កីឡាជាតិ
ជាតិ
CPL៖ភ្នំពេញក្រោន ស្មើទ័ព ខណៈវិសាខា ឈ្នះអង្គរថាយហ្គឺរ
14, Jul 2022 , 4:09 pm        
រូបភាព
ជំនួបភ្នំពេញក្រោន និងទ័ព ក្នុងជុំទី២ សប្តាហ៍ទី៨ ពានខេមបូឌានព្រីមៀរលីគ(ប្រភព Cambodia Premier League)
ជំនួបភ្នំពេញក្រោន និងទ័ព ក្នុងជុំទី២ សប្តាហ៍ទី៨ ពានខេមបូឌានព្រីមៀរលីគ(ប្រភព Cambodia Premier League)
ដោយ: ថ្មីៗ
បាល់ទាត់៖ភ្នំពេញក្រោន បានត្រឹមស្មើ ២-២ ជាមួយក្រុមភ្ញៀវទ័ព ខណៈវិសាខា បាន៣ពិន្ទុ ពីក្រុមភ្ញៀវអង្គរថាយហ្គឺ នាជំនួបជុំទី២ សប្តាហ៍ទី៨ ពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

 
ក្រុមម្ចាស់ផ្ទះសិង្ហក្រហមភ្នំពេញក្រោន បើកការនាំមុខភ្ញៀវ ២-០ ក្នុងវគ្គទី១ នាកីឡដ្ឋាន SMART .R.S.N ។ គ្រាប់បាល់ទី១ ភ្នំពេញក្រោន រកបានដោយខ្សែប្រយុទ្ធកីឡាករ សំអុល ទីណា នៅនាទី២៨ ក្រោយបញ្ជូនបាល់ពីខ្សែប្រយុទ្ធFareed  និងគ្រាប់ទី២ រកបានដោយខ្សែប្រយុទ្ធ Grandson Nieto ទាត់បាល់ពីចម្ងាយបញ្ចូលទី បន្ទាប់ពីខ្សែបម្រើ ប្រាក់ ធីវ៉ា ទាត់ចេញពីស្លាបខាងស្តាំនៅនាទី៤១។
 
ចូលដល់វគ្គទី២ ក្រុមភ្ញៀវវាយបកមកវិញបាន២គ្រាប់ នៅនាទី៦៣ ដោយខ្សែការពារភ្នំពេញក្រោន Takaki រំខានដល់ខ្សែបម្រើទ័ព Reiya អាជ្ញាកណ្តាលសម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្រ ។ អ្នករ៉ាប់រងទាត់បាល់ពិន័យបានទៅខ្សែប្រយុទ្ធ Takumu ជាអ្នកសម្រេចទី និងគ្រាប់ទី២ ខ្សែប្រយុទ្ធដដែលរូបនេះ សម្រេចគ្រាប់តាមស្មើនៅនាទី៧៤ បន្ទាប់ពីការបញ្ជូនដោយខ្សែបម្រើ ណាត សង្ហា ទាត់ចេញពីស្លាបខាងស្តាំ។
 
បញ្ចប់ការប្រកួតក្រុមទាំងពីរទទួលបានម្នាក់១ពិន្ទុ ខណៈគ្រូបង្វឹកភ្នំពេញក្រោនលោក Oleg Starynskyi បញ្ចេញអារម្មណ៍មិនពេញចិត្តនឹងការកាត់សេចក្តីរបស់អាជ្ញាកណ្តាលនៅលើទីលាន ដោយលោកបាននិយាយថា៖«វាជារឿងដែលពិបាកក្នុងការលេងបាល់ទាត់ នៅពេលដែលអាជ្ញាកណ្តាលមិនការពារកីឡាករ។ កីឡាកររបស់យើងត្រូវបានគេទាត់ពីក្រោយជាច្រើនលើក ប៉ុន្តែអាជ្ញាកណ្តាលមិនផ្តល់កាតលឿង ហើយបន្តការលេង។ វាធ្វើឲ្យកីឡាករមិនបានផ្តោតអារម្មណ៍ យើងតែងតែជួបបែបនេះគ្រប់រដូវកាល។ អាជ្ញាកណ្តាលត្រូវតែការពារកីឡាករ និងឆន្ទៈក្នុងការប្រកួត។ កីឡាកររបស់យើងមួយចំនួនត្រូវបានខកខានជាច្រើនប្រកួត ដោយសារតែការលេងដ៏អាក្រក់ពីដៃគូប្រកួត»។ យោងតាមការបង្ហោះសាររបស់ក្លិបភ្នំពេញក្រោន។

