កីឡាជាតិ
ជាតិ
សម្ដេច ហ៊ុន សែន៖ នយោបាយគ្មានស្ដង់ដារពិតប្រាកដ តែកីឡាមានស្ដង់ដារសកលពិតប្រាកដ
11, Jul 2022 , 10:59 am        
រូបភាព
សម្ដេច ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេម នៅសណ្ឋាគាសុខា នាព្រឹកថ្ងៃទី១១ កក្កដា ២០២៣។ រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេម នៅសណ្ឋាគាសុខា នាព្រឹកថ្ងៃទី១១ កក្កដា ២០២៣។ រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ភ្នំពេញ៖ នៅលើពិភពលោកនេះ នយោបាយគ្មានស្ដង់ដារពិតប្រាកដទេ តែកីឡាមានស្ដង់ដារសកលពិតប្រាកដ ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី១១ ខែកក្កដា នៅសណ្ឋាគារសុខា ។

 
សម្ដេច ហ៊ុន សែន ចាត់ទុកថាវិស័យកីឡា ដើរតួរនាទីសំខាន់បំផុតក្នុងទំនាក់ទំនងអន្ដរជាតិ។ បើតាមសម្ដេច ហ៊ុន សែន ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរៀងរាល់ ២ឆ្នាំម្ដង បានឆ្លុះបញ្ចាំឲ្យឃើញនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសជាសមាជិកទាំងអស់។ ជាពិសេសផ្លាស់ប្ដូរបទពិសោធន៍​ និងបច្ចេកទេស​ ក្នុងការប្រកួតកីឡាដែលជាមរតក និងសិល្បៈការពារខ្លួន របស់ប្រជាជាតិនីមួយៗ។
 
នាយករដ្ឋមន្ដ្រីរូបនេះ បន្ថែមក្នុងកិច្ចប្រជុំនេះថា៖«នយោបាយគ្មានស្ដង់ដារពិតប្រាកដទេ ប៉ុន្ដែកីឡាមានស្ដង់ដារសកលពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាប្រកួតតែមួយ និងមានគោលដៅតែមួយ គឺកសាងពិភពលោកមួយល្អប្រសើរ និងការរួមចំណែកសំខាន់ដល់សុខសន្ដិភាព និងស្ថេរភាពសង្គម។»។
 
ការប្រកួតអន្ដរជាតិ ក៏ជាការបំផុសស្មារតីដល់មហាជនឲ្យស្រឡាញ់កីឡា ហើយក៏ជាលើកកម្ពស់កីឡារបស់ជាតិនីមួយៗឲ្យកាន់តែល្បីល្បាញ លើឆាកអន្ដរជាតិ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ៖«ប្រជាពលរដ្ឋ ត្រូវមានសុខភាពល្អ ងាយចាប់យកនូវបច្ចេកវិទ្យាថ្មីៗ និងមានការតាំងចិត្តបង្កើននូវមូលធន​មនុស្ស ដែលរួមចំណែកដល់ការផ្គត់ផ្គងកម្លាំងពលកម្មមានគុណភាពខ្ពស់។ សុខភាពល្អ គឺមានទំនាក់ទំនងយ៉ាងជិតស្និតទៅនិងភាពសប្បាយរីករាយ ដែលត្រូវបង្ហាញឲ្យឃើញថាមានទំនាក់ទំនងវិជ្ជមានជាមួយ និងផលិតភាពសេដ្ឋកិច្ច»។
 
សម្ដេច ចាត់ទុកថា ឆ្នាំ២០២៣ នេះ គឺមានជាពេលដែលសំខាន់បំផុតសម្រាប់កម្ពុជា។ បើតាមសម្ដេច ហ៊ុន សែន កម្ពុជានឹងត្រូវចំណាយថវិកាប្រមាណ ៣០លានដុល្លារសម្រាប់រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម និងកីឡាអាស៊ីអាគ្នេយ៍ ២០២៣។ ក្នុងនោះកម្ពុជា បានសន្សំប្រាក់សម្រាប់ចំណាយលើការប្រកួតនេះ ក្នុងមួយឆ្នាំប្រមាណជា ៤០ពាន់លានរៀល ឬស្មើនឹង ១០លានដុល្លារអាមេរិក។ 
 
សម្ដេច ទៀ បាញ់  គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជំរុញស្ថាប័នរដ្ឋ និងឯកជន ជួយផ្សព្វផ្សាយព័ត៌មានព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ ទាំងក្នុងស្រុក និងក្រៅប្រទេសឲ្យកាន់តែទូលំទូលាយ។ 
 
ជាងនេះទៀត  CAMSOC ក៏បានពង្រឹងនូវសមត្ថភាពអត្ដពលិកជម្រើសជាតិ ដោយផ្ដោតលើយុទ្ធសាស្ដ្រ៤ រួមមាន៖ ហ្វឹកហ្វឺនជាប្រចាំសម្រាប់ជម្រើសជាតិ ក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន នៃក្រសួងអប់រំយុវជន និងកីឡា, បញ្ជូនកីឡាករជម្រើស ទៅប្រកួត និងហ្វឹហាត់នៅក្រៅប្រទេស, ប្រមូលផ្ដុំកីឡាករ កីឡាការិនី ដែលមានឈាមជ័រជាខ្មែរ នៅក្រៅប្រទេស ដែលមានកម្រិតគុណផលកីឡាខ្ពស់ និងបង្កើតសកម្មភាពមន្ដ្រីបច្ចេកទេស​ និងជំរុញឲ្យអាជ្ញាកណ្ដាល ចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ។
 
ក្នុងត្រៀមសម្រាប់ព្រឹត្តិការណ៍នេះ អត្ដពលិក គ្រូបង្វឹក និងមន្ដ្រីជំនាញក្នុងវិស័យកីឡា ត្រូវឲ្យអាទិភាព ក្នុងការទទួលយកវ៉ាក់សាំងមុនគេ ដើម្បីជៀសវាងហានិភ័យ ដែលនាំឲ្យប៉ះពាល់ដល់ការហ្វឹកហាត់ និងការប្រកួតនានា ។ ជាពិសេសការត្រៀមទៅស៊ីហ្គេមនាឆ្នាំ២០២៣។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា បានរង់ចាំព្រឹត្តិការណ៍នេះ អស់រយៈពេល៦៤ឆ្នាំ ដោយគិតត្រឹមឆ្នាំ១៩៥៩។ នៅសល់ ២៩៧ថ្ងៃទៀត កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នៅខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 ស៊ីហ្គេម
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com