កីឡាជាតិ
ជាតិ
AFF U-19៖ កម្ពុជាបានតែ៣ពិន្ទុប៉ុណ្ណោះមកផ្ទះវិញ ក្រោយចាញ់៣ប្រកួតជាប់គ្នា
11, Jul 2022 , 5:07 pm        
រូបភាព
បាល់ជ្រុងទាត់ចេញដោយជម្រើសជាតិកម្ពុជា រូបពីVDO ឡាយផ្ទាល់
បាល់ជ្រុងទាត់ចេញដោយជម្រើសជាតិកម្ពុជា រូបពីVDO ឡាយផ្ទាល់
 កម្ពុជា​បាន​ចាញ់ទីម័រខាងកើត ៤-១ នាជំនួប​ចុងក្រោយពូល B នៃព្រឹត្តិការណ៍ AFF U-19 Championship នាល្ងាច​ថ្ងៃទី​១១ ខែកក្កដា នេះ នៅ​កីឡដ្ឋាន Madya Senayan ប្រទេសឥណ្ធូណេស៊ី។ នេះជាបរាជ័យ​៣ប្រកួតជាប់គ្នា ក្រោយបើឆាកឈ្នះសិង្ហបុរី ដែលធ្វើឲ្យ​កម្ពុជា​វិលត្រឡប់មក​ផ្ទះវិញ ជាមួយ​តែ៣ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ដៃ។

 
ការប្រកួតចាប់ផ្ដើម សម្រាប់ក្រុមទាំងពីរ មានការវាយបកគ្នាទៅវិញទៅមក។៤នាទីដំបូង ក្រុមទាំងពីរ​ មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងតែមិនបង្ករឲ្យមានរបួសដល់កីឡាករណាមួយទេ។ ត្រឹមនាទី១២ កម្ពុជាទទួលបានបាល់ទាត់ជ្រុង២លើក តែមិនអាចសម្រេចទីបានទេ ដោយមានការរំខានពី អ្នកចាំទី ទីម័រខាងកើត។ 
 
នៅនាទី១៧ ទីម័រខាងកើត ទទួលបានបាល់ជ្រុងតែមិនអាចទទួលបានបាល់ស៊ុតដោយងាយទេ ដោយខ្សែការពារកម្ពុជា មានភាពរឹងមាំខ្លាំង។
តែចូលដល់នាទី២៣ កីឡាករ Olangar Xavier របស់ទីម័រ បានស៊ុតចូលបន្ទាប់ពីដណ្ដើមបានពីខ្សែការពារកម្ពុជា។ ៣នាទីក្រោយមកទៀត កីឡាករ ZenivioMota ខ្សែប្រយុទ្ធទីម័រខាងកើត បន្ថែមបានមួយគ្រាប់ទៀតនាំឲ្យទីម័រខាងកើត នាំមុខកម្ពុជា ២-០។
 
ទីម័រខាងកើត បន្ថែមការដាក់សម្ពាធមកលើកម្ពុជាបើទោះជាមានគ្រាប់បាល់នាំមុខកម្ពុជា ក៏ដោយ។ កីឡាករ U-19 ទីម័រខាងកើតបានប្រើបច្ចេកទេសជាច្រើន ដោយអូសដាច់កីឡាករកម្ពុជា ជាច្រើនរូប តែទើជាយ៉ាងនោះក៏ដោយមានចំណុចខ្វះខាតមួយចំនួន ដោយរបូតបាល់ជាច្រើនលើក។​នៅនាទី៣៨ កីឡាករ សោម បូរិទ្ធ ត្រូវប្ដូរចេញ និងចូលជំនួសដោយ គង់លីហួរ។ នៅក្នុងតង់ទី១នេះ កម្ពុជា មានទាន់មានឱកាសអាចចូលទៅតំបន់គ្រោះថ្នាក់ទីម័រខាងកើត នៅឡើយទេ។ លទ្ធផល២-០ បន្ដរហូត ដល់ចប់តង់ទី១។
 
ចូលដល់តង់ទី២ នាទី៤៦ កម្ពុជា មានឱកាសស៊ុត តែត្រូវអ្នកចាំទីរបស់ទីម័រខាងកើត សង្គ្រោះបាន។ នៅដើមតង់ទី២ កម្ពុជា មានឱកាសជាច្រើនលើកនៅក្នុងតំបន់គ្រោះថ្នាក់ របស់ទីម័រខាងកើត។ នៅនាទី៦៥ សុវណ្ណ ដូណា បានប្ដូរចេញនិងចូលជំនួសដោយ ចាន់ វិបុលដាវិឌ។ នៅនាទីដដែរ អ៊ាវ សុវណ្ណរា ចេញ និងចូលជំនួសដោយឆាន់ ប៊ុនមី។ 
 
នាទី៨០ កីឡាករ Luis Figo សម្រេចបានគ្រាប់ទៀត បន្ទាប់ពីមិត្តរួមក្រុមបញ្ជូនបាល់មកនាំឲ្យទីម័រខាង កើតនាំមុខកម្ពុជា ៣-០។ កីឡាករ អ៊ាម រតនា បានប្ដូរ ជំនួស វឿន វ៉ា នៅនាទី៨៤។ ចូលដល់នាទី៨៦ ហាវ សុខនេត្រ កីឡាករកម្ពុជា វាយបកបាន១គ្រាប់បើទោះជាអ្នកចាំទីរបស់ទីម័រខាងកើតចាប់បាន តែបាល់បានរបូតចេញពីដៃវិញ។ បន្ថែម៣នាទីចុងក្រោយ កីឡាករ Lui Figo  របស់ទីម័រ ខាងកើត រកបាន១គ្រាប់ទៀតនៅនាទី៩០+២។
 
គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍បាល់ទាត់ក្រោយអាយុ១៩ឆ្នាំ ទីម័រខាងកើត បានឈ្នះកម្ពុជា ជាលើកទី១ ដោយគិតត្រឹមឆ្នាំ២០១៧ ស្មើជាមួយកម្ពុជា ១-១ និង២០១៨ ចាញ់កម្ពុជា ២-១។ ដោយឡែក នៅថ្ងៃទី១១ ខែកក្កដា នៅឥណ្ឌូណេស៊ី កម្ពុជាចាញ់ទីម័រខាងកើត ៤-១៕
 
 

Tag:
 បាល់ទាត់
  AFF
  AFF U-19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com