កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
AFF U-19 ៖ ឡាវ ជួបម៉ាឡេស៊ី វគ្គផ្ដាច់ព្រ័ត្រ ឯថៃ តទល់វៀតណាម ដណ្ដើមលេខ៣
15, Jul 2022 , 2:54 pm        
រូបភាព
 U-19ថៃ(ខៀវ) ប្រកួតជាមួយវៀតណាម(ក្រហម)វគ្កជម្រុះក្នុងពូលA (ប្រភព Nguyen Khang)
U-19ថៃ(ខៀវ) ប្រកួតជាមួយវៀតណាម(ក្រហម)វគ្កជម្រុះក្នុងពូលA (ប្រភព Nguyen Khang)
ដោយ៖ហៀក ឆក

ម្ចាស់ជើងឯក ៣សម័យ ក្រុមបាល់ទាត់អាយុក្រោម១៩ឆ្នាំ ថៃ ត្រូវជួបវៀតណាមដណ្តើមយកលេខ៣ មុនពេលម៉ាឡេស៊ី ត្រូវជួបឡាវ នាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFF U-19 CHAMPIONSHIP 2022 នាកីឡដ្ឋាន Patriot Chandrabhaga ថ្ងៃទី១៥ ខែកក្កដា ក្រុងបេកាស៊ី ប្រទេសឥណ្ឌូណេស៊ី។

 
មុនឡើងមកវគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមម៉ាឡេស៊ី និងឡាវ ធ្លាប់បានជួបគ្នានៅក្នុងវគ្គជម្រុះពូលB ហើយ ដោយឡាវយកឈ្នះ ១-០ កាលពីថ្ងៃទី១១ កក្កដា ២០២២។ ក្នុងពូល B នេះ ឡាវធ្វើបានយ៉ាងល្អជាងគេ ដោយឈ្នះទាំង៤ប្រកួតជាប់គ្នា មាន១២ពិន្ទុ ហើយឡើងមកទម្លាក់ថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ២-០ ទៀតផង។
 
ចំណែកម៉ាឡេស៊ី ដែលធ្លាប់ប្រកួតចាញ់ឡាវនេះ បានត្រឹមចំណាត់ថ្នាក់លេខ២ នៅពូលB ហើយឡើងមកយកឈ្នះវៀតណាម ដោយលទ្ធផល ៣-០ នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១៣ កក្កដា ។ 


U-19 ឡាវ(ស) ប្រកួតជាមួយម៉ាឡេស៊ី(លឿង)វគ្កជម្រុះក្នុងពូលB (ប្រភព សហព័ន្ធកីឡាបាល់ទាត់ជាតិឡាវ)

បើនិយាយពីប្រវត្តិជួបគ្នាវិញ ក្រុមម៉ាឡេស៊ី និងឡាវ ធ្លាប់ជួបគ្នា២លើកមកហើយ ដោយម៉ាឡេស៊ី ឈ្នះឡាវ៤-១ និងស្មើ១-១ ចាប់ពីបង្កើតពាននេះ នៅឆ្នាំ២០២២មក។ ដូច្នេះតើម៉ាឡេស៊ី អាចសងសឹកឡាវ វិញទេ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាម៉ោង៨ យប់ថ្ងៃទី១៥ កក្កដានេះ?
 
មុនការប្រកួតរវាងក្រុមទាំងពីរ ក៏មានការជួបគ្នាដណ្ដើមយយកលេខ៣ រវាងក្រុមថៃ និងវៀតណាមផងដែរ។ ក្រុមទាំងពីរនេះ សុទ្ធតែធ្វើល្អដូចគ្នា នៅក្នុងពូល A ដែលសម្បូរទៅដោយក្រុមខ្លាំង ប៉ុន្តែបែរជាមកបរាជ័យដូចគ្នា នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅវិញ។
 
ក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នា៨លើកនៃការប្រកួតពាន់នេះ ដោយថៃឈ្នះ២ ស្មើ៥ និងចាញ់វៀតណាម១លើក។ ជំនួបជាលើកទី៩ តើវៀតណាមអាចឈ្នះថៃ ដើម្បីដណ្ដើមលេខ៣ និងបង្កើនប្រវត្តិសាស្រ្តបន្ថែមទៀតបានទេ? 
 
ថៃ និងវៀតណាមត្រូវប្រកួតនៅម៉ោង ៣៖៣០នាទីរសៀល នាកីឡដ្ឋាន Patriot Chandrabhaga ក្រុងបេកាស៊ី ប្រទេសឥណ្ឌូណេស៊ី ៕
 
 
 

Tag:
 បាល់ទាត់
 AFF
 ផ្តាច់ព្រ័ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com