កីឡាជាតិ
ជាតិ
AFF U-19 ៖ ឱកាសទៅវគ្គបន្តរបស់កម្ពុជាកាន់តែស្តួចស្តើង ក្រោយចាញ់ឡាវ ២-១
07, Jul 2022 , 9:18 pm        
រូបភាព
​រូបភាព សហព័ន្ធបាល់ទាត់ជាតិកម្ពុជា
​រូបភាព សហព័ន្ធបាល់ទាត់ជាតិកម្ពុជា
ដោយ៖ហៀក ឆក
កម្ពុជា បរាជ័យនាប្រកួតទី៣ របស់ខ្លួនក្នុងវគ្គជម្រុះពូល B ដោយចាញ់ក្រុមឡាវ ២-១ នាជំនួបព្រឹត្តិការណ៍កីឡាបាល់ទាត់ AFF U-19 BOYS CHAMPIONSHIP 2022។ កម្ពុជា មិនទាន់បាត់បង់ឳកាសឡើយក្នុងការឡើងទៅវគ្គបន្ត។​



ក្នុងវគ្គទី១ ខ្សែប្រយុទ្ធអាយុក្រោម ១៩ឆ្នាំឡាវកីឡាករ Peeter Phanthavong ស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯងនាំមុខកម្ពុជា ២-០។ គ្រាប់ទី១ ធ្វើបាននៅនាទី៧ ជាការស៊ុតបាល់ពីចំងាយក្រៅតំបន់គ្រោះថ្នាក់ និង គ្រាប់ទី២ ជាការតែតបញ្ចូលទីក្រោយការទាត់បាល់ចេញពីជ្រុងដោយប្រធានក្រុម Chantha Visai នៅនាទី២៤។
 
ឈានដល់វគ្គទី២ កម្ពុជាព្យាយាមវាយបកច្រើនដងដែរត្រឹមនាទី៥០ តែពុំមានលទ្ធផលប្រែប្រួល។ នាទី៥២ សុវណ្ណ ដូណា ប្តូរចូលជំនួស ចាន់វិបុលដេវីឌ កម្ពុជាហាក់មានទម្រង់ប្រែប្រួលនៅតំបន់បម្រើ និងប្រយុទ្ធខាងលើ នៅនាទី៨៤ កម្ពុជារកបាន ១គ្រាប់មកវិញ ដោយបាល់ចេញពីជើង ខ្សែបម្រើលេខ២០ លីហួរ លេងស៊ីសង្វាក់គ្នាជាមួយខ្សែប្រយុទ្ធ សុខណេត និងបញ្ជូនបន្តទៅ សុវណ្ណ ដូណា បញ្ចប់ទីបានសម្រេច។
 
បញ្ចប់ការប្រកួតកម្ពុជា ចាញ់ឡាវ ២១ ដោយឡាវទទួលបាន៣ពិន្ទុបន្ថែមឡើងឈរលេខ១ ពូលB ខណៈកម្ពុជា បាត់បង់ឳកាសឡើងទៅវគ្គបន្ត ដោយប្រកួតបន្ទាប់របស់ខ្លួនត្រូវជួប ក្រុមទីម័រខាងកើត។
 
កម្ពុជា ៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ ខណៈឡាវ ២ប្រកួតមាន៦ពិន្ទុ មិនទាន់ស្គាល់ពាក្យចាញ់ ឈរលេខ១ ពូលBបណ្តោះអាសន្ន។ 
 
ដ្បិតនៅសល់មួយប្រកួតក្នុងដៃ កម្ពុជាត្រូវជ័យជម្នះចាំបាច់បំផុត ក្នុងជំនួបទល់ជាមួយក្រុមទីម័រ នាថ្ងៃទី១១ ខែកក្កដាខាងមុខ។ កម្ពុជានឹងរង់ចាំអ៊ុតមើលលទ្ធផលការប្រកួតរវាង ម៉ាឡេស៊ីទល់ទីម័រនៅថ្ងៃទី៩ ប្រសិនបើក្រុមម៉ាឡេស៊ីឈ្នះ នោះកម្ពុជានឹងអស់ឱកាស តែបើម៉ាឡេស៊ីចាញ់ ហើយកម្ពុជាឈ្នះទីម័រ នោះកម្ពុជារង់ចាំអ៊ុតមើលការប្រកួតរវាង ម៉ាឡេស៊ីទល់ឡាវ ថ្ងៃទី១១ ម្តងទៀត។

ទីម័រក៏ជាក្រុមត្រូវការឈ្នះចាំបាច់ នាជំនួបទល់សីង្ហបុរី ថ្ងៃទី៩ ដើម្បីមានពិន្ទុប្រជែងតំណែងលេខ២ ក្នុងពូល B នេះ ហើយ នៅថ្ងៃទី១១ ទីម័រត្រូវប៉ះម៉ាឡេជំនួបចុងក្រោយ៕
 
 

Tag:
 បាល់ទាត់
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com