កីឡាជាតិ
ជាតិ
លោក ងិន សុខបញ្ញា៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា កំណត់មេដាយនៅស៊ីហ្គេម២០២៣
10, Jul 2022 , 3:29 pm        
រូបភាព
លោក ងិន សុខញ្ញា អគ្គលេខាធិកាទ្រីយ៉ាត្លុងកម្ពុជា ក្នុងកិច្ចប្រជុំមហាសន្និបាតសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា(ប្រភពសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា)
លោក ងិន សុខញ្ញា អគ្គលេខាធិកាទ្រីយ៉ាត្លុងកម្ពុជា ក្នុងកិច្ចប្រជុំមហាសន្និបាតសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា(ប្រភពសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា)
ដោយ៖ ហៀក ឆក 
 
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា កំណត់ផែនការសំខាន់ក្នុងការយកមេដាយនៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់ របស់លោកអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក្នុងកិច្ចប្រជុំមហាសនិ្នបាតបន្តសុពលភាពរបស់សហព័ន្ធតាមគោលការណ៍ របស់ក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា នាអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។

 
មហាសន្និបាតសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបញ្ចប់អាណត្តិទី៣ ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិទី៤ ពីឆ្នាំ ២០២១-២០២៥ បានបញ្ចប់កាលពីថ្ងៃទី៩ ខែកក្កដា នាអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោមអធិបតេយភាពលោក គង់ រិទ្ធីជព្វ ប្រធានសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា និងសមាជិកជាង៥០នាក់ រួមមានថ្នាក់ដឹកនាំ គ្រូបង្វឹក និងអត្តពលិក។
 
លោក ងិន សុខបញ្ញា អគ្គលេខាធិការកីឡាទ្រីយ៉ាត្លុងកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ ប្រាប់សារព័ត៌មានថ្មីៗថា មហាសន្និបាតនេះ គឺធ្វើឡើងដើម្បីបន្តសុពលភាព របស់សហព័ន្ធទ្រីយ៉ាត្លុង តាមគោលការណ៍របស់ក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ លោកក៏បញ្ជាក់បន្ថែមផងដែរ អំពីសុពលភាពសម្រាប់ស៊ីហ្គេមលើកទី៣២៖«យើងបន្តសុពលភាពបាន និងរៀបចំបន្តការងារសម្រាប់ស៊ីហ្គេម២០២៣ និងមួយអាណត្តិ៤ឆ្នាំបន្តទៀត»។ លោក ងិន សុខបញ្ញា អគ្គលេខាធិការកីឡាទ្រីយ៉ាត្លុងកម្ពុជាបញ្ជាក់ដូច្នេះ។


ថ្នាក់ដឹកនាំ និងអត្តពលិកកីឡាទ្រីយ៉ាត្លុងកម្ពុជា​ក្នុងកិច្ចប្រជុំមហាសន្និបាតសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា(ប្រភព សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា)
 
សម្រាប់ផែនការក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍២០២៣ សហព័ន្ធកីឡាទ្រីយ៉ាត្លុង បានរៀបចំរួចរាល់សម្រាប់គោលដៅ ក្នុងការប្រជែងយកមេដាយ ដោយលោកបានបញ្ជាក់អំពីគោលជំហរ និងផែនការសំខាន់ៗ ក្នុងនាមខ្លួនដែលជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២។
 
«បញ្ជូនអត្តពលិកហ្វឹកហាត់ និងប្រកួតក្រៅប្រទេសឲ្យបានច្រើន ត្រៀម២០២៣ និងដណ្តើមមេដាយក្រៅប្រទេសឲ្យបានថែមទៀត ជាពិសេស២០២៣ ត្រូវដណ្តើមមេដាយមាសឲ្យបានយ៉ាងតិច១ តាមផែនការ និងការកំណត់សន្ទស្សន៍មេដាយ១ របស់ CAMSOC និងក្រសួង ហើយខិតខំស្វែងរកដៃគូឯកជនបន្ថែម ដើម្បីបំពេញ និងជួយទ្រទ្រង់បន្ថែមដល់សហព័ន្ធ»។ នេះបើតាមការបញ្ជាក់របស់លោកអគ្គលេខាធិការ។
 
គួបញ្ជាក់ថា អត្តពលិកកីឡាទ្រីយ៉ាត្លុងកម្ពុជា ១៤រូប កំពុងហ្វឹកហាត់នៅខេត្តកែប ដែលជាទីតាំងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ សម្រាប់កីទ្រីយ៉ាត្លុង។ លោក ងិន សុខបញ្ញា រៀបចំបញ្ជូនអត្តពលិក ចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ក្នុងពេលឆាប់ៗខាងមុខ៕

Tag:
 កីឡាទ្រីយ៉ាត្លុង
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com