កីឡាជាតិ
ជាតិ
អស្ចារ្យ! អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា ឈ្នះមេដាយមាស​លើ​វិញ្ញាសា២ទល់២ពី World Games នៅអាម៉េរិក
14, Jul 2022 , 7:25 am        
រូបភាព
ដោយ: ថ្មីៗ
 កីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា បាន​យកឈ្នះបារាំងនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាពិភពលោក The World Games 2022 នៅក្រុង Birmingham សហរដ្ឋអាម៉េរិក។ នេះជាមេដាយមាសទី២ ក្រោយ អ៊ុក ស្រីមុំ ដណ្តើម​បាន​លើ​វិញ្ញាសាវាយយកពិន្ទុ ក្នុងចំណោម​ពីរ​វិញ្ញាសា​ប៉ុណ្ណោះដែលកម្ពុជាចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។



 
ការប្រកួតដែលស្ថិតនៅលើទីលាន Bessie Estelle Park ក្រុង Birmingham សហរដ្ឋអាម៉េរិក កម្ពុជាស្ថិតក្នុងពូល A ដោយ កីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានបើកឆាកជាមួយនឹងជ័យជម្នះ ១៣-៥ លើកីឡាការិនី Line Hjorth និង Katrine Junge នៃក្រុមដាណឺម៉ាក។  
 
សម្រាប់ការប្រកួតបន្ទាប់នៅក្នុងពូល កម្ពុជាបានចាញ់កីឡាការិនី Nadege Baussian និង Caroline Marie Bourriaud នៃក្រុមបារាំង ក្នុងលទ្ធផល ៩-៧ ដោយសារតែដល់ម៉ោងកំណត់។ 
 
កម្ពុជាត្រូវជួបក្រុមដាណឺម៉ាក សារជាថ្មីក្នុងពូល ហើយបន្តយកឈ្នះក្នុងលទ្ធផល ១៣-៤។
 
ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជាត្រូវខ្វែងប៉ះថៃ ហើយកីឡាការិនីអ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា បានយកឈ្នះកីឡាការិនី Nantawan Fue Angsanit និង Phantipha Wongchuvej ក្នុងលទ្ធផល ១២-១០។
 
ឈានដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស បារាំង និងកម្ពុជា ក៏ជួបគ្នាសារជាថ្មី ហើយលើកនេះ ក្រុមកីឡាការិនីកម្ពុជា យកឈ្នះ ៧-៥ ដើម្បីឈ្នះមេដាយមាស រីឯថៃស៊ីអាល្លឺម៉ង់ ១៣-០ លើការប្រកួតដណ្តើមមេដាយសំរឹទ្ធ។
 
The World Games ជាព្រឹត្តិការណ៍ដែលរៀបចំឡើងរៀងរាល់៤ឆ្នាំម្តងសម្រាប់ប្រភេទកីឡាមិនមានមុខក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក (Olympic Games)។ ព្រឹត្តិការណ៍នេះ ភាគច្រើនតែងតែរៀបចំក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ក្រោមការរៀបចំរបស់សមាគមកីឡា International World Games Association និងជ្រោមជ្រែងដោយគណៈកម្មការអូឡាំពិកអន្តរជាតិ International Olympic Committee (IOC)។
 
The World Games លើកដំបូងត្រូវបានរៀបចំនៅក្រុង Santa Clara សហរដ្ឋអាម៉េរិក កាលពីឆ្នាំ១៩៨១។ មុនពេលដែលក្រុង Birminghtam សហរដ្ឋអាម៉េរិក ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ នេះ ក្រុង Wroclaw ប្រទេសប៉ូឡូញ ជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍លើកទី១០ កាលពីឆ្នាំ២០១៧ ខណៈ ក្រុង Chengdu របស់ចិន នឹងរៀបចំនៅឆ្នាំ២០២៥។
 
សម្រាប់ព្រឹត្តិការណ៍លើកទី១១ នាឆ្នាំ២០២២ នេះ ប្រទេស/តំបន់ជាង១០០បានចូលរួមប្រកួតប្រជែងលើ៣០ប្រភេទកីឡា ដែលចែកចេញជា៥៤វិញ្ញាសា និងមានអត្តពលិកសរុបជិត៣៦០០នាក់។ ព្រឹត្តិការណ៍ប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែកក្កដា ដោយកម្ពុជាមាន២វិញ្ញាសាប្រកួតប្រជែងលើកដំបូង ហើយឈ្នះមេដាយមាសទាំងពីរ លើវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសា២ទល់២នៃប្រភេទកីឡាប៉េតង់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com