ជាតិ
លោក អៀង ម៉ូលី៖ អ្នកកើតជំងឺអេដស៍ភាគច្រើនបុរសរួមភេទនឹងបុរស នាពេលចុងក្រោយនេះ
07, Jul 2022 , 7:59 pm        
រូបភាព
អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា(បុរសរួមភេទនឹងបុរស) ដែលហៅកាត់ MSM (Men having Sex with Men) មានអត្រាចម្លងជំងឺអេដស៍ច្រើនជាងគេនៅទូទាំងប្រទេស ខណៈក្រុមអ្នក Lesbians (ស្រ្តីស្រឡាញ់ស្រ្តី) មិនចម្លងជំងឺអេដស៍ទៅអ្នកដទៃនោះទេ។ ការចម្លងរបស់ MSM ជាបញ្ហាប្រឈមខ្ពស់ដែលធ្វើឱ្យអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេដស៍​ មានការព្រួយបារម្ភ។



លោក អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានកត់សម្គាល់ថា បុរសៗដែលរួមភេទជាមួយគ្នា មានការកើនឡើង ហើយពួកគេមិនខ្វល់ពីការឆ្លងនៃជំងឺអេដស៍នោះទេ ពោលគឺពួកគេមិនប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូឡើយ។ មិនត្រឹមតែប៉ុណ្ណោះ បុរសៗទាំងនោះ ក៏រួមភេទជាមួយដៃគូភេទផ្ទុយគ្នាផងដែរ។ 
 
ប្រធានអាជ្ញាធររូបនេះ បានបន្តថា ការរួមភេទដៃគូច្រើន ដោយមិនមានការការពារត្រឹមត្រូវ វាជាបញ្ហាប្រឈមចម្លងជំងឺអេដស៍ខ្ពស់។ 


 សន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៦ ខែកក្កដា ដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

លោក អៀង មូលី លើកឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដូច្នេះ ៖ «ប្រសិនបើជំងឺអេដស៍ផ្ទុះឡើងវិញ ដោយសារក្រុម MSM ព្រោះពួកគាត់គិតថាការរួមភេទមិនចម្លង តែតាមពិតឆ្លងលឿនណាស់។ ហើយអ្វីដែលហានិភ័យគឺពួកគាត់មានដៃគូច្រើន»។ 
 
នៅភ្នំពេញមានអ្នកកើតច្រើនជាងគេ បន្ទាប់មកបាត់ដំបង និងបន្ទាយមានជ័យ ហើយតាមបណ្ដាខេត្តនានាមានតិចតួច។ ចំពោះអ្នក Lesbians (ស្រ្តីស្រឡាញ់ស្រ្តី) មិនចម្លងជំងឺអេដស៍ទៅអ្នកដទៃនោះទេ បញ្ហាលេចធ្លោជាងគេមានតែ ពួកក្រុមបុរសស្រលាញ់បុរស MSM។
 
ក្រុមបុរសស្រឡាញ់បុរស, ក្រុមអ្នកកែភេទធ្វើស្រី, ស្រ្តីបម្រើសេវាកម្សាន្ត និងអ្នកប្រើប្រាស់គ្រឿងញៀន ភាគច្រើនជួបគ្នានៅកន្លែងជប់លៀង ហើយហូបគ្រឿងស្រវឹង ដែលនាំឱ្យបាត់បង់ស្មារតីគ្រប់គ្រងខ្លួនឯង ។ ដូច្នេះនៅពេលពួកគេរួមភេទជាមួយដៃគូច្រើន ហើយមិនប្រើប្រាស់ស្រោមអនាម័យ ជាកត្តាឆ្លងជំងឺអេដស៍។ លោក ម៉ូលី ថ្លែងបែបនេះ។
 
កន្លងមកអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេដស៍ មិនបានចុះជួបជាមួយអ្នកស្រឡាញ់ភេទដូចគ្នាដោយផ្ទាល់ ដើម្បីណែនាំពួកគេនោះទេ។ ប៉ុន្តែអ្នកជំនាញបានធ្វើការជាមួយតំណាងក្រុមរបស់ពួកគេ ដើម្បីផ្ដល់ព័ត៌មាន និងផ្ញើសារអប់រំតាមក្រុមតំណាងទាំងនោះ។
 
ដើម្បីការពារកុំឱ្យជំងឺនេះ ចម្លងទៅក្រុមគ្រួសារ និងអ្នកដទៃ អ្នករួមភេទត្រូវប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវ។ ម៉្យាងទៀត ចំពោះអ្នកដែលសង្ស័យថា ខ្លួនមានផ្ទុកមេរោគអេដស៍ ពួកគេអាចទៅធ្វើតេស្តនៅមណ្ឌលសុខភាព។ បើលទ្ធផលវិជ្ជមាន ត្រូវទៅបញ្ជាក់នៅមន្ទីរពេទ្យបង្អែក ដើម្បីទទួលថ្នាំព្យាបាលឱ្យបានទៀងទាត់។


 សន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៦ ខែកក្កដា ដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ 

ក្នុងឆ្នាំ២០២១ អ្នកឆ្លងជំងឺអេដស៍ស្ថិតក្នុងក្រុមបុរសស្រលាញ់បុរសដូចគ្នា MSM នៅកម្ពុជាមាន ៤.៥ភាគរយ និង ប្រជាជនទូទៅមាន ០.៥ភាគរយ។ លោក អៀង ម៉ូលី បញ្ជាក់បែបនេះ ។
 
បើតាមអ្នកវិទ្យាសាស្រ្តប៉ាន់ប្រមាណ អ្នកផ្ទុកជំងឺអេដស៍នៅកម្ពុជាមាន ៧ម៉ឺន ៥ពាន់នាក់ ។ សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបានទៅធ្វើតេស្តមានចំនួន ៦ម៉ឺន ៣ពាន់។ ចំពោះអ្នកបានទទួលថ្នាំ និងទទួលការព្យាបាលទៀងទាត់មាន ៦ម៉ឺន ២ពាន់នាក់ និងអ្នកស្លាប់ដោយសារជំងឺអេដស៍មានចំនួន ១​ ​២​០​០​នាក់​។ សម្រាប់អ្នកមិនបានទៅទទួលសេវាព្យាបាលមាន ១២០០០នាក់ ដែលវាជាកត្តាព្រួយបារម្ភរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ផងដែរ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com