អន្តរជាតិ
អូស្ត្រាលីសុំដល់ចិនឱ្យជំរុញរុស្ស៊ីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន
14, Jul 2022 , 7:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong
ដោយ: VOA
ទីក្រុងស៊ីដនី ប្រទេស​អូស្ត្រាលី — កាល​ពីពេលថ្មីៗកន្លងមកនេះ លោកស្រី​ Penny Wong រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​បានអំពាវនាវ​ដល់ប្រទេស​ចិន​ឱ្យ​ប្រើឥទ្ធិពល​ខ្លួនលើ​រុស្ស៊ី​ដើម្បី​បញ្ឈប់​សង្គ្រាមនៅ​អ៊ុយក្រែន។

 
នៅ​ក្នុង​សុន្ទរកថា​សំខាន់មួយនៅវិទ្យាស្ថានអន្តរជាតិខាង​ការ​សិក្សា​យុទ្ធសាស្ត្រ​ក្នុង​ប្រទេសសិង្ហបូរីនា​សប្តាហ៍ទី​មួយ​នៃ​ខែ​កក្កដា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី​លោកស្រី​ Penny Wong ​បានមានប្រសាសន៍​ថាពួក​ប្រទេស​ធំៗ​ដែល​មាន«ឥទ្ធិពល»លើ​រុស្ស៊ីគួរ​ប្រើ​ឥទ្ធិពលនេះ​ដើម្បីបញ្ឈប់​សង្គ្រាម​នៅ​អ៊ុយក្រែន។​
 
លោកស្រី​បាន​និយាយ​ថា​ការលុកលុយ​នេះ «​គ្មាន​ការ​បង្ក​រឿងទេ» ដោយ​លោកស្រី​បានបន្ថែម​ថា​សង្គ្រាម​នេះជា​ការ​មិនត្រឹមត្រូវ​តាម​ច្បាប់​ទេ វា​ជា​អំពើអសីលធម៌និង​អមនុស្សធម៌​ផង​ដែរ។​
 
លោក​ស្រី​បានសុំ​ដល់​ប្រទេស​ចិន​ឱ្យប្រើ​ទំនាក់ទំនងជិតស្និទ្ធ​របស់​ខ្លួនជា​មួយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ដើម្បី​បញ្ឈប់​ការ​វាយលុកលើ​ប្រទេសអ៊ុយក្រែន។
 
​អូស្ត្រាលីបានដាក់​ទណ្ឌកម្ម​លើ​ពួក​មន្ត្រី​រុស្ស៊ី ដោយ​មានរួមបញ្ចូល​ពួក​អ្នក​នយោបាយ​និង​ពួក​សមាជិកកងយោធា​ផង​ដែរ។
 
ចិន​មិន​បាន​ថ្កោលទោស​ការលុកលុយរបស់​រុស្ស៊ី​ទេ​ ហើយ​ពួក​អ្នក​វិភាគមានជំនឿថាចិន​បានបង្ហាញ​ការ​គាំទ្រដល់អំពើ​ឈ្លានពានរបស់​រុស្ស៊ី។​
 
លោកស្រី​ Wong បាននិយាយជា​ថ្មី​អំពីអត្ថាធិប្បាយកាល​ពីពេល​ថ្មីៗ​នេះ​ដោយ​នាយករដ្ឋមន្ត្រី​សិង្ហបូរី​លោក Lee Hsien Loong នៅ​ពេលលោក​អំពាវ​នាវ​ដល់​ប្រ​ទេស​ចិន​ឱ្យ​ជួយ​បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែន។ លោកស្រី ថ្លែង​ថា៖ ​«ដើម្បី​បណ្តុះ​បណ្តាល​ឥទ្ធិពល​អន្តរជាតិ​របស់​ខ្លួនឱ្យ​ហួសពី​កម្លាំង​យោធា​ចិន​គួរ​ប្រើ​កម្លាំង​នេះដោយ​មានការទប់ចិត្ត​និង​ភាពត្រឹមត្រូវ​តាមច្បាប់។ នៅ​ពេល​នេះ តំបន់​នេះនិង​ពិភពលោកកំពុង​មើលសកម្មភាព​របស់​រដ្ឋាផិបាល​ក្រុង​ប៉េកាំង​ក្នុង​ទំនាក់ទំនង​ជា​មួយ​ប្រទេស​អ៊ុយក្រែន»។
 
