កីឡាជាតិ
ជាតិ
ក្របខណ្ឌបាល់ទាត់កំពូលចាប់ផ្តើមប្រកួតនៅរសៀលថ្ងៃសៅរ៍នេះ ក្រុម Albirex Niigata ដែលទទួលបាន Wildcard ពី FFC
× យុទ្ធនាការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៤ ត្រូវចាប់ផ្តើមនៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០១៤នេះ ដោយគិរីវង់សុខសែនជ័យ ប៉ះជាមួយអគ្គស្នងការដ្ឋាននគរជាតិ បៀលប្រាយយូណាយធីត ជួប TriAsia Phnom Penh ខណៈចម្ការកៅស៊ូបឹងកេតតទល់ជាមួយ Albirex Niigata។
នេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមដែលមានម្ចាស់ជាជនជាតិជប៉ុន ដោយ TriAsia Phnom Penh គឺជាម្ចាស់ជើងឯកក្របខណ្ឌក១ ហើយបានឆ្លងផុតការប្រកួតវគ្គ Playoff ខណៈ Albirex Niigata ទទួលបាន Wild Card (ការអនុញ្ញាតដោយមិនបាច់ឆ្លងកាត់ការប្រកួតជម្រុះ) ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានសម្រេចដំឡើងចំនួនក្រុមរហូតដល់១២ក្នុងរដូវកាលនេះ។
ក្រុមទាំង ១២ នៅលីកកម្ពុជាមាន ក្រុមថ្នាក់ខេត្ត (ស្វាយរៀង ចម្ការកៅស៊ូបឹងកេត គិរីវង់សុខសែនជ័យ) ក្រុមដែលឧបត្ថម្ភដោយសណ្ឋាគារ-កាស៊ីណូ (ភ្នំពេញក្រោន ណាហ្គាខប) ក្រុមស្ថាប័នរដ្ឋ (អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងការពារជាតិ) ក្រុមសាកលវិទ្យាល័យ (បៀលប្រាយយូណាយធីត អាស៊ីអឺរ៉ុប វេស្ទើនយូនីអែហ្វស៊ី) ក្រុមដែលមានម្ចាស់ជាជនជាតិជប៉ុន (TriAsia Phnom Penh, Albirex Niigata)។
ការប្រកួតនៃលីកនេះតម្រូវឱ្យក្រុមទាំងអស់ប្រកួតជាមួយគ្នា ២ ដង ពោលគឺប្រកួត ២ ជើងហើយ ក្រុមដែលមានពិន្ទុច្រើនជាងគេ នឹងក្លាយជាជើងឯក និង មានឈ្មោះលេងក្នុងពានរង្វាន់លំដាប់ទី៣ ប្រចាំតំបន់អាស៊ី AFC President's Cup ខណៈក្រុមមានពិន្ទុតិចជាងគេ ២ ក្រុមត្រូវរង់ចាំប្រកួតជម្រុះជាមួយក្រុមឡើងមកពីក្របខណ្ឌក១ ២ ក្រុម ប្រជែងយកកៅអីឡើងមកលេងលីកវិញនៅរដូវកាលបន្ទាប់។
តាមគម្រោងលីករដូវកាលនេះនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៤ ខាងមុខ។
តើក្រុមណាអាចរកបាន ៣ ពិន្ទុមុនគេនៅថ្ងៃបើកឆាកនេះ?
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍នេះ៖
ពហុកីឡដ្ឋានជាតិ
ម៉ោង៣:៣០៖ គិរីវង់សុខសែនជ័យ ជួប អគ្គស្នងការដ្ឋាននគរបាលជាតិ
ម៉ោង៦:០០៖ បៀលប្រាយយូណាយធីត ជួប TriAsia Phnom Penh
ស្តាតចាស់
ម៉ោង៣:៤៥៖ ចម្ការកៅស៊ូបឹងកេត ជួប Albirex Niigata
© រក្សាសិទ្ធិដោយ thmeythmey.com