កីឡាជាតិ
ជាតិ
AFF U-19៖ ម៉ាឡេស៊ី ជួបវៀតណាម ខណៈថៃ ជួបឡាវ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
13, Jul 2022 , 8:29 am        
រូបភាព
យុវជនអាយុក្រោម១៩ឆ្នាំ ថៃ(ខៀវ) ប្រកួតជាមួយវៀតណាម(ក្រហម) វគ្គជម្រុះក្នុងពូលA(ប្រភព សហព័ន្ធកីឡាបាល់ទាត់ថៃ)
យុវជនអាយុក្រោម១៩ឆ្នាំ ថៃ(ខៀវ) ប្រកួតជាមួយវៀតណាម(ក្រហម) វគ្គជម្រុះក្នុងពូលA(ប្រភព សហព័ន្ធកីឡាបាល់ទាត់ថៃ)
ដោយ៖ហៀក ឆក

ម៉ាឡេស៊ី ជួបវៀតណាម មុនពេលថៃ ជួបឡាវ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ AFF U-19 BOYS CHAMPIONSHIP2022 នាកីឡដ្ឋាន Patriot Chandrabhaga ក្រុងបេកាស៊ី ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១៣ កក្កដា ។

 
អតីតម្ចាស់ជើងឯក២០១៨ ម៉ាឡេស៊ី ជួបម្ចាស់ជើងឯក២០០៧ វៀតណាម នាម៉ោង៣ ៖៣០រសៀលនាទី (ម៉ោងកម្ពុជា) នាកីឡដ្ឋាន Patriot Chandrabhaga ។ ក្រុមទាំងពីរជួបគ្នា២លើករួចមកហើយក្នុងកម្មវិធី AFF U-19 ដោយយុវជនអាយុក្រោម ១៩ឆ្នាំ វៀតណាម ស្មើ០-០ និងឈ្នះ ៣-១។ 
 
មុនឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ វៀតណាមហាក់ធ្វើបានល្អ ជាងម៉ាឡេស៊ី ។ ៥ប្រកួតរបស់វៀតណាម នៅក្នុងពូល A វៀតណាម បានយកឈ្នះហ្វីលីពីន ៤-១ , ឈ្នះមីយ៉ាន់ម៉ា ៣-១ , ស្មើឥណ្ឌូណេស៊ី ០-០​ ឈ្នះព្រុយណេ ៤-០ និងស្មើថៃ១-១ ដោយមាន១១ពិន្ទុឈរលេខ១ពូលA ។
 
ចំណែក៤ប្រកួតរបស់ ម៉ាឡេស៊ី ឈ្នះកម្ពុជា ២-១ ,ស្មើសិង្ហបុរី ០-០ ,ឈ្នះទីម័រខាងកើត ៤-៣ និងចុងក្រោយចាញ់ ឡាវ ០-១ ដោយមាន ៧ពិន្ទុឈរលេខ២ ក្នុងពូលB ។ ពូលB មាន៥ក្រុម ដែលតម្រូវឱ្យមានការប្រកួតតទល់៤ប្រកួតប៉ុណ្ណោះ។
  

ក្រុមឡាវ ក្រោយប្រកួតឈ្នះ ម៉ាឡេស៊ី ១០ វគ្គជម្រុះពូល B (ប្រភព សហព័ន្ធកីឡាបាល់ទាត់ឡាវ) 

ចំណែកម្ចាស់ជើងឯក៥សម័យ ថៃ ត្រូវជួបក្រុមលេខ១ ពូលB ឡាវ ។ ក្រុមទាំងពីរជួបគ្នា៣លើកហើយ ដោយថៃពុំស្គាល់ពាក្យចាញ់នោះទេ ពោលថៃឈ្នះ ២-១ ,ឈ្នះ២-១ និងចុងក្រោយ ៣-០។ សម្រាប់ការប្រកួតក្នុងពូលកន្លងមកនេះ ក្រុមទាំងពីរសម្រេចបានលទ្ធផលល្អដូចគ្នា។ 
 
៤ប្រកួតកន្លងមក ឡាវ បានឈ្នះទីម័រខាងកើត ២-០ ,ឈ្នះកម្ពុជា ២-១ ,ឈ្នះ សិង្ហបុរី៣-១ និងឈ្នះម៉ាឡេស៊ី១-០ ដោយមាន១២ពិន្ទុ ឈរលេខ១ ក្នុងពូលB។ ចំណែកថៃ ឈ្នះមីយ៉ាន់ម៉ា ៣-០ ស្មើឥណ្ឌូណេស៊ី ០-០ ,ឈ្នះហ្វីលីពីន ១-0, ឈ្នះព្រុយណេ២-០  និងស្មើវៀតណាម១-១ ដោយមាន១១ពិន្ទុ ក្នុងពូលA។
 
គួបញ្ជាក់ផងដែរ សម្រាប់ពូលA ក្រុមដែលមានពិន្ទុស្មើគ្នាមាន៣ក្រុមរួមមាន វៀតណាម ថៃ និងម្ចាស់ផ្ទះឥណ្ឌូណេស៊ី។ ប៉ុន្តែសម្រាប់អ្នកត្រូវឡើងគឺគិតលើពិន្ទុ និងគ្រាប់បាល់ទាត់បញ្ចូលទីគ្នា (Head to Head) ដោយឥណ្ឌូណេស៊ី ពុំអាចទាត់បញ្ចូលទីក្រុមវៀតណាម និងថៃបាន ខណៈថៃ និងវៀតណាម មានគ្រាប់បាល់ទាត់បញ្ចូលទីគ្នាម្នាក់១គ្រាប់។ ដូច្នេះថៃ និងវៀតណាម កាន់ដៃគ្នាទៅជួបក្រុមលេខ១ និង២ មកពីពូលB មានឡាវ និងម៉ាឡេស៊ី៕
 
 
 

Tag:
 បាល់ទាត់
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com