កីឡាជាតិ
ជាតិ
គ្រូបង្វឹកបាល់ទាត់នារីកម្ពុជា មើលឃើញពីការរីកចម្រើន តែបារម្ភពីការបាត់បង់ការតាំងចិត្ដរបស់កូនក្រុម
12, Jul 2022 , 6:59 pm        
រូបភាព
.ជម្រើសជាតិបាល់ទាត់នារីកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួតជាមួយទីម័រ ខាងកើត រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
.ជម្រើសជាតិបាល់ទាត់នារីកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួតជាមួយទីម័រ ខាងកើត រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
បាល់ទាត់ស្ដ្រីកម្ពុជា ត្រូវប្រកួតបង្គ្រប់កិច្ចជាមួយ ទីម័រខាងកើត ក្នុងពូល B នៅថ្ងៃទី១៣ ខែកក្កដា ក្នុងព្រឹត្តិការណ៍ AFF Women’s Championship។ បើទោះជាបរាជ័យផ្ទួនៗក្តី ក៏ជម្រើសជាតិបាល់ទាត់នារីកម្ពុជា បានបង្ហាញពីការរីកចម្រើន និងការវិវឌ្ឍទៅមុខបន្ដិចម្ដងៗ ជាមួយទម្រង់វាយបក។

 
លោក ប្រាក់ វុទ្ធី គ្រូបង្វឹកជម្រើសជាតិបាល់ទាត់នារីកម្ពុជា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមតេលេក្រាមថា ការប្រកួត AFF Women’s Championship គឺជាការប្រកួតដ៏សំខាន់ របស់បាល់ទាត់នារីកម្ពុជា ដែលអាចវិភាគវាយតម្លៃទៅលើកម្រិត និងគុណផលក្រុម ដែលបានចូលរួមទាំងអស់។
 
«យើង បានវាយតម្លៃលើគូប្រកួត និងវាយតម្លៃក្រុមកម្ពុជាយើងផ្ទាល់។ ខ្ញុំ យល់ឃើញថា បាល់ទាត់នារី កំពុងបោះជំហានមួយដ៏ល្អ និងមានការរីកចម្រើន។ ប៉ុន្ដែការរីកចម្រើននេះ នៅមានកម្រិតទាប និងតិចតួចនៅឡើយ។ យើងទើបតែធ្វើបានល្អនូវចំណុចតូច។»។ លោក ប្រាក់ វុទ្ធី បានប្រាប់បែបនេះ។


 ជម្រើសជាតិបាល់ទាត់នារីកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួតជាមួយទីម័រ ខាងកើត រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

តែយ៉ាងណាគ្រូបង្វឹករូបនេះ ក៏ព្រួយបារម្ភ ពីស្មារតីកូនក្រុម ដែលរងបរាជ័យផ្ទួនៗនេះ ដែលអាចធ្វើឲ្យពួកគេបាត់បង់នូវចំណុចវិជ្ជមានបន្ដិចបន្ដួចនេះ និងបាត់បង់ការតាំងចិត្តទៅវិញ។
«យើង ប្រកួតស្មើជាមួយ ឡាវ។ ប្រសិនថ្ងៃស្អែក យើងប្រកួតឈ្នះ ទីម័រខាងកើតទៀត ចំណាត់ថ្នាក់របស់យើង នឹងកើនឡើង។ នេះ គ្រាន់តែជំហានចាប់ផ្ដើម។»។ លោក ប្រាក់ វុទ្ធី បានបន្ថែមបែបនេះ។
 
ក្នុងពូល B កម្ពុជា ត្រូវប្រកួតបង្គ្រប់កិច្ចជាមួយ ទីម័រខាងកើត នៅថ្ងៃទី១៣ កក្កដា វេលាម៉ោង៧:០០យប់ នៅកីឡដ្ឋាន  City of Imus Grandstand ប្រទេសហ្វីលីពីន ក្នុងព្រឹត្តិការណ៍ AFF Women’s Championship ស្របពេលដែល វៀតណាម ប្រកួតជាមួយ មីយ៉ាន់ម៉ា នៅកីឡដ្ឋាន Rizal Memorial ៕
 

Tag:
 បាល់ទាត់
  AFF
  AFF Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com