ជំនួប វិសាខា និង អង្គរថាយហ្គឺរ ក្នុងជុំទី២ សប្តាហ៍ទី៨ ពានខេមបូឌានព្រីមៀរលីគ(ប្រភព Cambodia Premier League)
 
ចំណែកមួយគូទៀត ក្រុមម្ចាស់ផ្ទះវិសាខា យកឈ្នះលើក្រុមភ្ញៀវអង្គរថាយហ្គឺរ ៣-១ នាកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃទី១៣ ខែកក្កដា លទ្ធផលនេះ ធ្វើឲ្យក្រុមម្ចាស់ផ្ទះ ឡើងទៅកៀកក្រុមព្រះខ័នរាជស្វាយរៀង ដែលបច្ចុប្បន្នឈរកំពូលតារាង។ ត្រឹមនាទី១៧ ក្នុងវគ្គទី១ វិសាខា បើកការនាំមុខ ១-០ ដោយខ្សែការពារ មុត សត្យា តាមរយៈការតែតបញ្ចូលទីក្រោយការទាត់បាល់ចេញពីជ្រុងរបស់ខ្សែប្រយុទ្ធ Jozsef Keaveny និងម្ចាស់ផ្ទះតាមស្មើមកវិញ នៅនាទី២៧ ដោយខ្សែប្រយុទ្ធ Paulo Victor ក្រោយបញ្ជូនបាល់ពីខ្សែប្រយុទ្ធ Lee Jea Gun។ បញ្ចប់ការប្រកួតក្នុងវគ្គទី១ ក្រុមទាំងពីររក្សាលទ្ធផល ១-១។
 
ម្ចាស់ផ្ទះបន្ថែមបាន២គ្រាប់ទៀតក្នុងវគ្គទី២ រកបានដោយខ្សែប្រយុទ្ធ Lee Jea Gun ទាត់បញ្ចូលទីនៅនាទី៥៩ ជាគ្រាប់បាល់ទី២ និងគ្រាប់ទី៣ រកបានដោយខ្សែប្រយុទ្ធ កែវ សុខផេង នៅនាទី៩០+១។ បញ្ចប់ការប្រកួត វិសាខា យកបាន៣ពិន្ទុបន្ថែមរក្សាខ្លួននៅលេខ២ក្នុងតារាង។
 
បន្ទាប់ពីរងបរាជ័យនាទឹកដីនៃកីឡដ្ឋានព្រីនស៍ គ្រូបង្វឹកអង្គរថាយហ្គឺរលោក Alistiar Heath បានបង្ហោះសារមួយឃ្លានៅលើគណនីហ្វេសប៊ុកថា កម្រិតនៃបាល់ទាត់តែងមានខ្ពស់ និងទាប។ តែលោកនៅសង្ឃឹមថាក្រុមនឹងនៅតែបន្តទៅមុខ។ «កម្រិតខ្ពស់ និងទាបនៃបាល់ទាត់។ អ្វីៗនឹងវិលត្រលប់មកវិញ យើងធ្វើវាដដែល បន្តប្រយុទ្ធ»។ យោងតាមការបង្ហោះលោក Alistiar Heath។
 
បច្ចុប្បន្នភ្នំពេញក្រោនបន្តឈរលេខ៦ មាន១១ពិន្ទុនៅលើទ័ពឈរលេខ៧ មាន៩ពិន្ទុ ចំណែកវិសាខា ឈរលេខ២ មាន១៩ពិន្ទុតាមពីក្រោយ ព្រះខ័នរាជឈរលេខ១ មាន២៨ពិន្ទុ និងនៅលើបឹងកេតឈរលេខ៣ មាន១៦ពិន្ទុ រីឯអង្គរថាយហ្គឺរឈរលេខ៥ មាន១១ពិន្ទុ តាមពីក្រោយណាហ្គាវើលដ៍លេខ៤ មាន១៥ពិន្ទុ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com