ជាតិ
កែរដ្ឋធម្មនុញ្ញលើកទី១០ ពាក់ព័ន្ធនឹងការតែងតាំងនាយរដ្ឋមន្រី្ត និងសិទ្ធិសម្រេចក្នុងរដ្ឋសភា
09, Jul 2022 , 10:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រី្ត បានសម្រេចអនុម័តកែប្រែរដ្ឋធម្មនុញ្ញ មានចំនួន៣មាត្រា។ ចំនួន៣មាត្រានេះ ធ្វើឡើងតាមសំណើធ្វើវិសោធនកម្មលើកទី១០ មានចំនួន៨មាត្រា ក្នុងនោះ៦មាត្រាគឺសុទ្ធតែជាមាត្រា ពាក់ព័ន្ធនឹងការតែងតាំងនាយករដ្ឋមន្រី្ត និងសិទ្ធិអំណាចនៃការសម្រេចរបស់សមាជិករដ្ឋសភា។

 
កាលពីយប់ថ្ងៃទី៨កក្កដា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត បានបង្ហាញពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រី្ត ដែលក្នុងនោះ សំណើធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញ។ សំណើនេះ រៀបចំឡើង គឺសំដៅធ្វើវិសោធនកម្មចំនួន៨មាត្រា។ 
 
លិខិតដដែល បានបញ្ជាក់ថា ក្នុងចំណោម៨មាត្រា ដែលដាក់ស្នើសុំធ្វើវិសោធនកម្ម មានមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រាថ្មី(មួយ) និងមាត្រា១២៥ថ្មី។ ចំណែក ២មាត្រាទៀត ជាការចែងបន្ថែម គឺមាត្រា៣ថ្មី និងមាត្រា៤ថ្មី។ ការចែងបន្ថែមនេះ គឺដើម្បីធានានូវដំណើរជាប្រក្រតីនៃស្ថាប័នជាតិ។ 
 
ក្នុងការប្រជុំពេញអង្គគណៈរដ្ឋមន្រី្តនេះ រដ្ឋាភិបាលសម្រេចរៀបចំតាក់តែង៣មាត្រា។ សេចក្ដីប្រកាសរបស់រដ្ឋាភិបាលបានសរសេរយ៉ាងដូច្នេះ៖ «សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ត្រូវរៀបចំឡើងដោយមានចំនួនបីមាត្រា ហើយត្រូវបានសម្រេចឯកភាពដោយ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រី្ត»។ 
 
ការសម្រេចរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមិនអាចបកស្រាយបានឡើយ ហើយសុំរុញឲ្យសាកសួរខាងក្រសួងយុត្តិធម៌។ លោកបញ្ជាក់ ក្នុងកិច្ចប្រជុំពេញអង្គ សម្ដេច ហ៊ុន សែន បានប្រាប់ទៅលោក កើត រិទ្ធ រដ្ឋមន្រី្តក្រសួងយុត្តិធម៌ អ្នកទទួលបន្ទុករៀបចំសន្និសីទ ពន្យល់ពីការកែប្រែនេះ។ 
 
ជុំវិញ ពេលវេលានៃការបកស្រាយលម្អិតរបស់ក្រសួងយុត្តិធម៌មកកាន់សាធារណជន និងក្រុមអ្នកសារព័ត៌មាន ទាក់ទិននឹងការកែប្រែរដ្ឋធម្មនុញ្ញនេះ សារព័ត៌មានថ្មីៗពុំអាចសាកសួរលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឡើយ។ 
 
បើតាមសំណើស្នើសុំធ្វើឲ្យវិសោធនកម្ម ដែលមានចំនួន៨មាត្រា ក្នុងនោះ៦មាត្រាគឺសុទ្ធតែជាមាត្រា ពាក់ព័ន្ធនឹងការតែងតាំងនាយករដ្ឋមន្រី្តនិងសិទ្ធិអំណាចនៃការសម្រេចរបស់សមាជិករដ្ឋសភា។ 
 
មាត្រា១៩ថ្មី(មួយ) នៃរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រទ្រង់ជាអ្នកតែងតាំងនាយករដ្ឋមន្រី្ត និងតែងតាំងគណៈរដ្ឋមន្រី្ត។ ចំណែក មាត្រា១១៩ថ្មី(មួយ) ប្រធានរដ្ឋសភា ជាអ្នកស្នើសុំព្រះមហាក្សត្រ តែងតាំងនាយករដ្ឋមន្រី្តក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ឲ្យទៅបង្កើតរាជរដ្ឋាភិបាល។ ប៉ុន្តែការស្នើសុំរបស់ប្រធានរដ្ឋសភានេះ គឺត្រូវមានការឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភាផងដែរ។ មាត្រា៩៨ថ្មីវិញ គឺរដ្ឋសភាមានសិទ្ធិទម្លាក់សមាជិកគណៈរដ្ឋមន្រី្ត ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដែលធ្វើឡើងតាមសំឡេងឆ្នោតភាគច្រើននៃសមាជិករដ្ឋសភាទាំងមូល។ ប៉ុន្តែ មុននឹងទម្លាក់ លុះត្រាតែ ញត្តិបន្ទោសរាជរដ្ឋាភិបាល ធ្វើឡើងដោយតំណាងរាស្រ្តចំនួន៥០នាក់ ដាក់ទៅរដ្ឋសភា ទើបរដ្ឋសភាអាចពិភាក្សាសម្រេចថា ទម្លាក់ឬមិនទម្លាក់។ មាត្រា៨៩ចែកថា សមាជិករដ្ឋសភា ១ភាគ១០យ៉ាងតិច អាចស្នើសុំឲ្យ រដ្ឋសភាកោះហៅឥស្សរជនណាមួយ ចូលបំភ្លឺក្នុងរដ្ឋសភាបាន ជុំវិញបញ្ហាដែលមានសារសំខាន់។ រីឯ មាត្រា១២៥ថ្មី បើតំណែងនាយករដ្ឋមន្រី្តទំនេរ ត្រូវតែងតាំងគណៈរដ្ឋមន្រី្តមួយជាថ្មី តាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ បើគ្រាន់តែទំនេរមួយគ្រា ត្រូវរៀបចំតែងតាំងរដ្ឋមន្រី្តស្ដីទី បណ្ដោះអាសន្ន។ ជាមួយគ្នាដែរ មាត្រា១០២ថ្មី កំណត់ថា នីតិកាលរបស់ព្រឹទ្ធសភាពមានរយៈពេល៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។ ទាំងអស់នេះ ជាមាត្រាចំនួន៦ ក្នុងចំណោម៨មាត្រា ដែលបានដាក់ស្នើសុំឲ្យកែប្រែរដ្ឋធម្មនុញ្ញ ហើយពីរមាត្រាទៀត គឺចែងបន្ថែម។ ប៉ុន្តែ ចំនួន៣មាត្រាដែលត្រូវបានសម្រេចអនុម័តកែប្រែ ក្នុងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលពុំទាន់បានបញ្ជាក់ជាសាធារណនោះទេ៕ 
 

Tag:
 វិសោធនកម្ម
  រដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com