កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បដិសេធសំណើរក្លិបអារ៉ាប៊ីសាអូឌីត ទោះហ៊ានឱ្យឈ្នួលជាង២លានដុល្លារ មួយអាទិត្យ
15, Jul 2022 , 3:59 pm        
រូបភាព
Cristiano Ronaldo មិនយល់ព្រមទទួល​សំណើ​រផ្ទេរពីសំណាក់ក្លិបមួយ នៅអារ៉ាប៊ីសាអូឌីត ដែលហ៊ានផ្តល់ប្រាក់ឈ្នួល ២៥០លានដុល្លារ ​សម្រាប់រយៈពេល២រដូវកាល។

 
កាលពីដើមខែកក្កដានេះ Ronaldo បានបង្ហាញបំណងចង់ចាកចេញពី Man Utd នៅរដូវកាលថ្មីនេះ ប្រសិនបើខ្លួន និងបិសាចក្រហមទទួលបានការផ្តល់ជូនសមរម្យមួយ។ ក្រោយការប្រកាសនេះ មានក្លិបជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍ដូចជា Bayern Munich និង Chelsea ជាដើម។ យ៉ាងណាក៏ដោយ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះ ហាក់​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ក្លិបស័ក្តិសម​ ស្របពេល Chelsea ក៏បានបោះបង់ការចង់បានរូបគេទៅហើយដែរ។ 
 
បើតាមការចុះផ្សាយរបស់កាសែត Mirror នៅថ្ងៃទី១៣ ខែកក្កដា មានក្លិបមួយនៃលីគកំពូលអារ៉ាប៊ីសាអូឌីត បានដាក់សំណើដេញថ្លៃចង់បាន Ronaldo ពី Old Trafford ដោយផ្តល់ថ្លៃពលកម្ម ២៥០ លានដុល្លារក្នុងរយៈពេល២ឆ្នាំ ដែលស្មើនឹង ២,៣៧លានដុល្លារក្នុងមួយសប្តាហ៍។
 
ក្នុងលក្ខខណ្ឌខាងលើ ប្រសិនបើ Man Utd យល់ព្រមលើសំណើនេះ នោះក្លិបយក្សអង់គ្លេសមួយនេះ នឹងទទួលបានថ្លៃផ្ទេរ ៣០លានដុល្លារផងដែរ។
 
យ៉ាងណាក៏ដោយ សារព័ត៌មានកីឡា ESPN បានអះអាងថា Ronaldo បដិសេធសំណើរបស់ក្លិបនៅអារ៉ាប៊ីសាអូឌីត ទោះផ្តល់ប្រាក់ឈ្នួលច្រើនកប់ពពកដូច្នេះក៏ដោយ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗជាច្រើន ម្ចាស់ពាន Ballon d'Or ៥សម័យចង់ចាកចេញពី Man Utd ដ្បិតក្រុមមិនបានលេង Champions League ហើយអតីតសមាជិក Real Madrid និង Juventus រូបនេះ បដិសេធក្រុមនៅអារ៉ាប៊ីសាអូឌីត ព្រោះមិនមែនជាក្រុម ដែលមានកៅអីនៅក្របខណ្ឌកំពូលអឺរ៉ុប។
 
Ronaldo វ័យ៣៧ឆ្នាំ បានត្រឡប់ទៅកាន់ Old Trafford ពី Juventus វិញនៅឆ្នាំ២០២១។ ៣០ប្រកួត Ronaldo ស៊ុតបញ្ចូលទីបាន១៨គ្រាប់សម្រាប់ក្រុមរហស្សនាមបិសាចក្រហមនៅរដូវកាលកាលមុន៕
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com