កីឡាជាតិ
ជាតិ
វិបុល សិរីសេដ្ឋា និង ជិន សូវៀត រងរបួសអំឡុងការប្រកួតជាមួយមីយ៉ាន់ម៉ា
10, Jul 2022 , 6:29 pm        
រូបភាព
កីឡាការិនី វិបុល សិរីសេដ្ឋា(ខាងស្តាំ) និង ជិន សូវៀត(ខាងឆ្វេង) សម្រាកព្យាបាលក្រោយការប្រកួតជាមួយ មីយ៉ាន់ម៉ា រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
កីឡាការិនី វិបុល សិរីសេដ្ឋា(ខាងស្តាំ) និង ជិន សូវៀត(ខាងឆ្វេង) សម្រាកព្យាបាលក្រោយការប្រកួតជាមួយ មីយ៉ាន់ម៉ា រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
នៅថ្ងៃទី៩ ខែកក្កដា នៅកីឡដ្ឋាន Binan ប្រទេសហ្វីលីពីន ជម្រើសជាតិបាល់ទាត់នារីកម្ពុជា បានចាញ់ មីយ៉ាន់ម៉ា លទ្ធផល៣-០។ កីឡាការិនី វិបុល សិរីសេដ្ឋា និង ជិន សូវៀត ដែលបានរងរបួស នាជំនួបដ៏តានតឹងនេះ ត្រូវបានសម្រាកព្យាបាល។

 
មន្ដ្រីបច្ចេកទេស សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា កីឡាការិនី ជិន សូវៀត និង វិបុល សិរីសេដ្ឋា ត្រូវបានបញ្ជូនទៅព្យាបាលភ្លាមៗបន្ទាប់ពីការប្ដូរចេញ។ ជិន សូវៀត បានធូរស្រាលអាចចូលហ្វឹកហាត់វិញបាន ដោយឡែក សិរីសេដ្ឋា ត្រូវសម្រាកព្យាបាលមួយរយៈពេលទៀត។
 
ក្នុងជំនួបជាមួយមីយ៉ាន់ម៉ា កម្ពុជា រងសម្ពាធខ្លាំង ដោយក្រុមមានកម្រិតទាប និងបទពិសោធន៍តិចជាងមីយ៉ាន់ម៉ា។ នៅនាទី១៧ កីឡាការិនី វិបុល សិរីសេដ្ឋា ខ្សែការពាររបស់កម្ពុជា រងរបួសដៃស្ដាំដោយប៉ះទង្គិចជាមួយមិត្តរួមក្រុម បន្ទាប់ពីព្យាយាមការពារបាល់ មិនឲ្យចូលសំណាញ់ទី។ តែកីឡាការិនីរូបនេះ មិនបានប្ដូចេញភ្លាមៗ ដោយបន្ដការប្រកួតដល់ចប់តង់ទី១។
ចូលនាទី៣៤ កីឡាការិនី Khin Marlar Tun របស់មីយ៉ាន់ម៉ា បានស៊ុតបញ្ចូលទី ដោយអូសបាល់ពីចម្ងាយ រួចស៊ុតបញ្ចូលទី។ មីយ៉ាន់ម៉ា នាំមុខ កម្ពុជា ១-០។

កីឡាការិនី វិបុល សិរីសេដ្ឋា សម្រាកព្យាបាលក្រោយការប្រកួតជាមួយ មីយ៉ាន់ម៉ា រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
 
នៅនាទី៣៥ កីឡាការិនី ពឿន គន្ធា ខ្សែប្រយុទ្ធរបស់កម្ពុជា បានប្ដូចេញ និងជំនួសដោយ កីឡាការិនី ហេង សៀកឡេង។ 
 
មីយ៉ាន់ម៉ា បន្ដដាក់សម្ពាធមកលើកម្ពុជា តែមិនអាចរកគ្រាប់ទី២ នៅក្នុងតង់ទី១បានទេ។ ក្នុងតង់ទី១ មីយ៉ាន់ម៉ានាំមុខ កម្ពុជា ១-០។
 
១៥នាទីនៃដើមតង់ទី២ កីឡាការិនីមីយ៉ាន់ម៉ា Myat Noe Khin បន្ថែមមួយគ្រាប់ទៀត នាំឲ្យលទ្ធផលនាំមុខ កម្ពុជា ២-០ នៅនាទី៦១។
 
នៅក្នុងតង់ទី២នេះ កីឡាការិនី ជិន សូវៀត អ្នកចាំទីរបស់កម្ពុជា ត្រូវប្ដូចេញ និងជំនួសដោយកីឡាការិនី ជា សម្ភស្ស។ ការប្រកួតចូលមកដល់នាទី៨៧ កីឡាការិនី Khin Moe Wai រកបាន នូវគ្រាប់ទី៣ឲ្យ មីយ៉ាន់ម៉ា នាំមុខកម្ពុជា លទ្ធផល៣-០។ បញ្ចប់តង់ កម្ពុជា ចាញ់មីយ៉ាន់ម៉ា លទ្ធផល៣-០។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា នឹងត្រូវប្រកួតជាមួយ ទីម័រខាងកើត នៅថ្ងៃទី១៣ ខែកក្កដា នៅកីឡដ្ឋាន City of Imus Grandstand ប្រទេសហ្វីលីពីន៕
 

ជិន សូវៀត សម្រាកព្យាបាលក្រោយការប្រកួតជាមួយ មីយ៉ាន់ម៉ា រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

 

Tag:
 បាល់ទាត់
  AFF Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com