កីឡាជាតិ
ជាតិ
កម្ពុជា នឹងចំណាយថវិកា ៣០លានដុល្លារ សម្រាប់ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
11, Jul 2022 , 9:30 am        
រូបភាព
ភ្នំពេញ៖ កម្ពុជា នឹងចំណាយថវិកា ៣០លានដុល្លារ សម្រាប់ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង និងប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

 
សម្ដេច ហ៊ុន សែន ចាត់ទុកការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ឬអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ សម្ដេច បានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយ ប្រសិនបើខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកា ។
 
«កម្ពុជានឹងត្រូវចំណាយថវិកាប្រមាណ ៣០លានដុល្លារសម្រាប់រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម និងកីឡាអាស៊ីអាគ្នេយ៍។ ក្នុងនោះកម្ពុជា បានសន្សំប្រាក់សម្រាប់ចំណាយលើការប្រកួតនេះ ក្នុងមួយឆ្នាំប្រមាណជា ៤០ពាន់លានរៀល ឬស្មើនឹង ១០លានដុល្លារអាមេរិក»។ នេះបើតាមសម្ដេច ហ៊ុន សែន ។
 
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំពិភាក្សាលើកិច្ចការនានា ដើម្បីត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខ។ កិច្ចប្រជុំសហព័ន្ធទាំងពីរខាងលើ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែ កក្កដា ២០២២ ។
 
កម្ពុជា បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។
 
 

Tag:
 ប៉ារ៉ាហ្គេម
  ហ៊ុន សែន
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com