កីឡាជាតិ
ជាតិ
កីឡា៣៩ប្រភេទ ត្រូវបានដាក់បញ្ចូល ក្នុងស៊ីហ្គេមលើកទី៣២ ខណៈកីឡា៥ទៀតស្ថិតក្នុងការពិចារណា
13, Jul 2022 , 2:48 pm        
រូបភាព
លោក វ៉ាត់ ចំរើន ថ្លែងប្រាប់សារព័ត៌មានក្រោយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាថ្ងៃទី១២ ខែកក្កដា នៅសណ្ឋាគារសុខា រូប CAMSOC
លោក វ៉ាត់ ចំរើន ថ្លែងប្រាប់សារព័ត៌មានក្រោយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាថ្ងៃទី១២ ខែកក្កដា នៅសណ្ឋាគារសុខា រូប CAMSOC
ក្នុងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ធ្វើចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែកក្កដា នៅសណ្ឋាគាសុខា ទទួលបានផ្លែផ្កាជាច្រើន។ ក្រោយការប្រជុំនាព្រឹកថ្ងៃទី១៣ ខែកក្កដា កីឡា៣៩ប្រភេទ ត្រូវបានដាក់បញ្ចូល និងកីឡា៥ប្រភេទកំពុងស្ថិតក្នុងការពិចារណា។

 
ក្រោយការបញ្ចប់ការប្រជុំគណៈកម្មការប្រតិបត្ដិក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កីឡា៣៩ប្រភេទ នឹងដាក់ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ កីឡាទាំងនោះ រួមមាន ហែលទឹក (ហែលទឹក, លោតទឹកនិងកីឡាបាល់ទឹក), អត្តពលកម្ម, វាយសី, បាល់បោះ (៥x៥, ៣x៣), ប្រដាល់សកល, បុកបីយ៉ា, ប្រណាំងកង់ (កង់គួក និងកង់ភ្នំ), ទូកកានូ និងរ៉ូអ៊ីង, អុក (អុកចត្រង្គ, ប្រចាំតំបន់, អុកចិន), កីឡារាំ, កីឡាគុនដាវ, បាល់ទាត់, វាយកូនហ្គោល, កាយសម្ព័ន្ធ, កីឡាហុកគី, សូហ្វីតេនីស, យូដូ, ការ៉ាតេ, គុនខ្មែរ, ប៉េតង់, ទូកក្ដោង, សីដក់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ, ទូកប្រពៃណី, ទ្រីយ៉ាថ្លុង, បាល់ទះ, ចំបាប់ ,លើកទម្ងន់, ហែលទឹកជើងទា, កាយវប្បកម្ម, កីឡាអេឡិចត្រូនិច, Silat, cricket , ម៉ូតូទឹក, វ៉ូសូ, កីឡា floorball និងកីឡាឧបសគ្គ។  
 
ចំណែកប្រភេទកីឡាបែបសម្ដែងដូចជា Arnis (គុនដំបងរបស់ហ្វីលីពីន), គុនល្បុក្កតោ,ជឺជិតស៊ូ, ឃីកប៊ុកសីង, គុនកូរ៉េ (Martial Art Korea, វ៉ូវីណាម ក៏ស្ថិតនៅក្នុងការប្រកួតស៊ីហ្គេមលើកទី៣២នេះដែរ។
 
ដោយឡែកកីឡាចំនួន ៥មានដូចជា, Kurash , អុកអន្តរជាតិ, បាញ់ធ្នូ និងកីឡាបាញ់កាំភ្លើង កំពុងស្ថិតក្នុងការពិចារណា។
 
កិច្ចប្រជុំគណៈកម្មការប្រតិបត្ដិលើប្រភេទកីឡាទាំងនេះ មាន១១ប្រទេសជាសមាជិក ក្នុងតំបន់អាស៊ានចូលរួម។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថ្ងៃទី១២ ខែកក្កដានេះថា៖«យើង បានសម្រេចគោលដៅរបស់ខ្លួនហើយ។ គណៈកម្មការប្រតិបត្តិទាំងអស់បានស្រុះស្រួលគ្នា និងសម្រេចគោលដៅចំនួន៣សំខាន់ៗ។»។
  

កិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍។ រូបពី CAMSOC

គោលដៅទី១ ដែលសម្រេចបាននោះ គឺកីឡា៣៩ប្រភេទ ត្រូវបានដាក់បញ្ចូលក្នុងការប្រកួត ដោយមានការគាំទ្រច្រើនពីគណៈកម្មការប្រតិបត្ដិ។ សម្រាប់គោលដៅទី២ គឺកម្ពុជា ទទួលបានការគាំទ្រក្នុងការកែមាត្រាខ្លះ នៃធម្មនុញ្ញស៊ីហ្គេម និងការគាំទ្រឲ្យលក់សិទ្ធទូរទស្សន៍ ដើម្បីផ្សព្វផ្សាយស៊ីហ្គេមយ៉ាងទូលំទូលាយ ដែលជាការផ្លាសប្ដូរមួយ ខុសពីព្រឹត្តិការណ៍ស៊ីហ្គេមមុនៗ ដែលមានការក្បិតក្បៀតលើការផ្សព្វផ្សាយ។
 
ដោយឡែកផ្លែផ្កាទី៣នោះ គឺប្រទេសជាសមាជិកទាំងអស់ ទទួលយកនូវការរៀបចំប្រទេសបន្ដវេនធ្វើស៊ីហ្គេម ដែលរៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ ស៊ីហ្គេម៣លើកទៀត គឺនៅថៃ ឆ្នាំ២០២៥, ឆ្នាំ២០២៧ នៅម៉ាឡេស៊ី និងឆ្នាំ២០២៩ នៅសិង្ហបុរី។ សម្រាប់ឆ្នាំ២០៣១ ឡាវ បានដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះ។ 
 
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖«ប្រសិនជាការបន្ដវេនទាំង៣លើក របស់ប្រទេសទាំង៣នោះ ប្រព្រឹត្តទៅដោយជោគជ័យ កម្ពុជា នឹងទទួលជោគជ័យក្នុងការដឹកនាំរបស់ខ្លួន»។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ដល់ថ្ងៃទី១៦ ខែឧសភា ៕
 

Tag:
 ស៊ីហ្គេម
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com