ជាតិ
សណ្ឋានខុសគ្នានៃកោងកាងទឹកសាប និងកោងកាងទឹកប្រៃ
11, Dec 2022 , 9:29 pm        
រូបភាព
ដោយ:
សៀមរាប៖ ដើមកោងកាងទឹកសាប ដុះនៅតំបន់ដែលមានសំណើម និងមានទឹកជូរ។ ចំ ណែកឯកោងកាងទឹកប្រៃ ដុះក្នុងតំបន់មានទឹកប្រៃ និងតំបន់មានសមុទ្រ។  កោងកាងទឹកសាប មានដុះតែក្នុងខេត្តសៀមរាប និងនៅក្នុងទីតាំងចំនួន៣ ប៉ុណ្ណោះ គឺនៅសហគមន៍ការពារព្រៃឈើទឹកជប់ខ្នារពោធិ៍ សហគមន៍បុសធំ និងសហគមន៍ត្បែងលិច។ ចំណែកឯកោងកាងទឹកប្រៃ មានដុះនៅក្នុងជាប់សមុទ្រនៅកម្ពុជា គឺខេត្តកំពត កែប កោះកុង និងព្រះសីហនុ។


 
ពលរដ្ឋមួយចំនួនធំ នៅក្នុងប្រទេសកម្ពុជា ធ្លាប់ស្គាល់កោងកាងទឹកប្រែ ប៉ុន្ដែភាគរយតិចណាស់ដែលស្គាល់កោងកាងទឹកសាប។ មិនចម្លែកទេ ដែលកោងកាងទឹកប្រៃមានអ្នកស្គាល់ច្រើន នោះក៏ព្រោះរុក្ខជាតិនេះ ច្រើនដុះនៅតំបន់ដែលសមុទ្រ និងកន្លែងមានទឹកប្រៃ។ ផ្ទុយពីកោងកាងទឹកសាប ដែលជារុក្ខជាតិដុះរើសដី និងតំបន់ និងកម្រមាន។

ផ្លែរបស់កោងកាងទឹកសាប និងទឹកប្រៃ 
 
លោក ដួង សាវឿន រដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ដើមកោងកាងទឹកសាប ត្រូវការជាចាំបាច់ទឹកជូរ និងដីមានសំណើម ដើម្បីអាចបន្តលូតលាស់និងរស់បន្ត។ នៅក្នុងប្រទេសកម្ពុជា មានមិនច្រើនទេ ហើយនៅក្នុងខេត្តសៀមរាប កោងកាងទឹកសាប មានដុះតែនៅក្នុងសហគមន៍ចំនួន៣ប៉ុណ្ណោះ។
 
ដើមកោងកាងទឹកសាបនៅតូច មានសណ្ឋានសម្បកខាងពណ៌ប្រផេះ លុះធំបន្តិចក៏ប្រែជាពណ៌ក្រហមប្រឿងៗ ហើយសម្បកខាងក្រៅប្រែជាប្រេះៗ មើលទៅប្រហែលដើមអង្គាដី។ ដើមរបស់វា ពលរដ្ឋនៅខេត្តសៀមរាបច្រើនយកធ្វើផ្ទះ និងរោងនៅក្នុងស្រុកភូមិ និងដីចម្ការ។ ស្លឹកកោងកាងទឹកសាប មានរសចត់ និងសាប ប្រហែលនឹងកោងកាងទឹកប្រៃ ប៉ុន្ដែពលរដ្ឋនៅក្នុងខេត្តសៀបរាប មិនបរិភោគឡើយ។ ចំណែកឫស របស់វាចាក់ស្រែះប្រហែលកោងកាងទឹកប្រៃ ប៉ុន្ដែសណ្ឋាន ឫសរបស់វាតូចៗ ជាងឫសកោងកាងទឹកប្រៃឆ្ងាយ។  
 

ផ្កា​កោងកាងទឹកសាប និងផ្កាកោងកាងទឹកប្រៃ

ផ្កាកោងកាងទាំងពីប្រភេទនេះ ប្រហែលគ្នា ប៉ុន្ដែខុសត្រង់ផ្កាកោងកាងទឹកសាបតូចៗ មូលពណ៌បៃតង និងមានពណ៌ផ្កាឈូកបន្ដិច មើលទៅប្រហែលផ្កាម៉ោងដប់ នៅពេលក្រពុំ។ ឯផ្កាកោងកាងទឹកប្រៃ ផ្កាជាចង្កោមតូចៗ ដូចតំណក់ទឹកភ្លៀង និងមានពណ៌បៃតង។ ចំណែកឯផ្លែរបស់រុក្ខជាតិទាំងពីនេះ ខុសគ្នាដាច់។ ដោយផ្លែរបស់កោងកាងទឹកសាបតូចៗ រកផ្លែរុក្ខជាតិអ្វីដទៃ ប្រៀបធៀបមិនបាន គ្រាប់ចាប់ច្រឡំជាមួយគ្រាប់ល្ង។ ចំណែកឯផ្លែកោងកាងទឹកប្រៃមានរាងវែង ដូចផ្លែអូយម៉ូយពេលនៅខ្ចី ទំហំប៉ុនមេដៃ។ 
 
អាយុរបស់កោងកាងទឹកសាប អាចមានចន្លោះពី៥០ ទៅ១០០ឆ្នាំ។ កម្ពស់ខ្ពស់បំផុត ចន្លោះពី១០ ទៅ២០ម៉ែត្រ។ ដើមត្រង់រលូនៗ ប្រហែលកោងកាងទឹកប្រៃ៕  


ឫសកោងកាងទឹកសាប និងទឹកប្រៃ 

Tag:
 ខេត្តសៀមរាប
  សហគមន៍ទឹកជប់ខ្នារពោធិ៍
  កោងកាង
© រក្សាសិទ្ធិដោយ thmeythmey.com