ជាតិ
សង្គមជាតិ
៦ខែ គ្រោះថ្នាក់ចរាចរណ៍ ឆក់ជីវិតមនុស្ស និងរបួសជាង៣ពាន់នាក់ ភាគច្រើនអ្នកជិះម៉ូតូ
07, Jul 2022 , 5:29 pm        
រូបភាព
គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០៦ ខែកក្កដា បណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ រូបភាពពីគេហទំព័រ អគ្គស្នងការដ្ឋាននគរបានជាតិ។
គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០៦ ខែកក្កដា បណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ រូបភាពពីគេហទំព័រ អគ្គស្នងការដ្ឋាននគរបានជាតិ។
ភ្នំពេញ៖ ៦ខែ ក្នុងឆ្នាំ២០២២នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ១ ៦០៩លើក បណ្ដាលឱ្យមនុស្សស្លាប់ចំនួន៩៤២នាក់ និងរបួសធ្ងន់ស្រាលចំនួន ២ ២៣៥នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។


 
យោងតាមប្រភពដដែល ក្នុងចំណោមគ្រោះថ្នាក់កើតឡើងសរុប ១ ៦០៩លើក ក្នុងនោះរាជធានីភ្នំពេញមានតួលេខខ្ពស់ជាងគេគឺ ៤៥៨លើក។ បន្ទាប់មកខេត្តកណ្ដាលគ្រោះថ្នាក់ចំនួន ១១៧លើក, ខេត្តព្រះសីហនុចំនួន ៩៧លើក និង ៩៣៧លើកតាមបណ្ដាខេត្តនានា។ 
 
ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ជាង ១៦០៩លើកនេះ ដោយសារបើកបរហួសល្បឿនកំណត់ ៣៨ភាគរយ, បើកបរមិនគោរពសិទ្ធិ២៤ភាគរយ, មិនប្រកាន់ស្តាំ១១ភាគរយ, វ៉ាជែងភាគរយ, បត់១០ភាគរយ, ស្រវឹង៣ភាគរយ, កត្តាយាន២ភាគរយ, និងងងុយ១ភាគរយ។ 
 
ដោយឡែកអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាង៩០០នាក់ អ្នកនោះមាន៨១ភាគរយ ស្មើនឹង៧៥៩នាក់ ជាអ្នកបើកបរម៉ូតូ។ ក្នុងចំណោមអ្នកបើកបរម៉ូតូគ្រោះថ្នាក់ស្លាប់នេះ មាន៥៥៨នាក់ ឬស្មើនឹង៧៤ភាគរយ មិនបានពាក់មួកសុវត្ថិភាព។ 
 
សម្រាប់តួលេខគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ក្នុងឆ្នាំ២០២២នេះ កើនឡើង២៨ភាគរយ ស្មើ៣៤៨លើក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១កន្លងទៅ  ។ ចំណែកអ្នកស្លាប់វិញកើនឡើងចំនួន ២៣៣ ឬកើនឡើង ៣៣ភាគរយ។ រីឯចំនួនអ្នករងរបួសក៏កើនឡើងចំនួន ៤៤៣នាក់ ឬកើនឡើង២៥ភាគរយ៕
 

Tag:
 ThmeyThmey25
  គ្រោះថ្នាក់ចរាចរណ៍
  ឆមាសទី១ឆ្នាំ២០២២
© រក្សាសិទ្ធិដោយ thmeythmey.com