អន្តរជាតិ
ប្រធានសភា៖ ប្រធានាធិបតីស្រីលង្កា ចុះចេញពីតំណែងជាផ្លូវការហើយ
15, Jul 2022 , 3:25 pm        
រូបភាព
ប្រធានសភាស្រីលង្កា Mahinda Yapa Abeywardena។ រូបថត AFP
ប្រធានសភាស្រីលង្កា Mahinda Yapa Abeywardena។ រូបថត AFP
ដោយ:
លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា បានចុះចេញពីតំណែងជាប្រធានាធិបតីស្រីលង្កាជាផ្លូវការហើយ។ ប្រធានសភាស្រីលង្កាប្រកាសបែបនេះនៅថ្ងៃទី ១៥ ខែកក្កដា ក្រោយបានត្រួតពិនិត្យមើលលិខិតលាលែងតំណែងរបស់លោក ហ្គោតាបាយ៉ា ដែលផ្ញើពីសិង្ហបុរី។ ទន្ទឹមនេះ សភាស្រីលង្កាប្រកាសថា ស្រីលង្កានឹងមានប្រធានាធិបតីថ្មីក្នុងរយៈពេល៧ថ្ងៃ។

 
ក្រោយបានភៀសខ្លួនទៅដល់សិង្ហបុរី ប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា បានបញ្ជូនលិខិតលាលែងពីតំណែងទៅប្រធានសភាស្រីលង្កាតាមរយៈអ៊ីមែលនៅថ្ងៃទី១៤ ខែកក្កដា។ នៅពេលលិខិតលាលែងនេះបានទៅដល់ដៃ ហើយត្រូវបានត្រួតពិនិត្យមើលពីភាពស្របច្បាប់យ៉ាងល្អិតល្អន់ សភាស្រីលង្កាប្រកាសជាផ្លូវការនៅថ្ងៃទី១៥ ខែកក្កដាថា សំបុត្រលាលែងពីតំណែងនេះត្រូវបានទទួលស្គាល់តាមផ្លូវច្បាប់ហើយ។
 
« លោក ហ្គោតាបាយ៉ា បានចុះចេញពីតំណែងដោយស្របច្បាប់ហើយ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៤ ខែកក្កដា»។ ប្រធានសភាស្រីលង្កា លោក Mahinda Yapa Abeywardana ថ្លែងបែបនេះអំឡុងសន្និសីទកាសែតនៅរដ្ឋធានីកូឡុំបូ។ 
 
បន្ថែមពីនេះ ប្រធានសភាខាងលើបញ្ជាក់ថា នាយករដ្ឋមន្រ្តីស្រីលង្កា Ranil Wickremesinghe ដែលបានប្រកាសលាលែងពីតំណែងដែរ នឹងកាន់តំណែងជាប្រធានាធិបតីស្តីទី រហូតដល់ប្រធានាធិបតីស្រីលង្កាថ្មីត្រូវបានបោះឆ្នោតជ្រើសតាំងក្នុងរយៈពេល៧ថ្ងៃ។ ជាមួយគ្នានេះ ប្រធានសភាស្រីលង្កានឹងកោះហៅសមាជិកសភាទាំងអស់មកចូលប្រជុំថ្ងៃទី១៦ ខែកក្កដាដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលថ្មី។
 
ទាក់ទិននឹងរឿងនេះ លោក ហ្គោតាបាយ៉ា ក្លាយជាប្រធានាធិបតីដំបូងគេដែលបានលាលែងពីតំណែង ចាប់តាំងពីស្រីលង្កាអនុម័តរបបប្រធានាធិបតីនិយមនៅឆ្នាំ ១៩៧៨។ ការចុះចេញពីតំណែងនេះបានបញ្ចប់អំណាចរបស់ខ្សែស្រឡាយគ្រួសាររ៉ាចាប៉ាក់សាដែលក្តោបក្តាប់នយោបាយនៅស្រីលង្កាជាងពីរទសវត្សរ៍មកនេះ។ សមាជិកគ្រួសាររ៉ាចាប៉ាក់សាដែលមានមុខតំណែងធំៗក្នុងគណៈរដ្ឋមន្រ្តីបានលាលែងពីតំណែងជាបន្តបន្ទាប់។ លោក ម៉ាហ៊ិនដា រ៉ាចាប៉ាក់សា ដែលបងប្រុសរបស់លោកហ្គោតាបាយ៉ា បានចុះចេញពីតំណែងនាយករដ្ឋមន្រ្តីក្នុងខែឧសភា ហើយជំនួសវិញដោយលោក Ranil។ 
 
អំឡុងពេលកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិស្រីលង្កាដ៏មានឥទ្ធិពលឆ្នាំ​ ២០០៥- ២០១៥ លោក ហ្គោតាបាយ៉ាបានជួយជ្រោមជ្រែង បងប្រុសលោកម៉ាហ៊ិនដា ដែលជាប្រធានាធិបតីនាពេលនោះបញ្ចប់សង្រ្គាមស៊ីវិលរយៈពេល៣ទសវត្សរ៍ ដោយបង្រ្កាបលើការបះបោររបស់ក្រុមសកម្មប្រយុទ្ធខា្លតាមិលដោយជោគជ័យនៅឆ្នាំ ២០០៩៕
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com