កីឡាអន្តរជាតិ
អន្តរជាតិ
Ozil ចូលរួមក្រុម Basaksehir ក្រោយត្រូវបាន Fenerbahce ដកឈ្មោះមិនឱ្យលេង
15, Jul 2022 , 1:59 pm        
រូបភាព
Mesut Ozil ថ្ងៃទី១៤ ខែកក្កដា បានចុះកិច្ចសន្យាលេងឱ្យក្រុម ​Istanbul Basaksehir ក្រោយពេលត្រូវបានក្លិប Fenerbahce នៃលីគកំពូលតួកគីបញ្ចប់កិច្ចសន្យារបស់គេមុនពេលកំណត់។



អតីតខ្សែបម្រើសញញជាតិអាល្លឺម៉ង់រូបនេះ បានចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយក្រុម Basaksehir និងមានជម្រើសលេងបន្ថែម១រដូវកាលទៀត នៅទឹកដីកីឡដ្ឋាន ​Fatih Terim របស់ក្លិបនេះ។
 
អំឡុងមានកិច្ចសន្យានៅជាកីឡាកររបស់ ​Fenerbahce ខ្សែបម្រើវ័យ ៣៣ឆ្នាំនៅសល់កិច្ចសន្យា២រដូវកាលទៀត ដោយត្រូវផុតកំណត់នៅពេលបញ្ចប់រដូវកាល ២០២៣-២៤។ តែ Ozil ត្រូវបានក្លិបដកឈ្មោះចេញពីក្រុមឈុតធំក្នុងខែកាលពីខែមីនា ព្រោះតែការមកដល់របស់គ្រូបង្វឹកថ្មី លោក Jorge Jesus ដែលជាអ្នកដករូបគេចេញ។ គ្រូបង្វឹកថ្មីរូបនោះ ក៏បានអះអាងច្បាស់ៗថា Ozil មិនស្ថិតនៅក្នុងគម្រោងរបស់ក្រុមឡើយ។
 
ក្រោយមានការបញ្ជាក់ពីការចាកចេញពីក្រុម Fenerbahce ដែលទទួលបានចំណាត់ថ្នាក់លេខ២ កាលរដូវកាលមុន ខ្សែបម្រើរូបនេះបានបង្ហាញអារម្មណ៍សោកស្តាយដោយបានបង្ហោះក្នុងបណ្តាញសង្គម Twitter ថាក្តីសុបិន្តរបស់គេមិនទទួលបានដូចបំណង។
 
«រឿងដែលធ្វើឱ្យជីវិតពោរពេញដោយភាពមិនប្រាកដប្រជា ផែនការ បំណងប្រាថ្នារបស់យើងមិនទៅតាមទិសដៅ ឬក៏អ្វីមួយដែលយើងចង់បាន។ ខ្ញុំចង់ទទួលបានជោគជ័យនិងទទួលបានពេលវេលាលេងនៅក្រុម Fenerbahce ដែលជាក្លិបក្នុងក្តីសុបិន្តតាំងពីកុមារមក ទោះជាបែបនេះក្តីខ្ញុំក៏អរគុណទៅពួគគេក៏ដូចជាអ្នកគាំទ្រនៅទីនោះ។»។ Ozil បានសរសេរលើកឡើងបែបនេះ។
 
អំឡុងនៅជាកីឡាករ Fenebahce អតីតខ្សែបម្រើក្រុម Arsenal និងជាកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ World Cup ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់បានបង្ហាញខ្លួនចំនួន ៣៧ប្រកួតកាលពីរដូវកាលមុន ឱ្យក្រុមកំពូលតួកគីមួយនេះ។ Ozil ក៏រកបានគ្រាប់បាល់ ៩គ្រាប់ដែរ៕
 

Tag:
 Mesut Ozil
  Istanbul Basaksehir
© រក្សាសិទ្ធិដោយ thmeythmey.com