អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខេមប្រ៊ូវ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានសហការរៀបចំចលនាសម្អាតឆ្នេរនៅខេត្តព្រះសីហនុ
11, Jul 2022 , 4:09 pm        
រូបភាព
​ព្រះសីហនុ-ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២៖ ក្រុមហ៊ុន ខេមប្រ៊ូវ ​ជាមួយ​នឹងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំយុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង» ដែលស្ថិតនៅឆ្នេរអូរឈើទាល ១ ខេត្តព្រះសីហនុ។
 
កម្មវិធីនេះ មានការអញ្ជើញចូលរួម ពីលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ហ៊ួត រិទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍។
 
ចលនាសម្អាតនេះ  ធ្វើឡើង​ដើម្បីអបអរទិវាជាតិសម្អាតឆ្នេរ ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹងពីការការពារបរិស្ថាន និងលើកទឹកចិត្ត ឲ្យមានការចូលរួមឲ្យកាន់តែច្រើន ពីប្រជាពលរដ្ឋក្នុងការធ្វើឲ្យបរិស្ថានកាន់តែប្រសើរ។


 
ក្នុងពិធីនេះដែរ  លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ  បានសម្ដែងនូវក្ដីរីករាយ និងពេញចិត្តជាខ្លាំង ដែលក្រុមហ៊ុន ខេមប្រ៊ូវ បានក្លាយជាចំណែកមួយ ក្នុងគំនិតផ្ដួចផ្ដើមមួយនេះ។   លោកបានថ្លែងថា ៖ «នៅខេមប្រ៊ូវ យើងមានក្តីសោមនស្សរីករាយ ដែលបានចូលរួមជាចំណែកមួយ ក្នុងចលនានេះ ដែលជាសកម្មភាពបំផុសស្មារតី អំពីការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយដឹកនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន នូវទម្លាប់នៃការចោលសំរាម»។ លោកបានបន្តទៀតថា៖ «ការចូលរួមនេះ បានឆ្លុះបញ្ចាំង អំពីសាមគ្គីភាពក្នុងកិច្ចការពារបរិស្ថាន។ យើងទាំងអស់គ្នា សុទ្ធតែមានកាលវិភាគ និងកាតព្វកិច្ចរៀងៗខ្លួន ប៉ុន្ដែពួកយើងមានទំនួលខុសត្រូវរួមគ្នាមួយ គឺការចូលរួមដើម្បីសង្គមកាន់តែប្រសើរ»។ លោក Bruce Kidner ជឿជាក់ថា ការចូលរួមរបស់អ្នកទាំងអស់គ្នាក្នុងសកម្មភាពបរិស្ថាន  នឹងនាំមកឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន មិនថាតិច ឬច្រើន។


 
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ក្នុងពិធីថា៖ «ផ្អែកលើបរិបទនេះ ទាមទារឲ្យយើងទាំងអស់គ្នា មានការយកចិត្តទុកដាក់ខ្ពស់  ក្នុងការពិចារណា គិតគូរ ឲ្យបានដិតដល់អំពីទិដ្ឋភាព  សណ្តាប់ធ្នាប់ បរិស្ថាន ភាពស្អាត សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុងរបស់យើង ដើម្បីផ្តល់នូវផាសុកភាព និងភាពរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនា និងសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ»។ លោក ឌីម៉ង់ បានបន្តទៀតថា៖ «ដើម្បីសម្រេចឲ្យបាននូវគោលដៅ និងគោលបំណងខាងលើ យើងទាំងអស់គ្នាចាំបាច់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងមានកិច្ចសហការល្អ ពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍   និងប្រជាពលរដ្ឋ  ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ក្នុងការឈានមុខ ចូលរួមចំណែកអនុវត្ត និងផ្សព្វផ្សាយបន្ត ទៅដល់ញាតិមិត្ត ក្រុមគ្រួសារ និងសង្គមជាតិរបស់យើងឲ្យបានកាន់តែទូលំទូលាយ»។




 
លោក ហ៊ួត រិទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក៏បានថ្លែងក្នុងកម្មវិធីថា ៖«យុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង នៅធ្នេរក្នុងថ្ងៃនេះ គឺធ្វើឡើងក្នុង​បំណងធ្វើឲ្យឆ្នេរយើងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​ ឲ្យកាន់តែច្រើនមកលេងកម្សន្តនៅឆ្នេរ ក៏ដូចជាដើម្បីកម្ពុជាត្រៀមខ្លួន ទទួលរៀបចំបុណ្យសមុទ្រ និងធ្វើជាម្ចាស់ផ្ទះក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើពិភពលោក ក្នុងខែធ្នូ ខាងមុខនេះ»។ ​លោក ហ៊ួត រិទ្ធី​ បាន បន្តទៀតថា៖ «ការចូលរួមទាំងអស់គ្នា ទាំងវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ មានសារសំខាន់ណាស់ ក្នុងការចូលរួមធ្វើឲ្យឆ្នេរស្អាត កម្ពុជាស្អាត»។
 


ក្រុមហ៊ុន ខេមប្រ៊ូវ បានបញ្ជាក់បន្ថែមទៀតថា ក្រោមកិច្ចសហការដ៏ស្អិតល្មួត ជាមួយដៃគូពាក់ព័ន្ធ  ក្រុមហ៊ុននឹងរៀបចំចលនាសម្អាតចំនួនពីរលើក ក្នុងឆ្នាំ២០២២នេះ  ដែលលើកទី២ នឹងរៀបចំធ្វើឡើង នៅរាជធានីភ្នំពេញ ក្នុងខែកញ្ញា ដើម្បីអបអរទិវាសម្អាតពិភពលោក។
 
ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា ក្រុមហ៊ុន ខេមប្រ៊ូវ ប្ដេជ្ញាដឹកនាំ និងប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងចីរភាព នឹងបន្ដចូលរួមចំណែកដើម្បីសង្គមកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក៕
 






(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com