤រូប បន្ថែមទៀត ក្នុងចំណោមអតីតបិគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយ…»។ នេះបើតាមក្រសួងការងារ ដោយបញ្ជាក់ថា បច្ចុប្បន្ននៅសល់អតីតបុគ្គលិកណាហ្គាវើលដ៍១៦៨នាក់ប៉ុណ្ណោះ ដែលមិនទាន់យល់ព្រមទទួលសំណង។ 
 
ក្នុងតំណោមបុគ្គលិកដែលមិនព្រមទទួលសំណងទាំង៣៧៣នាក់ មាន២០៥នាក់ហើយ ព្រមទទួលសំណងនិងទូទាត់ប្រាក់បំណាច់ពីក្រុមហ៊ុនណាហ្គាវើ់លដ៍។ 
 
ជុំវិញ ការយល់ព្រមទទួលយកសំណងខាងលើនេះ ខាងសារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបព័ត៌មានលម្អិតពី កញ្ញា ឈឹម ស៊ីធរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលបានឡើយ។ 
 
ដើមឡើយក្រុមហ៊ុនណាហ្គាវើលដ៍បានប្រកាសបញ្ឈប់បុគ្គលិកជាង១៣០០នាក់ កាលពីអំឡុងចុងខែមេសា ឆ្នាំ២០២១។ អំឡុងពេលនោះ មានបុគ្គលិករាប់រយអ្នកបានតវ៉ា និងមិនពេញចិត្ត។ លុះដល់ចុងឆ្នាំ២០២១ ថ្ងៃទី១៨ធ្នូ បុគ្គលិកណាហ្គាវើលដ៍ បានចេញតវ៉ា រហូតដល់បច្ចុប្បន្ន ដើម្បីឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣៧៣នាក់ ចូលបម្រើការងារវិញ។ ប៉ុន្តែការតវ៉ានេះ ពុំទទួលបានផ្លែផ្កាឡើយ រហូតដល់មានការចាប់ខ្លួនក្រុមអ្នកតវ៉ាជាបន្តបន្ទាប់ រួមទាំងពេលនេះ មានការប៉ះទង្គិចគ្នាសឹងគ្រប់ពេលជាមួយអាជ្ញាធរ នៅពេលពួកគេប្រមូលមុំគ្នាជាទ្រង់ទ្រាយធំឬព្យាយាមទៅតវ៉ាក្បែរក្រុមហ៊ុន៕ 
 

Tag:
 ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com