ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យក្រុមហ៊ុនទូរសព្ទ ពង្រីកសេវា ដល់តំបន់ទេសចរណ៍ដាច់ស្រយាល
14, Jul 2022 , 9:24 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ឱ្យក្រុមហ៊ុនទូរសព្ទនៅកម្ពុជា ពង្រីកសេវាខ្លួន ដល់តំបន់ទេសចរណ៍ដាច់ស្រយាល ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបន្ថែមទៀត។ សម្ដេច ថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការ ដំណាក់កាលទី២ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ នាថ្ងៃទី១៤ កក្កដា។


 
សម្ដេច ហ៊ុន សែន បានបន្ថែមថា ការពង្រីកសេវាទូរសព្ទនេះ វាផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងការប្រើប្រាស់អ៊ីនធឺណិត នៅពេលដែលពួកគេទៅដើរកម្សាន្តតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ដាច់ស្រយាល។ បើតាមសម្ដេច ហ៊ុន សែន ពលរដ្ឋភាគច្រើនបំពេញការងារបែបឌីជីថល ដូច្នេះបើមានសេវាទូរសព្ទ ឬអ៊ីនធឺណិត គ្រប់គ្រាន់នោះ ពួកគេអាចធ្វើការងារពីចម្ងាយបានដោយងាយស្រួល បើទោះជាកំពុងដើរលេងកម្សាន្តក្តី។

«គ្រប់បណ្ដាក្រុមហ៊ុនទូរសព្ទទាំងអស់ ត្រូវពង្រឹងខ្លួន នៅទីក្រុងក៏ត្រូវពង្រឹង(សេវា) ហើយពង្រីកវាទៅតាមតំបន់ទេសចរណ៍នានា។ ព្រោះដើម្បីទាក់ទាញអ្នកទេសចរឱ្យទៅលេងតំបន់ដាច់ស្រយាលឆ្ងាយៗ ចាំបាច់ណាស់ត្រូវមានប្រព័ន្ធគាំទ្រផ្នែកអ៊ីនធឺណិត ព្រោះគេត្រូវទាក់ទងជាមួយការងារ។ ជួនកាលគេទៅដេកនៅ(កន្លែងកម្សាន្ត)ហ្នឹង ប៉ុន្តែគេធ្វើការ ព្រោះសម័យឥឡូវគេមិនចាំបាច់ជួបមុខគ្នាផ្ទាល់ទេ គេអាចជួបមុខគ្នាតាមវីដេអូខលក៏បាន»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ការធ្វើបែបនេះ ក៏ជាយុទ្ធសាស្រ្តទាក់ទាញទេសចរផ្ទៃក្នុងបន្ថែមទៀត។
 

Tag:
 ហ៊ុន សែន
  ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com