ជាតិ
សេដ្ឋកិច្ច
មន្រ្តីជំនាញប្រាប់ឱ្យប្រយ័ត្ននឹងតំណភ្ជាប់នៅលើបណ្តាញទំនាក់ទំនងសង្គម
06, Jul 2022 , 10:59 pm        
រូបភាព
ដោយ ៖ ធន់ សេងហុង 
 
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cycer Crime Department ) បានប្រាប់សាធារណជន ដែលកំពុងប្រើប្រាស់បណ្តាញសង្គម ឱ្យប្រុងប្រយ័ត្ននឹងតំណភ្ជាប់ ដែលជនខិលខូចប្រើមក ដើម្បីលួចយកព័ត៌មានពីជនរងគ្រោះ។ នេះបើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នាថ្ងៃទី០៦ ខែកក្កដា។


នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) បានរកឃើញថា មួយរយៈចុងក្រោយនេះ មានការលួចយកឈ្មោះសម្គាល់និងលេខសម្ងាត់ តាមរយៈការផ្ញើសារដែលមានតំណភ្ជាប់ តាមរយៈកម្មវិធី Messenger បានកើនឡើង។
 
ACCD បានបន្តថា ល្បិចកលបោកបញ្ឆោតនេះ ត្រូវបានក្រុមជនខិលខូច ផ្ញើរសារតាមរយៈកម្មវិធី Messenger របស់មិត្តភក្តិជនរងគ្រោះ ដែលពួកគេបានលួចចូលទៅប្រើប្រាស់។ ម្យ៉ាងវិញទៀត ជនខិលខូចក៏បានភ្ជាប់មកជាមួយនូវពាក្យពេចន៍ថា ពួកគេបានរកឃើញរូបភាពចាស់ៗរបស់ជនរងគ្រោះ «look i found an old photo of you» ដើម្បីទាក់ទាញអារម្មណ៍របស់ជនរងគ្រោះ។នេះជាការលើកឡើងបន្ថែមរបស់ ACCD ។ 
 
«នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះ វានឹងបើកគេហទំព័រមួយដែលទាមទារឱ្យជនរងគ្រោះវាយបញ្ចូល ឈ្មោះសម្គាល់និងលេខសម្ងាត់ សម្រាប់ចូលទៅក្នុងគណនីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក  ដែលនេះជាឱកាសដែលពួកគេលួចយកព័ត៌មានដើម្បីចូលទៅក្នុងគណនីរបស់ជនរងគ្រោះ»។ នេះបើតាម ACCD។
 
ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានេះ ACCD បានប្រាប់ទៅដល់សាធារណជន ដែលកំពុងប្រើប្រាស់បណ្តាញសង្គម កុំចុចនៅលើតំណភ្ជាប់ទាំងឡាយណា តាមរយៈសារ ឬអ៊ីម៉ែល។ ជាងនេះទៅទៀត សូមកុំវាយបញ្ចូលឈ្មោះសម្គាល់ ឬលេខសម្ងាត់ទៅក្នុងគេហទំព័រណា ដែលមានតំណភ្ជាប់ពីបណ្ដាញទំនាក់ទំនងសង្គម៕
 

Tag:
 ACCD
© រក្សាសិទ្ធិដោយ thmeythmey.com