កីឡាជាតិ
ជាតិ
CPL៖​ភ្នំពេញក្រោន ជួបទ័ព ខណៈវិសាខា ជួបអង្គរថាយហ្គឺរ
13, Jul 2022 , 9:29 am        
រូបភាព
ដោយ៖ហៀក ឆក

ម្ចាស់ផ្ទះភ្នំពេញក្រោន នឹងត្រូវបើកទ្វាស្វាគមន៍ក្រុមភ្ញៀវ កងយោធពលខេមរភូមិន្ទ(ទ័ព) ខណៈម្ចាស់ផ្ទះ វិសាខា ទទួលអង្គរថាយហ្គឺរ ក្នុងជំនួបជុំទី២ សប្តាហ៍ទី៨ ពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ ២០២២ នាម៉ោង៦៖៣០ ល្ងាចថ្ងៃទី១៣ កក្កដា។


ម្ចាស់ផ្ទះភ្នំពេញក្រោន ត្រូវការពិន្ទុជាចាំបាច់ពីក្រុមទ័ព ដើម្បីរុញខ្លួនឡើងទៅលេខល្អក្នុងតារាង ។ ២ប្រកួតចុងក្រោយកន្លងមក ភ្នំពេញចាញ់ ព្រះខ័នរាជ ០-១ និងឈ្នះអង្គរថាយហ្គឺរ ៣-២។

រីឯទ័ព ក៏ត្រូវការពិន្ទុដើម្បីគេចចេញពីតំបន់គ្រោះថ្នាក់ផងដែរ ដោយ២ប្រកួតកន្លងមក ចាញ់បឹងកេត ៣-៤ និងស្មើណាហ្គាវើលដ៍ ១-១។ សប្តាហ៍នេះជាជំនួបលើកទី១៣ ហើយរវាងក្រុមទាំងពីរ។ ការជួបគ្នា ៣លើកចុងក្រោយ ម្ចាស់ផ្ទះពុំស្គាល់ពាក្យចាញ់ភ្ញៀវឡើយ ពោលគឺម្ចាស់ផ្ទះ ស្មើ១-១, ឈ្នះ ៣-០ និងស្មើ០-០។ 
 
គ្រូបង្វឹកភ្នំពេញក្រោនលោក Oleg Starynskyi ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ក្រុមរបស់លោក មមារញឹកខ្លាំងសម្រាប់ការប្រកួត។ លោកបន្តថា ទ័ព ជាក្រុមដែលល្អមួយ ហើយមានការរីកចម្រើនយ៉ាងខ្លាំង ។ ប៉ុន្តែលោកសង្ឃឹមថា កូនក្រុមខ្លួននឹងអាចយក ៣ពិន្ទុពីការប្រកួតនេះ។
 
«ទ័ព ជាអ្នកជិតខាងរបស់យើងសម្រាប់តារាងក្នុងលីគ។ ខ្ញុំរំពឹងថា មានភាពតានតឹងនាជំនួបនេះ។ ពួកគេល្អពេលចាប់ផ្តើមរដូវកាល ខ្ញុំប្រាកដណាស់គេនឹងទទួលបានពិន្ទុបន្ថែម ប៉ុនែ្តសង្ឃឹមថា វានឹងចាប់ផ្តើមក្រោយការប្រកួតរបស់យើង។ ថ្ងៃស្អែកយើងត្រូវការឈ្នះ ដើម្បីបាន៣ពិន្ទុឡើងលើតារាង»។ សម្តីគ្រូបង្វឹកភ្នំពេញក្រោន។
 
សម្រាប់អ្នកចាត់ការទូទៅក្រុមទ័ព លោក ថោង ឧត្តម បានិយាយថា ក្រុមលោកបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ជំនួបទល់នឹងម្ចាស់ផ្ទះ។ លោក ឧត្តម មើលឃើញថា ក្រុមទាំងអស់នៅក្នុងលីគ ​គឺជាក្រុមខ្លាំង  និងមានការប្រកួតប្រជែងខ្ពស់ ទាំងក្រៅដី និងក្នុងដី។ 
 
