កីឡាជាតិ
ជាតិ
AFF U-19៖ ជម្រើសជាតិឡាវ បានប្រាក់១ម៉ឺនដុល្លារថែមទៀត ក្រោយទម្លាក់ថៃ ឡើងវគ្គផ្ដាច់ព្រ័ត្រ
14, Jul 2022 , 11:30 am        
រូបភាព
ជម្រើសជាតិឡាវ និងមន្ដ្រីកីឡា អបអរលទ្ធផលប្រកួត ក្រោយយកជ័យជម្នះលើជម្រើសជាតិថៃ ២-០ កាលពីយប់ថ្ងៃទី១៣ កក្កដា ២០២២ នាទឹកដីឥណ្ឌូណេស៊ី។ រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិឡាវ
ជម្រើសជាតិឡាវ និងមន្ដ្រីកីឡា អបអរលទ្ធផលប្រកួត ក្រោយយកជ័យជម្នះលើជម្រើសជាតិថៃ ២-០ កាលពីយប់ថ្ងៃទី១៣ កក្កដា ២០២២ នាទឹកដីឥណ្ឌូណេស៊ី។ រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិឡាវ
សហព័ន្ធកីឡាបាល់ទាត់ជាតិឡាវ បានផ្ដល់ទឹកប្រាក់១៥០លានគីបបន្ថែម (គិតជាដុល្លា $ 9,941.80) ដើម្បីជាការលើកទឹកចិត្តដល់ជម្រើសជាតិឡាវ U-19 ដែលបានឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះ លើជម្រើសជាតិថៃ ក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី១៣ ខែកក្កដា ក្នុងព្រឹត្តិការណ៍ AFF U-19 Championship នៅកីឡដ្ឋាន Patriot ប្រទេសឥណ្ឌូណេស៊ី។


 
នេះ ជាលើកទី១ហើយ ដែលជម្រើសជាតិឡាវ ឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីចូលរួមព្រឹត្តិការណ៍នេះ បានចំនួន១២លើក។ សហព័ន្ធបាល់ទាត់ជាតិឡាវ បានផ្ដល់ប្រាក់លើកទឹកចិត្ត ១៥០លានគីបបន្ថែមទៀត ដល់កីឡាករ សម្រាប់ការឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សហព័ន្ធបាល់ទាត់ឡាវ បានផ្ដល់ប្រាក់លើកទឹកចិត្តកីឡាករ ចំនួន១០០លានគីប និង ទឹកប្រាក់ ៣០០លានគីបសម្រាប់ការឈ្នះ៤ប្រកួតជាប់គ្នា ក្នុងពូលB កន្លងមក។
 
សរុបទាំងទឹកប្រាក់ពេលនេះទៀត សហព័ន្ធឡាវ បានប្រកាសផ្ដល់ប្រាក់៥៥០លានគីប ($ 36,453.25 គិតជាដុល្លារ) ដល់កីឡាករខ្លួន។

ជម្រើសជាតិឡាវ អប់អរបន្ទាប់ពីស៊ុតបញ្ចូលទីជម្រើសជាតិថៃ រូបពីសហព័ន្ធកីឡាបាល់ទាត់ឡាវ
 
១២លើក ក្នុងការចូលរួមព្រឹត្តិការណ៍ AFF U-19 Championship ចាប់តាំងពីឆ្នាំ២០០២មក ជម្រើសជាតិឡាវ U-19 ទទួលបានចំណាត់ថ្នាក់លេខ៣ ចំនួន៣លើក គឺក្នុងឆ្នាំ២០០២, ២០០៥ និង ឆ្នាំ២០១៥។ សម្រាប់ការប្រកួតនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឡាវ យកឈ្នះ ថៃ លទ្ធផល២-០។ នេះ ជាលើកទី១ សម្រាប់ឡាវ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយក៏ជាលើកទី១ដែរ សម្រាប់ការយកឈ្នះជម្រើសជាតិថៃ U-19។ ជំនួប៥លើកមុនៗ ក្នុងព្រឹត្តិការណ៍ AFF U-19 Championship ឡាវ មិនធ្លាប់ឈ្នះ ថៃ នោះទេ។
 
ដោយឡែក ឡាវ ត្រូវប៉ះ ជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី១៥ ខែកក្កដា នៅវគ្គផ្ដាច់ព្រ័ត្រ។ ម៉ាឡេស៊ី ឆ្លងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយយកឈ្នះ ជម្រើសជាតិវៀតណាម កាលពីថ្ងៃទី១៣ ខែកក្កដា លទ្ធផល ៣-០។ 
 
ប្រសិនជាជម្រើសជាតិឡាវ គ្រងជើងឯកក្នុងព្រឹត្តិការណ៍នេះ AFF U-19 Championship នេះ ឡាវនឹងក្លាយជាក្រុមមួយខ្លាំង ដែលត្រៀមប្រកួតក្នុងស៊ីហ្គេមលើកទី៣២ នៅកម្ពុជាផងដែរ៕

ការប្រជែងយកបាល់គ្នារវាងកីឡាករឡាវ និងកីឡាករថៃ រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិឡាវ
 

Tag:
 បាល់ទាត់
  AFF
  AFF U-19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com