ជាតិ
សម្ដេច ស ខេង ផ្ដល់ប្រាក់២ម៉ឺនដុល្លារ ដល់សហព័ន្ធប៊ូលនិងប៉េតង់ ក្រោយកីឡាការិនីឈ្នះមេដាយមាស នៅអាម៉េរិក
15, Jul 2022 , 11:01 am        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រគល់ប្រាក់ផ្ទាល់ខ្លួន ២ម៉ឺនដុល្លារ ទៅកីឡាករ និងកីឡាការិនីប៊ូល និងប៉េតង់ តាមរយៈសហព័ន្ធ។

 
សម្ដេច ស ខេង ផ្ដល់ប្រាក់លើកទឹកចិត្តនេះ ក្រោយកីឡាការិនីកម្ពុជា បានយកឈ្នះមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ និង១៤ កក្កដា។
 
ប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា រូបនេះ បានសរសេរលើហ្វេសប៊ុកថា៖«ដើម្បីអបអរសាទរ និងរួមចំណែកលើកទឹកចិត្តកីឡាករ កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ខ្ញុំសូមជូនថវិកាចំនួន ២០,០០០ដុល្លារ (ម្ភៃពាន់ដុល្លារអាមរិក) តាមរយៈប្រធានប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដើម្បីចាត់ចែងប្រគល់ជូនបងប្អូន»។
 
កីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា បាន​យកឈ្នះកីឡាការិនីបារាំង លើប្រភេទវិញ្ញាសា២ទល់២ នៅវគ្គផ្តាច់ព្រ័ត្រ និងក្លាយជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាពិភពលោក The World Games 2022 នៅក្រុង Birmingham សហរដ្ឋអាម៉េរិក។ 
 
ជាមួយគ្នានោះ កីឡាការិនី អ៊ុក ស្រីមុំ ដដែលក៏ដណ្តើម​បាន​មេដាយមាសមួយទៀត លើ​វិញ្ញាសាវាយយកពិន្ទុផងដែរ។ ទាំងពីរ​វិញ្ញាសា​ដែលកម្ពុជាចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ គឺទទួលបានមេដាយមាសដូចគ្នា។
 
Ralete 
 

Tag:
 ស ខេង
  ប៉េតង់
  អ៊ុក ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com