«យើងសង្ឃឹមក្នុងការដណ្តើមយក ៣ពិន្ទុបន្ថែមសម្រាប់ថ្ងៃពុធនេះ»។ សម្តីអ្នកចាត់ការទូទៅក្រុម។ 
 
ចំណែកក្រុមអង្គថាយហ្គឺរ ត្រូវធ្វើដំណើរផ្លូវឆ្ងាយទៅជួបម្ចាស់ផ្ទះ វិសាខា នាកីឡដ្ឋានព្រីនស៍។ ម្ចាស់ផ្ទះ ត្រូវការពិន្ទុជាខ្លាំងក្នុងការប្រជែងតំណែងលេខ២ ខណៈបច្ចុប្បន្ន មាន១៦ពិន្ទុស្មើ បឹងកេត។ ២ប្រកួតកន្លងមក វិសាខា ឈ្នះណាហ្គាវើលដ៍ ២-០ និងឈ្នះគីរីវង់សុខសែនជ័យ ២-១។ ក្រុមភ្ញៀវ ក៏ត្រូវការពិន្ទុជាចាំបាច់ដែរ ដោយ២ប្រកួតកន្លងមក ស្មើគីរីវង់សុខសែនជ័យ ៣-៣ និងចាញ់ភ្នំពេញក្រោន ២-៣។ សប្តាហ៍ទី៨នេះ ជាជំនួបលើកទី៩ របស់ក្រុមទាំងពីរ ។ សម្រាប់់២ប្រកួតចុងក្រោយ រវាងក្រុមទាំងពីរ គឺវិសាខា​ អ្នកទទួលបានជ័យជម្នះ ដោយឈ្នះ២-១ និងឈ្នះ ៣-១។
 
លោក អ៊ុ ករុណា អគ្គលេខាធិការក្រុម អង្គរថាយហ្គឺរ បាននិយាយថា វិសាខា ជាក្រុមខ្លាំងមួយនាពេលបច្ចុប្បន្ន ហើយក្រុមមួយនេះក៏បានបង្ហាញទម្រង់លេងដ៏ល្អ ក្នុងការប្រកួតពាន AFC Cup។ ប៉ុន្តែយ៉ាងណា លោកនៅតែជឿជាក់កូនក្រុមខ្លួន បើទោះជាជើងទី១ ចាញ់វិសាខា ក្នុងដីខ្លួនក្តី។
 
«យើងបានត្រៀមលក្ខណៈអស់ហើយសម្រាប់ការប្រកួតថ្ងៃស្អែកហ្នឹង ដោយសារតែជុំទី១យើងបានចាញ់វិសាខាក្នុងដី យើងបានត្រៀមអស់ហើយសម្រាប់យើងមានការរៀបចំពីដើមអ៊ីចឹង។ និយាយពីអារម្មណ៍ផ្ទាល់គឺចង់បាន ៣ពិន្ទុផ្ទាល់បាទ ប៉ុន្តែយើងមិនអាច ដូចដឹងស្រាប់ហើយបាល់គឺមូលអ្វីៗគឺអាចប្រែប្រួល តែយើងនឹងសង្ឃឹមឲ្យខ្លាំងដើម្បីអ្នកគាំទ្រយើង»។ សម្តីលោក អ៊ុ ករុណា។
 
ដោយឡែកចាត់ការទូទៅវិសាខា លោក ហុក សុចិត្រា ក៏ដាក់គោលដៅយក៣ពិន្ទុសម្រាប់ នាការប្រកួតនេះដែរ។«គ្រប់ការប្រកួត យើងដាក់គោលដៅត្រូវតែយក ៣ពិន្ទុ ប៉ុន្តែរឿងលទ្ធផលយ៉ាងណាយើងនឹងប្រឹងប្រែង»។ អ្នកចាត់ការទូទៅក្រុមវិសាខា បញ្ជាក់យ៉ាងដូច្នេះ៕
 
 
 

Tag:
 បាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com