អន្តរជាតិ
លោក ចនសុន នឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជន ស្របពេលមានព័ត៌មានចុះចេញពីតំណែង
07, Jul 2022 , 4:58 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីបូរីស ចនសុន នឹងលាលែងពីតំណែងប្រធានបក្សអភិរក្សកំពុងកាន់អំណាច ដែលវានឹងបើកផ្លូវដល់ការរើសប្រធានបក្ស និងនាយករដ្ឋមន្រ្តីថ្មីផងដែរ។ មន្រ្តីការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានបញ្ជាក់បែបនេះ នៅថ្ងៃទី៧ ខែកក្កដា។ លោក ចនសុន​ ក៏នឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជននៅថ្ងៃទី៧ ខែកក្កដាផងដែរ។

 
ដោយរងសម្ពាធខ្លាំងពីផ្ទៃក្នុងបក្ស លោក បូរីស ចនសុន នឹងលាលែងពីតំណែងប្រធានបក្សអភិរក្ស ស្របពេលមានរឿងអាស្រូវជាច្រើនករណី។ បើតាមសារព័ត៌មាន BBC លោក ចនសុន នឹងបន្តកាន់តំណែងនាយករដ្ឋមន្រ្តី រហូតបក្សកាន់អំណាចរើសប្រធានថ្មីបាន ដែលនឹងបន្តស្នងតំណែងនាយករដ្ឋមន្រ្តីតែម្ដង។ 
 
ការចុះចេញពីតំណែងនេះ ធ្វើឡើងបន្ទាប់ពីសមាជិករដ្ឋាភិបាលអង់គ្លេស ជាច្រើនរូប បានដើរចេញពីតួនាទីរបស់ខ្លួនជាបន្តបន្ទាប់ និងអំពាវនាវឱ្យលោកចនសុន ចុះចេញពីតំណែងដែរ។​
 
«លោកនាយករដ្ឋមន្រ្តីនឹងធ្វើសេចក្តីថ្លែងការណ៍ទៅកាន់ប្រទេសនៅក្នុងថ្ងៃនេះ»។ អ្នកនាំពាក្យការិយាល័យ Downing Street បានបញ្ជាក់បែបនេះ។ 
 
កន្លងមក លោកចនសុន បានបដិសេធក្នុងការចុះចេញពីតំណែង ក្រោមហេតុផលអាណត្តិរបស់លោកមិនទាន់អស់។ ប្រមុខរដ្ឋាភិបាលអង់គ្លេស មានរឿងអាស្រូវដូចជា ការបំពានច្បាប់អំឡុងការបិទខ្ទប់អំឡុងការរាលដាលជំងឺកូវីដ-១៩​ ក្នុងឆ្នាំ២០២១, ការការពារសមាជិកសភាម្នាក់​ដែលបាន​បំពានច្បាប់បញ្ចុះបញ្ចូល និងការតែងតាំងតំណាងរាស្រ្ត​ម្នាក់ដែលមានពាក់ព័ន្ធរឿង​អាស្រូវ​ផ្លូវភេទ៕ 
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com