អន្តរជាតិ
រដ្ឋប៉ាស៊ីហ្វិកប្ដេជ្ញាចិត្តរួបរួមគ្នា ស្របពេលប្រឈមនឹងការប្រជែងអំណាចរវាងចិន និងអាម៉េរិក
15, Jul 2022 , 7:29 pm        
រូបភាព
មេដឹកនាំប្រទេសតំបន់ប៉ាស៊ីហ្វិកនាជំនួបនៅហ្វីជី។ រូបថត AFP
មេដឹកនាំប្រទេសតំបន់ប៉ាស៊ីហ្វិកនាជំនួបនៅហ្វីជី។ រូបថត AFP
ខណៈប្រទេសមហាអំណាចអាម៉េរិក និងចិនព្យាយាមប្រណាំងប្រជែងឥទ្ធិពលក្នុងតំបន់ មេដឹកនាំកោះ ប៉ាស៊ីហ្វិកនៅថ្ងៃទី១៤ ខែកក្កដា បានព្រមព្រៀងគ្នាអនុវត្តវិធីសាស្ត្ររួមគ្នាតែមួយដើម្បីចៀស​វាង​ពី​ការ​ផ្អៀងផ្អងទៅរកមហាអំណាចណាមួយដែលនឹងផ្ដល់ផលវិបាកដល់ប្រទេសនោះ និងប្រទេស​ក្នុង​តំបន់​ទាំងមូល។ បណ្ដាកោះប៉ាស៊ីហ្វិកក៏បានជំរុញឱ្យប្រទេសអភិវឌ្ឃក្នុងតំបន់ធ្វើការឱ្យបាន​ស្វាហាប់ជាង​មុនក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុដែលជាបញ្ហាចម្បងមួយ។

 
បើតាមសេក្ដីថ្លែងការណ៍ដែលត្រូវចេញផ្សាយនៅថ្ងៃចុងក្រោយនៃវេទិកាកោះប៉ាស៊ីហ្វិកនៅថ្ងៃទី១៤ ខែ​កក្កដា​នៅទីក្រុងស៊ូវ៉ា ទឹកដីហ្វីជី មេដឹកនាំកោះប៉ាស៊ីហ្វិកបានឯកភាពគ្នាថា ត្រូវពិភាក្សាគ្នាជាមុនរាល់​ពេលប្រទេសណាមួយចង់់ចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសណាមួយទៀត។​ នេះ​បើ​តាមការលើកឡើងរបស់អគ្គលេខាធិការ​វេទិកាកោះប៉ាស៊ីហ្វិក​លោក Henry Puna អំឡុងសន្និសីទ កាសែតថ្ងៃទី១៤​​ ខែកក្កដា។
 
លោក Puna និយាយដល់ការប៉ុនប៉ងរបស់ចិនក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀងជាមួយប្រទេស១០ក្នុងចំណោម១៨នៃវេទិកានេះ និងសំណើរបស់អូស្ត្រាលីលើការផ្ដល់ជំនួយ និងការការពារ​សន្តិសុខ​ទូទាំងតំបន់នេះ។
 
«តំបន់នេះមិនទទួលយកវិធីសាស្ត្រនេះឡើយ»។ លោក Puna បានសង្កត់ធ្ងន់បែបនេះរួចបន្ត ថា កោះប៉ាស៊ីហ្វិកមិនអាចក្លាយជាសត្រូវជាមួយប្រទេសណាមួយបានឡើយ។ អគ្គលេខាធិការ​រូបនេះ​ក៏​សង្កត់ធ្ងន់ថា កោះប៉ាស៊ីហ្វិកនៅតែចូលរួមក្នុងកិច្ចព្រមព្រៀងណាមួយដដែល ហើយប្រទេសទាំងនោះ​ត្រូវជជែកគ្នាទៅវិញទៅមក និងសន្ទនាជាមួយគ្នាដើម្បីឱ្យដឹងពីអ្វីកើតឡើង។
 
ទាក់ទងនឹងកិច្ចចារចាសន្តិសុខរវាងកោះសូឡូមុន និងចិនកាលពីខែឧសភាដែល​នាំ​ឱ្យ​អាម៉េរិក អូស្ត្រាលី និងនូវែលសេឡង់ព្រួយបារម្ភជាខ្លាំង នាយករដ្ឋមន្ត្រីកោះសូឡូមុនលោកលោក Manasseh Sogavare ប្រាប់កាសែត The Guardian ថា ការចរចានោះ​នឹង​មិន​អនុញ្ញាត​ឱ្យ​ចិន​សាង​សង់មូលដ្ឋានយោធានៅប្រទេសរបស់លោកនោះឡើយព្រោះលោកមិនចង់ឱ្យប្រទេសខ្លួនក្លាយជា​គោលដៅនៃ​ប្រទេសដែលប្រឆាំងនឹងចិន។
 
ទាក់ទងនឹងបញ្ហាអាកាសធាតុ អាវុធនុយក្លែអ៊ែរ និងការនេសាទ លោក Puna បញ្ជាក់ថា មេដឹកនាំ​ទាំងអស់បានព្រមព្រៀងគ្នាលើវិធានការដោះស្រាយរួចហើយ។ បណ្ដាកោះប៉ាស៊ីហ្វិកក៏បានជំរុញ​ឱ្យ​ប្រទេសអភិវឌ្ឍក្នុងតំបន់រួមមានអូស្ត្រាលីធ្វើការឱ្យបានស្វាហាប់​ជាងមុនក្នុងការដោះស្រាយបម្រែបម្រួលអាកាសធាតុដែលជាបញ្ហាចម្បងមួយសម្រាប់ប្រទេសកោះទាំងនោះ៕
 
 
 

Tag:
 ប៉ាស៊ីហ្វិក
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com