អន្តរជាតិ
វៀតណាម ប្រាប់មន្ទីរពេទ្យឱ្យត្រៀមខ្លួន ស្របពេលអ្នកជំងឺគ្រុនឈាមមានជិត៩ម៉ឺននាក់
14, Jul 2022 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ករណីជំងឺគ្រុនឈាមនៅវៀតណាមក្នុងរយៈពេលជាង៧ខែក្នុងឆ្នាំ២០២២ បានកើនឡើងជាង២ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី១៤ ខែកក្កដាបាន ប្រាប់ឱ្យមន្ទីរពេទ្យប្រុងប្រយ័ត្ន និងទប់ស្កាត់ការឆ្លងបន្ថែមឱ្យមានប្រសិទ្ធភាព ក៏ដូចជាត្រៀមខ្លួនការកើនឡើងករណីឆ្លងជំងឺនេះ។


 
វៀតណាម បានកត់ត្រាករណីជំងឺគ្រុនឈាមក្នុងរយៈពេលជាង៧ខែនៃឆ្នាំ ២០២២ មានជិត៩ម៉ឺនករណីឯណោះ ដែលកើនឡើង១៤៨ភាគរយធៀបនឹងឆ្នាំ២០២១ កន្លងទៅ ដែលមានត្រឹមជាង៣ម៉ឺនករណីប៉ុណ្ណោះ។ ចំណែកករណីស្លាប់វិញមានចំនួន៣៤នាក់ ដែលកើនឡើងបីដង ក្នុងរយៈពេលដូចគ្នា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
ជាមួយការកើនឡើងករណីជំងឺនេះ ក្រសួងសុខាភិបាលវៀតណាមណែនាំឱ្យមន្ទីរពេទ្យនានាត្រៀមលក្ខណៈដោះស្រាយ។
 
«ចំនួនករណីជំងឺគ្រុនឈាមត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងបន្ថែមទៀត ហើយក៏នឹងមានអ្នកជំងឺឆ្លងធ្ងន់ធ្ងរដែលត្រូវសម្រាកនៅមន្ទីរពេទ្យដែរ»។ ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់បែបនេះនៅថ្ងៃទី១៤ ខែកក្កដា ក្នុងសេចក្តីណែនាំពិសេសដល់ក្រុមគ្រូពេទ្យ អ្នកផ្តល់សេវាថែទាំសុខភាព មុនបន្តថា មន្ទីរពេទ្យទាំងអស់នៅតាមខេត្ត និងស្រុកចាំបាច់ត្រូវយកចិត្តទុកដាក់លើធនធានរបស់ពួកគេ ដើម្បីទទួលព្យាបាលអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ។ 
 
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានប្រជាជន ៩៨លាននាក់ ខណៈអ្នកឆ្លងជំងឺគ្រុនឈាមប៉ុន្មានឆ្នាំចុងក្រោយនេះ មានជាមធ្យម១១ម៉ឺននាក់ ហើយរយៈពេលឆ្លងខ្លាំង គឺនៅចន្លោះខែមិថុនាដល់ខែតុលា។ យ៉ាងណាមិញ នៅពេលឆ្នាំ២០២២ ទើបតែឆ្លងផុតជាង៧ខែប៉ុណ្ណោះចំនួនករណីឆ្លងស្ទើរតែកើនដល់ចំនួនករណីសរុបរាល់ឆ្នាំទៅហើយ ទាំងមិនទាន់ឆ្លងផុតរដូវកាលចម្លងខ្លាំងផង។
 
គ្រុនឈាម ជាជំងឺឆ្លងតាមរយៈសត្វមូសខ្លាញីខាំ ដែលកើតមានច្រើននៅប្រទេសអាស៊ីអាគ្នេយ៍។ ជំងឺនេះបង្កឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយដែរ ដូចជាក្ដៅខ្លួន ឈឺក្បាល ឈឺសាច់ដុំជាដើម ហើយបើស្ថានភាពធ្ងន់ធ្ងរ មនុស្សអាចមានឈាមហូរចេញពីខាងក្នុងខ្លួន ភាគច្រើនតាមជើងធ្មេញ។ មកទល់ពេលនេះ ជំងឺគ្រុនឈាមមិនមានវ៉ាក់សាំងបង្ការឡើយ៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com