សេដ្ឋកិច្ច
អន្តរជាតិ
ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ ដែលប្រាក់ដុល្លារ និងប្រាក់អឺរ៉ូមានតម្លៃស្ទើរស្មើគ្នា
14, Jul 2022 , 8:29 pm        
រូបភាព
រូបភាពពី Reuters ។
រូបភាពពី Reuters ។
ដោយ: ថ្មីៗ
ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ អត្រាប្តូរប្រាក់រវាងប្រាក់អឺរ៉ូ និងប្រាក់ដុល្លារអាម៉េរិក ស្ទើរតែមានតម្លៃស្នើគ្នា។ អត្រាប្តូរប្រាក់ ១អឺរ៉ូ មានតម្លៃ ១,០០៤ដុល្លារអាម៉េរិកនៅថ្ងៃទី១២មិថុនា។ អត្រានេះមានការធ្លាក់ចុះប្រមាណ ១២ភាគរយ បើធៀបនឹងដើមឆ្នាំ២០២២។ ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប កើតឡើងដោយសារតែអតិផរណាខ្ពស់ និងវិបត្តិប្រភពថាមពល ស្របពេលសង្រ្គាមរវាងរូស្ស៊ី និងអ៊ុយក្រែន ត្រូវបានអ្នកជំនាញមើលឃើញថាជាហេតុផលដ៏ចម្បង ដែលនាំឱ្យមានការធ្លាក់ចុះនៃប្រាក់អឺរ៉ូ។

 
ការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់របស់ធនាគារកណ្តាលអឺរ៉ុប(ECB) និងធនាគារកណ្តាលអាម៉េរិក (Fed ) រួមជាមួយការថមថយនៃកំណើនសេដ្ឋកិច្ច បានដាក់សម្ពាធទៅលើការធ្លាក់ថ្លៃនៃប្រាក់អឺរ៉ូ ។ ធនាគារកណ្តាលអាម៉េរិក បានដាក់ចេញគោលនយោបាយពាក់ព័ន្ធហិរញ្ញវត្ថុជាបន្តបន្ទាប់មុនធនាគារកណ្តាលអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាអតិផរណានៅប្រទេស។ ធនាគារ Fed បានដំឡើងអត្រាការប្រាក់ ០,៧៥ភាគរយ ដែលជាអត្រាការប្រាក់ខ្ពស់បំផុត ក្នុងរយៈពេល ២៨ឆ្នាំនៅក្នុងខែមិថុនាកន្លងទៅ ។
 
ចំណែក ECB បានប្រកាសថា ខ្លួននឹងដំឡើងអត្រាការប្រាក់ក្នុងខែនេះ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១១ ខណៈដែលអតិផរណានៅបណ្តាប្រទេសដែលប្រើប្រាក់អឺរ៉ូជារូបិយប័ណ្ណ (EUROZONE) ស្ថិតនៅកម្រិត ៨,៦ភាគរយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ។
 
អាឡឺម៉ង់កាលពីសប្តាហ៍មុន បានកត់ត្រាឱនភាពពាណិជ្ជកម្មទំនិញជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៩១ ដោយសារការកើនឡើងនៃតម្លៃប្រេងសាំង និងការកកស្ទះនៃខ្សែច្រវាក់ផ្គត់ផ្គង់ បានជំរុញឱ្យការនាំចូលកើនឡើង។
 
របាយការណ៍របស់ធនាគារ Saxo បាននិយាយថា ៖ «ការពឹងផ្អែកខ្លាំងនៃការនាំចេញរបស់អាល្លឺម៉ង់លើតម្លៃទំនិញជាមូលដ្ឋាន វាពិបាកក្នុងការឱ្យឃើញថា ជញ្ជីញពាណិជ្ជកម្មរបស់ប្រទេសនេះអាចប្រសើរឡើង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយសារការរំពឹងទុកនៃការធ្លាក់ចុះសេដ្ឋកិច្ចនៃបណ្តាប្រទេស EUROZONE»។ 
 
លោក George Saravelos នាយកគ្រប់គ្រង និងសហប្រធានស្រាវជ្រាវនៅធនាគារអាល្លឺម៉ង់ Deutsche Bank បាននិយាយថា ៖« ការរក្សាទុកប្រាក់ដុល្លារ ដូចជាទ្រព្យសម្បត្តិទូទៅ អាចកើនឡើងតម្លៃខ្ពស់ជាងនេះ ប្រសិនបើសេដ្ឋកិច្ចនៅអឺរ៉ុប និងអាម៉េរិកធ្លាក់ចូលក្នុងវិបត្តិ»។ 
 
អ្នកស្រាវជ្រាវរូបនេះនេះបន្តថា៖ «លទ្ធភាពដែលប្រាក់អឺរ៉ូអាចធ្លាក់ចុះដល់ចន្លោះពី ០,៩៥-០,៩៧ដុល្លារអាម៉េរិក សម្រាប់ ១អឺរ៉ូ គឺពិតជាអាចទៅរួច ប្រសិនបើទាំងអឺរ៉ុប និងអាម៉េរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចក្នុងត្រីមាសទី៣ នៅពេល Fed បន្តដំឡើងអត្រាការប្រាក់»។
 
ហេតុផលសំខាន់មួយទៀតនៃការធ្លាក់ចុះនៃប្រាក់អឺរ៉ូ គឺវិបត្តិប្រភពថាមពលដែលកើតចេញពីទណ្ឌកម្មលើរុស្ស៊ី។ បំពង់បង្ហូរឧស្ម័នដ៏ធំបំផុត ដែលហូរផ្ទាល់ពីរូស្ស៊ីទៅកាន់អាល្លឺម៉ង់ Nord Stream 1 ត្រូវបានផ្អាកដំណើការ ចាប់តាំងពីថ្ងៃទី១១កក្កដា ដើម្បីជុសជុលក្នុងរយៈពេល ១០ថ្ងៃ។ 
 
«ការព្រួយបារម្ភធំបំផុតនៅចំពោះមុខសម្រាប់ទីផ្សារ ថាតើ Nord Stream 1 នឹងបន្តប្រតិបត្តិការដូចដែលបានគ្រោងទុកដែរឬទេ»។ លោក Bipan Rai នាយកប្រតិបត្តិប្រចាំអាមេរិកខាងជើងនៃធនាគារ CIBC Capital Markets បានលើកឡើង និងបន្តថា៖« តម្លៃទ្រព្យសកម្មនឹងមានការធ្លាក់ចុះនៅអឺរ៉ុប ប្រសិនបើបំពង់បង្ហូរប្រេងត្រូវបានពន្យារពេល ឬបញ្ឈប់ប្រតិបត្តិការ»។
 
អឺរ៉ុបមានការព្រួយបារម្ភថារូស្ស៊ីនឹងព្យាយាមពន្យារពេលការជុសជុល ឆ្លៀតក្នុងឱកាសនេះគឺកាត់ផ្តាច់ឧស្ម័ន ដើម្បីបង្កើនសម្ពាធលើអឺរ៉ុប។ ប៉ុន្តែការសង្ស័យនេះត្រូវបានរដ្ឋាភិបាលក្រុងម៉ូស្គូបដិសេធ។ ហើយប្រសិនបើរូស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់អាល្លឺម៉ង់ពិតមែន ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុបនឹងធំជាងពេលណាៗទាំងអស់៕

Tag:
 ប្រាក់ដុល្លារ
  ប្រាក់អឺរ៉ូ
  រូស្ស៊ី
  អាល្លឺម៉ង់
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com