លោក​ស្រី Wong ក៏បាននិយាយ​ប្រាប់​ពួក​អ្នកកាសែតនៅ​សិង្ហបូរី​ថា​រដ្ឋបាលថ្មីនិយម​នយោបាយ​កណ្តាល-ខាង​ឆ្វេងនៃ​ប្រទេសអូស្ត្រាលីបានសន្យា​ដល់​ពួក​ដៃគូ​ក្នុង​តំបន់អំពី​សកម្មភាព​ធំៗ​ជាង​មុន​សម្រាប់​ប្រយុទ្ធ​ប្រឆាំងការ​ប្រែប្រួល​អាកាស​ធាតុ។ លោកស្រី​បាន​ថ្លែង​បន្ត​ទៀត​ថា៖ «រដ្ឋាភិបាល​អូស្ត្រាលី​ថ្មីបានត្រូវ​ជាប់​ឆ្នោតជា​មួយមហិច្ឆតាធំជាង​មុន​អំពី​ការប្រែប្រួល​ធាតុ​អាកាស​។ យើងហ្មត់​ចត់អំពី​ការណ៍​នេះ​ ហើយជា​ការ​មានសារៈសំខាន់យើងមានទស្សនៈ​ដូចគ្នា​ជា​មួយ​សិង្ហបូរី​ដោយ​យើង​យល់​ឃើញ​ថា​នេះ​ជា​ឱកាស​សេដ្ឋកិច្ចធំមួយសម្រាប់ប្រទេសយើង​ទាំងពីរ​ផង​ដែរ»។
 
សុន្ទរកថារបស់លោកស្រី​ Wong គូសបញ្ជាក់ការប្តេជ្ញា​របស់អូស្ត្រាលី​ដល់​សន្តិភាពនិងភាពសំបូរ​រុង​រឿង​ក្នុង​អាស៊ី​អាគ្នេយ៍។​
 
អ្នកស្រី Susannah Patton ជាអ្នក​វិភាគ​នៅ​វិទ្យាស្ថាន Lowy ដែល​ជាក្រុម​ស្រាវ​ជ្រាវ​មួយ​មានមូលដ្ឋាន​នៅ​ក្រុង Sydney។ អ្នកស្រី​បាន​និយាយ​ប្រាប់វិទ្យុ​និង​ទូរទស្សន៍ ​Australian Broadcasting Corp ថា​សុន្ទកថា​នេះក៏មាន​គោលដៅរកវីធី​រួម​គ្នា​មួយអំពី​ទំនាក់ទំនងតំបន់​ជា​មួយប្រទេស​ចិនផង​ដែរ។ អ្នក​ស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថាសុន្ទរកថា​នេះជាការប៉ុន​ប៉ងមួយដោយ​លោកស្រី Penny Wong ក្នុង​ការចាត់ចែងជាថ្មី​ទំនាក់ទំនងរបស់​អូស្ត្រាលីមួយ​អាស៊ីអាគ្នេយ៍ក្នុង​វិធី​វិជ្ជមាន​ជាងមុននិង​ធ្វើឱ្យ​ដឹង​អំពី​ផលប្រយោជន៍ដូច​គ្នា​ ទោះ​ជាអូស្ត្រាលី​និងអាស៊ីអាគ្នេយ៍មាន​ការ​យល់​ឃើញ​មិន​ដូច​គ្នា​អំពី​ប្រទេស​ចិន​ក៏​ដោយ»។
 
ទំនាក់ទំនង​របស់​អូស្ត្រាលី​ជា​មួយ​ចិនបានធ្លាក់​ដល់​កម្រិតទាបកាលពី​ប៉ុន្មានឆ្នាំថ្មីៗ​នេះ។ មានការ​ខ្វែង​គំនិតគ្នាអំពី​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យនៅ​ហុងកុងនិង​មហិច្ឆតាដែនដី​របស់រដ្ឋាភិបាល​ប៉េកាំងក្នុង​សមុទ្រចិនខាងត្បូង។ មានការ​រកាំ​ចិត្ត​គ្នា​ក្នុងឆ្នាំ​នេះដោយសារ​ការប៉ុនប៉ងរបស់​ចិន​ពង្រីក​របៀប​វារៈ​ពាណិជ្ជកម្ម​និង​សន្តិសុខ​របស់​ខ្លួនក្នុង​មហាសមុទ្រប៉ាស៊ិហ្វិក។
រដ្ឋាភិបាល​គណបក្សពលករ​អូស្ត្រាលីចង់​លះបង់ចោលគោលនយោបាយកណ្តាល-ខាង​ស្តាំ​របស់រដ្ឋបាលមុន​ដែលជា​ញឹកញយ​មានអរិភាពជា​មួយ​ចិន។
 
លោកស្រី Wong ​បានសន្យា​អំពី​របៀប​ដោះស្រាយ​មាន​ការពិចារណាជាងមុន។ របាយការណ៍​បាននិយាយ​ថាលោកស្រីអាច​ជួប​ជា​មួយសមភាគី​ចិន​របស់លោកស្រី​គឺ​លោក​រដ្ឋមន្ត្រី​ការបរទេស Wang Yi នៅ​ខាង​ក្រៅ​សន្និសីទ​កំពូលក្រុមប្រ​ទេស​ G-20 ក្នុង​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី៕
 
ប្រែសម្រួល​ដោយ​លោក ឈឹម​ សុមេធ​
 

© រក្សាសិទ្ធិដោយ thmeythmey.com