អន្តរជាតិ
ហុងគ្រី ប្រកាសដាក់ថាមពលក្នុងភាពអាសន្ន ដើម្បីធានាការផ្គត់ផ្គង់សម្រាប់រដូវរងារ
14, Jul 2022 , 6:32 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
រដ្ឋាភិបាលហុងគ្រី នៅថ្ងៃទី១៣ ខែកក្កដា ប្រកាសដាក់ថាមពលក្នុងគ្រាអាសន្នដើម្បីធានាសន្តិសុខថាមពលក្នុងស្រុក ស្របពេលអឺរ៉ុបកំពុងប្រឈមនឹងកង្វះខាតថាមពល ជាមួយតម្លៃកើនឡើងហួសហេតុ។

 
ហុងគ្រី ជារដ្ឋមួយក្នុងចំណោមរដ្ឋអឺរ៉ុបមួយចំនួនទៀតដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រភពផ្គត់ផ្គង់ថាមពលពីរុស្ស៊ី ហើយកាលពីឆ្នាំមុនថែមទាំងបានចុះកិច្ចព្រមព្រៀងទិញហ្គាសរយៈពេល១៥ ឆ្នាំជាមួយក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom ទៀតផង។ ថាមពលដែលហុងគ្រីប្រើប្រាស់ប្រចាំថ្ងៃពឹងអាស្រ័យលើការនាំចូលប្រេងពីរុស្ស៊ីប្រមាណ៦៥ភាគរយ ហើយហ្គាស៨៥ភាគរយ។
 
យ៉ាងណាមិញ វិបត្តិអ៊ុយក្រែន ធ្វើឱ្យការផ្គត់ផ្គង់ថាមពលជួបបញ្ហាខ្លាំង ខណៈដែលអឺរ៉ុបដាក់សម្ពាធលើប្រភពចំណូលរបស់រុស្ស៊ី។ បើទោះជាហុងគ្រីត្រូវបានលើកលែងក្នុងការអនុវត្តកញ្ចប់ទណ្ឌកម្មទី ​៦ របស់អឺរ៉ុបសំដៅកំហិតការនាំចូលប្រេងពីរុស្ស៊ី​ក៏ដោយ រដ្ឋាភិបាលក្រុងប៊ុយដាប៉ែសនៅថ្ងៃទី១៣ ខែកក្កដាបានប្រកាសដាក់ថាមពលក្នុងគ្រាអាសន្នដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកសម្រាប់រដូវរងារខាងមុខ។ 
 
« សង្រ្គាមអូសបន្លាយនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់ក្រុងព្រុចសែលលើរុស្ស៊ីបណ្តាលឱ្យតម្លៃថាមពលទូទាំងអឺរ៉ុបកើនឡើងយ៉ាងខ្លាំង ហើយតាមពិតទៅមួយផ្នែកធំនៃអឺរ៉ុបកំពុងប្រឈមនឹងវិបត្តិថាមពលទៅហើយ»។ រដ្ឋមន្រ្តីហុងគ្រីលោក  Gergely Gulyas ថ្លែងបែបនេះអំឡុងសន្និសីទកាសែតនៅរដ្ឋធានីប៊ុយដាប៉ែស ដោយសង្កត់ធ្ងន់ថា ហ្គាសប្រើប្រាស់នៅអឺរ៉ុបទំនងជាមិនគ្រប់គ្រាន់ទេសម្រាប់រដូវរងារ និងរដូវស្លឹកឈើជ្រុះខាងមុខនេះទេ។
 
បើតាមលោក Gulyas នាពេលនេះ ហុងគ្រីមិនប្រឈមនឹងកង្វះខាតហ្គាសណាស់ណាទេ។ ប៉ុន្តែប្រសិនបើមានការរឹតត្បិតបន្ថែមទៀត វានឹងប៉ះពាល់ដល់ប្រជាជនហុងគ្រី។ ដូច្នោះ ក្រុងប៊ុយដាប៉ែសនឹងបង្កើនសមត្ថភាពផលិតថាមពលក្នុងស្រុក ហើយជំរុញការផលិតហ្គាសប្រចាំឆ្នាំពី១,៥ពាន់លានម៉ែត្រគូបទៅ២ពាន់លានម៉ែត្រគូប។ 
 
ជាមួយគ្នានេះ មន្រ្តីហុងគ្រីខាងលើបញ្ជាក់ថា ក្រុងប៊ុយដាប៉ែសនឹងបិទការនាំចេញថាមពល ហើយរោងចក្រនុយក្លេអ៊ែរតែមួយគត់របស់ហុងគ្រីក៏នឹងបង្កើនប្រតិបត្តិការផលិតថាមពលផងដែរ។ វិធានការនេះនឹងចូលជាធរមានពីខែសីហា។ សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីហុងគ្រី វិកទ័រ អបានបានបើកកិច្ចប្រជុំជាមួយគណៈរដ្ឋមន្រ្តីដើម្បីពិភាក្សាពីបញ្ហាថាមពលនៅអឺរ៉ុប។
 
គួរបញ្ជាក់ថា សន្តិសុខថាមពលនៅអឺរ៉ុបបច្ចុប្បន្នកំពុងវឹកវរជាខ្លាំង ដោយតម្លៃហ្គាសបានកើនឡើងយ៉ាងគំហុកចាប់ពីរុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ហ្គាសទៅអឺរ៉ុប៤០ភាគរយកាលពីខែឧសភា។ ត្រឹមខែឧសភា តម្លៃហ្គាសនៅអឺរ៉ុបតែប្រមាណ៧០អឺរ៉ូប៉ុណ្ណោះក្នុងមួយមេហ្គាវ៉ាត់ម៉ោង តែនៅកក្កដាកើនដល់ទៅជា១៨០អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោង។ អឺរ៉ុបកាន់តែបារម្ភថែមមួយកម្រិតទៀត នៅពេលរុស្ស៊ីបិទការបង្ហូរហ្គាសតាមរយៈ Nord Stream 1 ទៅអឺរ៉ុបរយៈពេល១០ថ្ងៃ៕

Tag:
 ហុងគ្រី
© រក្សាសិទ្ធិដោយ thmeythmey.com