កីឡាជាតិ
ជាតិ
ពូល A កំពុងប្រទាញប្រទង់គ្នា ខណៈពូល B រកឃើញក្រុមទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
10, Jul 2022 , 1:19 pm        
រូបភាព
ជម្រើសជាតិកម្ពុជាក្នុងជំនួបជាមួយឡាវ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ជម្រើសជាតិកម្ពុជាក្នុងជំនួបជាមួយឡាវ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្នុងព្រឹត្តិការណ៍ AFF U-19 Championship នៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២-១៥ ខែកក្កដា ក្នុងពូល B ឡាវ និងម៉ាឡេស៊ី បានកក់កៅអីទៅវគ្គបន្ទាប់ ដោយមានពិន្ទុដាច់គេ និងសល់មួយប្រកួតចុងក្រោយ។ សម្រាប់ពូល A បីក្រុម កំពុងប្រដេញគ្នា យកពិន្ទុទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។


 
ការប្រកួតក្នុងពូល A
 
វៀតណាម ឈរលេខ១ មាន១០ពិន្ទុ ស្មើគ្នានឹង ថៃ ឈរលេខ២។ ក្រុមទាំង២នេះ ប្រកួតនៅថ្ងៃទី១០ ខែកក្កដា នៅកីឡដ្ឋាន Madya Senayan វេលាម៉ោង ៨:០០យប់ ស្របពេលដែលម្ចាស់ផ្ទះឥណ្ឌូណេស៊ី ស្វាគមន៍ មីយ៉ាន់ម៉ា នៅកីឡដ្ឋាន Patriot Candrabhga។ 
 
ម្ចាស់ផ្ទះ មាន៨ពិន្ទុ ឈរលេខ៣។ ឥណ្ឌូណេស៊ី នៅតែអាចសម្លឹងឃើញកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រសិនជំនួបរវាង ក្រុមថៃ និងវៀតណាម មានក្រុមណាមួយចាញ់ ឬក្រុមទាំង២ស្មើគ្នា តែសម្រាប់ឥណ្ឌូណេស៊ី ដាច់ខាតត្រូវតែឈ្នះ ក្នុងការប្រកួតជាមួយ មីយ៉ាន់ម៉ា។ ប្រសិនជា ឥណ្ឌូណេស៊ី ចាញ់ ឬស្មើ ជាមួយ មីយ៉ាន់ម៉ា ម្ចាស់ផ្ទះនេះ នឹងបាត់បង់ឱកាសទៅវគ្គបន្ដ ទោះជាការប្រកួតរវាងថៃ និងវៀតណាម មានលទ្ធផលយ៉ាងដូចម្ដេចក៏ដោយ។
 
នៅវេលាម៉ោង ៥:០០រសៀល ហ្វីលីពីន ត្រូវប្រកួតបង្គ្រប់កិច្ចជាមួយក្រុម ព្រុយណេ នៅកីឡដ្ឋាន Patriot Candrabhga។ ក្រុមទាំង២នេះ ចាញ់៤ប្រកួតផ្ទួន ដូចគ្នា។
 
ការប្រកួតក្នុងពូល B
 
បន្ទាប់ពីក្រុមកម្ពុជា ចាញ់ឡាវ ក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី៧ ខែកក្កដា នៅកីឡដ្ឋាន Madya Senayan។ កម្ពុជា ត្រូវប្រកួតជាមួយ ទីម័រខាងកើត នៅថ្ងៃទី១១ ខែកក្កដា វេលាម៉ោង ៣:០០រសៀល។ ជាជំនួបបង្គ្រប់កិច្ចសម្រាប់ក្រុមទាំង២ ដែលមាន៣ពិន្ទុរៀងខ្លួន។ តាមគោលការណ៍ប្រកួត ក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ ត្រូវឡើងទៅវគ្គបន្ដ។
 
ដោយឡែក ក្នុងពូល B ឡាវ មាន៩ពិន្ទុ ឈរលេខ១ តាមពីក្រោយដោយម៉ាឡេស៊ី ៧ពិន្ទុ។ សម្រាប់ក្រុមទាំង២នេះ មិនមានការព្រួយបារម្ភទេ បើទោះជាចាញ់ ឈ្នះឬស្មើ ព្រោះមើលតាមពិន្ទុ ក្រុម២នេះ បានឈ្នះដាច់ ក្រុមផ្សេងទៀតក្នុងពូល។ ក្នុងពេលជាមួយគ្នានេះ ម៉ាឡេស៊ី ត្រូវប្រកួតជាមួយ ឡាវ នៅកីឡដ្ឋាន Patriot Candrabhga។
 
គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមលេខ១ ក្នុងពូល A ត្រូវប្រកួតជាមួយ ក្រុមលេខ២ក្នុងពូល B ខណៈ ក្រុមលេខ១ ពូល B ត្រូវជួប ក្រុមលេខ២ ពូល A ដោយការប្រកួត នឹងធ្វើនៅថ្ងៃទី១៣ ខែកក្កដា និងវគ្គផ្ដាច់ព្រ័ត្រ ធ្វើនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅកីឡដ្ឋាន Patriot Candrabhga៕
 

Tag:
 បាល់ទាត់
  AFF
  AFF U-19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com