ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស៤ នឹងទៅជួបសង្គមស៊ីវិល គ.ជ.ប ក្រសួងមហាផ្ទៃ និងរដ្ឋសភាដើម្បីស្នើកែទម្រង់ការបោះឆ្នោត
11, Jul 2022 , 6:33 pm        
រូបភាព
ភ្នំពេញ៖ គណបក្សនយោបាយចំនួន៤ រួមគ្នាតស៊ូមតិ ស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់ ស្ដីពីច្បាប់ការបោះឆ្នោត ច្បាប់គណបក្សនយោបាយ ពិសេសសមាសភាពក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ជុំវិញ ករណីនេះ អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបថា ឥតមានពាក់ព័ន្ធនឹងស្ថាប័នខ្លួនឡើយ។

 
គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងក្នុងសន្និសីទកាសែតថា ការរៀបចំទៅជួបភាគីពាក់ព័ន្ធ មានសង្គមស៊ីវិល គ.ជ.ប ក្រសួងមហាផ្ទៃ និងរដ្ឋសភា គឺដើម្បីចរចា និងរួមគ្នា ស្នើឲ្យរដ្ឋាភិបាល និងរដ្ឋសភា ធ្វើវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោត និងច្បាប់ស្ដីពីការគណបក្សនយោបាយ។ 
 
ក្នុងសន្និសីទកាសែត ថ្ងៃទី១១កក្កដា នៅភោជនីយដ្ឋានមួយនៅតំបន់ទួលគោក លោក យេង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងចំពោះមុខ ក្រុមអ្នកសារព័ត៌មាន ពីបញ្ហាមិនប្រក្រតីជាច្រើន នាអំឡុងពេលបោះឆ្នោត។ បញ្ហាទាំងនេះ មានការគំរាមកំហែង លើសកម្មជនយោបាយ ភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោត និងកង្វះការសហការពីអាជ្ញាធរជាដើម។ 
 
ជាមួយគ្នាដែរ លោក សុន ឆ័យ អនុប្រធនាគណបក្សនយោបាយភ្លើងទៀន លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដែលមានវត្តមានក្នុងសន្និសីទ សុទ្ធតែមើឃើញពីបញ្ហា និងបានរិះគន់ពីដំណើរការបោះឆ្នោតនាពេលថ្មីៗនេះ។ 
 
បក្សទាំង៤នេះ បានរួមគ្នាស្នើឲ្យមានការកែទម្រង់សមាសភាព គ.ជ.ប ហើយធានាភាពមិនលម្អៀងរបស់មន្រី្ត គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការខេត្តរៀបចំការបោះឆ្នោតទៅរកគណបក្សកាន់អំណាច។ ចំណែក មន្រី្តនៃស្ថាប័ន តុលាការ យោធា នគរបាលជាតិ មន្រី្តរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញតួនាទីដោយអព្យាក្រឹត្យ។ លើសពីនេះ ត្រូវទប់ស្ដាត់សកម្មភាពបំភិតបំភ័យ ដែលប៉ះពាល់ដល់សេរីភាពនៃការចូលរួមនយោបាយ រួមទាំងកែប្រែនីតិវិធីរាប់សន្លឹកឆ្នោតដោយបើកចំហ និងការចុះឈ្មោះ បេក្ខជន អ្នកបោះឆ្នោត និងភ្នាក់ងារសង្កេតការណ៍។ 
 
«ធ្វើវិសោធនកម្មច្បាប់ស្ដីពីច្បាប់បោះឆ្នោត និងច្បាបស្ដីពីគណបក្សនយោបាយ»។ នេះជាអ្វីដែល បក្សទាំង៤ សង្កាត់ធ្ងន់។ 
 
ជុំវិញ ការតស៊ូមតិ ឲ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត ការលើកស្ទួយសេរីភាពនយោបាយ ពិសេសការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ច្បាប់ស្ដីពីការគណបក្សនយោបាយនេះ លោក សុន ឆ័យ បញ្ជាក់ថាបក្សទាំង៤ នឹងជួបជាមួយក្រុមសង្គមស៊ីវិល ដើម្បីជជែកបន្ថែម ពីភាពមិនប្រក្រតីដែលបានរកឃើញ នៅអំឡុពេលបោះឆ្នោតឃុំ-សង្កាត់។ ព្រោះគណបក្សទាំង៤ ឃើញក្រុមសង្គមស៊ីវិល ក៏រកឃើញ ភាពមិនប្រក្រតីមួយចំនួនដូចគ្នា ហើយនឹងបន្តសិក្សាពីនីតិវិធីផ្នែកច្បាប់ ដើម្បីស្នើឲ្យមានការវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់ខាងលើ។
 
ផែនការបន្ទាប់ទៀត អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ថ្លែងយ៉ាងដូច្នេះ៖ «ជាដំណើរការយើងនឹងទៅ ក្រសួងមហាផ្ទៃ ហើយយើងនឹងទៅរដ្ឋសភា។ យើងនឹងធ្វើតាមការណែនាំរបស់រដ្ឋសភា ហើយក៏ជួបជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ដែរ ពិសេសគឺ គ.ជ.ប»។ 
 
