អន្តរជាតិ
កូរ៉េខាងត្បូងនិងអាម៉េរិក ធ្វើសមយុទ្ធរួមគ្នា ដោយមានយន្តហោះ F-35A ជាលើកដំបូង
14, Jul 2022 , 2:59 pm        
រូបភាព
យន្តហោះចម្បាំង F-35A ក្នុងសមយុទ្ធរួមគ្នារវាងអាម៉េរិក និងកូរ៉េខាងត្បូង។ រូបថតពីកងទ័ពអាកាសកូរ៉េខាងត្បូង
យន្តហោះចម្បាំង F-35A ក្នុងសមយុទ្ធរួមគ្នារវាងអាម៉េរិក និងកូរ៉េខាងត្បូង។ រូបថតពីកងទ័ពអាកាសកូរ៉េខាងត្បូង
មន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃទី១៤ ខែកក្កដា បានលើកឡើងថា កូរ៉េខាងត្បូង និងអាម៉េរិកបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ដោយប្រើយន្តហោះចម្បាំងបំបាំងកាយ F-35A ជាលើកដំបូង។ ការធ្វើសមយុទ្ធរួមគ្នា ត្រូវមើលឃើញថា ជាការសម្ញែងអានុភាពរបស់សម្ព័ន្ធមិត្តទាំងពីរ តបនឹងសកម្មភាពយោធាកូរ៉េខាងជើងផង និងបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នាផង។


 
សមយុទ្ធផ្លូវអាកាសរួមគ្នារវាងកូរ៉េខាងត្បូង និងអាម៉េរិកធ្វើឡើងរយៈពេលបួនថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៣ ខែកក្កដាតទៅ ជាមួយការព្រួយបារម្ភថាក្រុងព្យុងយ៉ាងអាចបង្កើនភាពតានតឹងតាមរយៈការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន ឬសកម្មភាពគំរាមផ្សេងៗទៀត។ 
 
ប្រទេសសម្ព័ន្ធមិត្តទាំងពីរ បានត្រៀមយន្តហោះចម្បាំងប្រហែល៣០គ្រឿង រួមទាំងយន្តហោះបំបាំងកាយ F-35A និងយន្តហោះចម្បាំង F-15K, KF-16 និង FA-50 របស់កូរ៉េខាងត្បូង និងខាងអាម៉េរិកមានយន្តហោះចម្បាំង F-35A, F-16 និងF-35A ជាដើម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap។
 
យន្តហោះចម្បាំង F-35A ចំនួន ៦គ្រឿងរបស់អាម៉េរិកបានមកដល់កូរ៉េខាងត្បូង កាលពីសប្តាហ៍មុន។
 
«សមយុទ្ធត្រូវបានរៀបចំឡើងដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នានៃប្រទេសទាំងពីរតាមរយៈការហ្វឹកហាត់ពិតៗ និងពង្រឹងអន្តរប្រតិបត្តិការនៃយន្តហោះ F-35A ជំនាន់ទីប្រាំ»។ កងទ័ពអាកាសកូរ៉េខាងត្បូងបានអះអាងបែបនេះនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។ 
 
នេះ ជាសមយុទ្ធរួមលើកដំបូងដោយប្រើយន្តហោះចម្បាំងប្រភេទ F-35A របស់អាម៉េរិកនិងកូរ៉េខាងត្បូង រាប់ចាប់តាំងពីកូរ៉េខាងត្បូងទទួលបានយន្តហោះ F-35A ចំនួន ៤០គ្រឿងក្នុងខែមករា៕

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com