អន្តរជាតិ
ស្រីលង្កាប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន និងបម្រាមគោចរ
13, Jul 2022 , 6:39 pm        
រូបភាព
បាតុករស្រីលង្កា តវ៉ានៅការិយាល័យប្រធានាធិបតី។ រូបភាព៖ AFP
បាតុករស្រីលង្កា តវ៉ានៅការិយាល័យប្រធានាធិបតី។ រូបភាព៖ AFP
ប្រធានាធិបតីស្តីទីស្រីលង្កា និងជានាយករដ្ឋមន្រ្តី Ranil Wickremesinghe នៅថ្ងៃទី១៣ ខែកក្កដា បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន និងបម្រាមគោចរនៅក្នុងខេត្តភាគខាងលិចភ្លាមៗ ដោយរួមទាំងរដ្ឋធានីកូឡុំបូ។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។ ការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ធ្វើឡើងបន្ទាប់ពីលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ប្រធានាធិបតីស្រីលង្កា ភៀសខ្លួនទៅម៉ាល់ឌីវ មុនពេលចុះចេញពីតំណែងជាផ្លូវការ។



 
វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាកាន់តែធ្លាក់ដុនដាប ស្របពេលបាតុករជាច្រើននាក់ បានគ្រប់គ្រងការិយាល័យប្រធានាធិបតី និងនាយករដ្ឋមន្រ្តី។ ទន្ទឹមនេះ លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ប្រធានាធិបតីស្រីលង្កា បានភៀសខ្លួនទៅម៉ាល់ឌីវ មុនពេលចុះចេញពីតំណែងជាផ្លូវការ។ ដោយអវត្តមានប្រធានាធិបតី ប្រធានសភា លោក Mahinda Yapa Abeywardena បានបញ្ជាក់តាមទូរទស្សន៍ថា នាយករដ្ឋមន្រ្តីស្រីលង្កា Ranil Wickremesinghe ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី។ 
 
ដោយស្ថានភាពនយោបាយក្នុងប្រទេសកាន់តែយ៉ាប់យ៉ឺន ប្រធានាធិបតីស្តីទីស្រីលង្កា បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន និងអនុវត្តបម្រាមគោចរនៅខេត្តភាគខាងលិចភ្លាមៗ ដោយរួមទាំងរដ្ឋធានីកូឡុំបូ។ 
 
«នាយករដ្ឋមន្រ្តី ដែលជាប្រធានាធិបតីស្តីទី បានប្រកាសស្ថានភាពអាសន្ននៅទូទាំងប្រទេស និងអនុវត្តបម្រាមគោចរនៅខេត្តភាគខាងលិច»។ លោក Dinouk Colombage អ្នកនាំពាក្យនាយករដ្ឋមន្រ្តីស្រីលង្កា បានបញ្ជាក់បែបនេះប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ដោយបន្ថែមថា ការប្រកាសមួយនេះ ត្រូវចូលជាធរមានភ្លាមៗ។ 
 
បន្ទាប់ពីកាន់កាប់ការិយាល័យនាយករដ្ឋមន្រ្តី នៅក្នុងថ្ងៃទី១៣ ខែកក្កដា បាតុករស្រីលង្កា បានវាយស្គរ និងស្រែកហ៊ោ។ អ្នកខ្លះបានកាន់ទង់ជាតិស្រីលង្កា ខណៈបាតុករមួយចំនួន បានឈរលើតុរបស់នាយករដ្ឋមន្រ្តី។ 
 
សូមបញ្ជាក់ថា វិបត្តិនយោបាយនៅស្រីសង្កា បានកើតឡើងដោយសារតែ អតិផរណាបានហក់ឡើងខ្ពស់ ខណៈប្រទេសអាស៊ីខាងត្បូងមួយនេះ ខ្វះខាតប្រភពថាមពល និងថ្នាំពេទ្យ។ ដោយសារប្រភពថាមពលខ្វះ សេវាសាធារណៈមួយចំនួន ដូចជារថយន្តក្រុង និងរថភ្លើងជាដើម ត្រូវលុបចោល។
 
លោក Ranil ផ្ទាល់ ក៏ប្រកាសលាលែងពីតំណែងដែរ បើមានរដ្ឋាភិបាលថ្មីនោះ៕
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com