ការស្នើឲ្យមានវិសោធនកម្មនេះ បក្សទាំង៤ ពុំទាន់កំណត់យកមាត្រាណាមួយ និងចំនួនប៉ុន្មានមាត្រា ឲ្យជាក់លាក់នោះទេ។ ទោះជាយ៉ាងនេះក្ដី លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកមាត្រាមួយចំនួន ដែលនឹងពិចារណាក្នុងការដាក់សំណើសុំធ្វើសោធនកម្មនេះ។ លោក កុមារ បានលើកពីមាត្រាខ្លះ រួមមានមាត្រា១២៣ មាត្រា២៧ មាត្រា១៤៥ មាត្រា១៥១ថ្មី នៃច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយ ដែលគ្រោងនឹងលើកទៅជជែកជាមួយ គ.ជ.ប រដ្ឋសភា និងក្រសួងពាក់ព័ន្ធ។ មាត្រាទាំងនេះ ភាគច្រើនពាក់ព័ន្ធនឹងការបែងចែកអាសនៈ ការដាក់បេក្ខជន សេរីភាពនយោបាយ នៅមូលដ្ឋានជាដើម។ 
 
«យើងចង់លើកយកបញ្ហាដែលរកឃើញទាំងអស់មកជជែកគ្នា ជាមួយស្ថាប័នពាក់ព័ន្ធ តើចំណុចណាខ្លះយើងអាចដោះស្រាយបាន ហើយកែទម្រង់ជាជំហានៗ សម្រាប់ផលប្រយោជន៍រួម…»។ នេះបើតាមការលើកឡើងរបស់ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ 
 
ជាមួយគ្នាដែរ លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា ក៏មើលឃើញ ដូចបក្សទាំង៣ខាងលើដែរ គឺចង់ឲ្យមានការពង្រឹងការអនុវត្តច្បាប់ និងវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោត និងច្បាប់ស្ដីពីការគណបក្សនយោបាយ។ លោកថ្លែងយ៉ាងដូច្នេះ៖ «ច្បាប់គឺត្រូវការកែម្ដងបន្តិចៗ រហូតល្អប្រសើរ ព្រោះយើងមិនអាចទុក ឬកែដើម្បីបម្រើប្រយោជន៍បក្សមួយក្រុមណាមួយបានឡើយ គឺយើងធ្វើដើម្បីបម្រើប្រយោជន៍សង្គម»។ ដោយសារ មិនចង់ឃើញមានបញ្ហាដដែល នៅពេលបោះឆ្នោត ទើបលោក ច័ន្ទរ័ត្ន សម្រេចចូលរួមតស៊ូមតិ ឲ្យមាការកែលម្អច្បាប់នេះ។ 
 
ទន្ទឹមនឹងនេះ លោក គង់ មុនីកា សង្កត់ធ្ងន់ថា លោកក៏ដូចជាបក្សដទៃទៀតដែរ គឺចង់ឃើញសង្គមកម្ពុជា មានប្រជាធិបតេយ្យពិតប្រាកដ ពុំមែនមានតែលើក្រដាស ទើបសម្រេចចូលរួមតស៊ូមតិ ដើម្បីកែប្រែនីតិវិធីនៃការអនុវត្តច្បាប់ និងវិសោធនកម្មច្បាប់នេះ។ 
 
ទាក់ទិននឹងការ វិសោធនកម្មច្បាប់ និងការជជែកពីនីតិវិធី នៃដំណើរការបោះឆ្នោតនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបវិញថា ឥតមានពាក់ព័ន្ធនឹង គ.ជ.ប ឡើយ ដោយសារ នីតិវិធីនៃការតាក់តែងច្បាប់ មិនមែនស្ថិតក្នុងដែនសមត្ថកិច្ច គ.ជ.ប ឡើយ។ ជាមួយគ្នាដែរ ចំពោះការិះគន់ ដំណើរការ និងការអនុវត្តច្បាប់ជុំវិញការដោះស្រាយបណ្ដឹងផ្សេងៗ ពាក់ព័ន្ធនឹងការបោះឆ្នោត លោកលើកឡើងថា ឥតមានដំណើរការណាមួយ ប្រព្រឹត្តឡើង ដោយល្អឥតខ្ចោះនោះទេ។ 
 
«គ.ជ.ប មិនមែនជាស្ថាប័នស្នើសុំកែច្បាប់ ឬអនុម័តច្បាប់ទេ! ការស្នើឲ្យកែប្រែវិសោធនកម្មច្បាប់នេះ គឺជាមតិរបស់ក្រុមឬបក្សនីមួយៗ ប៉ុន្តែអ្វីៗ មិនមែនសុទ្ធតែធ្វើតាមការស្នើសុំនោះទេ ប៉ុន្តែស្ថាប័នដែលពាក់ព័ន្ធ ឃើញហើយអាចនឹងពិចារណា»។ នេះបើតាមការលើកឡើងរបស់លោក ហង្ស ពុទ្ធ ដោយបញ្ជាក់ថា លោកឃើញមានតែបក្ស៤ខាងលើប៉ុណ្ណោះ ដែលលើកពីករណីនេះ ក្នុងចំណោមបក្ស១៧ ដែលបានចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ដូច្នេះ គ.ជ.ប ក៏ពិនិត្យមើលតាមមតិភាគច្រើនដែរ ពិសេសរាល់សំណើផ្សេងៗពាក់ព័ន្ធនឹង គ.ជ.ប៕ 
 
Relate 116948
 

© រក្សាសិទ្ធិដោយ thmeythmey.com