កីឡាជាតិ
ជាតិ
កីឡាកាយវប្បកម្មកម្ពុជា ត្រៀមខ្លួនកម្រិតខ្ពស់ និងរំពឹងសម្រេចលទ្ធផលល្អ នៅម៉ាល់ឌីវ
15, Jul 2022 , 5:23 pm        
រូបភាព
កីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា (ឆ្វេងមានសាក់ដើមទ្រូង) និងឆេង ច័ន្ទកក្កដា (រូបភាពដោយ ថ្មីៗ)
កីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា (ឆ្វេងមានសាក់ដើមទ្រូង) និងឆេង ច័ន្ទកក្កដា (រូបភាពដោយ ថ្មីៗ)
ដោយ៖ហៀក ឆក

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ចូលរួមប្រកួតពានរង្វាន់ WBP ក្នុងព្រឹត្តការណ៍(Asian Body Building and Physique) លើកទី៥៤ ចាប់ផ្តើមប្រកួតនាថ្ងៃទី១៥-២១ ខែកក្កដា នៅប្រទេសម៉ាល់ឌីវ។ ប្រធានសហព័ន្ធលោក តឹក ប៊ុនវី រំពឹងថានឹងទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។




សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជានឹងបញ្ជូនកីឡាករ ២រូប និងចៅក្រម១រូប ដើម្បីចូលរួមព្រឹត្តការណ៍កីឡា Asian Body Building and Physique លើកទី៥៤ នៅប្រទេសម៉ាល់ឌីវ។ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បាននិយាយថា ការចេញទៅប្រកួតនេះ គឺជាការធ្វើតេសត្តសមត្ថភាពរបស់កីឡាករ ដើម្បីចង់ដឹងពីកម្រិតរបស់ពួកគេ។ 
ជាមួយគ្នានេះ កីឡាករកាយវប្បកម្ម ឆឹង ណូរ៉ា ដែលត្រូវចូលរួមប្រកួតពានរង្វាន់នេះ បាននិយាយថា ខ្លួនបានត្រៀមលក្ខណៈរួចរាល់ហើយ ទាំងការហ្វឹកហាត់ ការថែទាំសុខភាពការ និងហូបចុកគ្រប់គ្រាន់ ។ កីឡាកររូបនេះ មានបទពិសោធធ្លាប់បានចូលរួមប្រកួត នៅស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាមម្តងហើយ។ 
 


«ខ្ញុំសង្ឃឹមនិងជឿជាក់ដោយសារតែ បើនិយាយចំពោះខ្ញុំ ខ្ញុំគិតថាឆ្នាំនេះប្រឹងហាត់ហើយ និងប្រឹងហូបល្អខ្លាំងជាងឆ្នាំមុនព្រោះដោយសារតែឆ្នាំនេះយើងយល់ដឹងកាន់តែច្បាស់ ។ ខ្ញុំក៏ធ្លាប់ឆ្លងកាត់បទពិសោធហើយម្តងដែរឆ្នាំនេះ ។យើងមានកម្លាំង ។ ខ្ញុំតាំងចិត្តថានឹងធ្វើឲ្យបាន ខ្ញុំមិនដឹងប្រភេទគីឡូខ្ញុំ សាច់ដុំគាត់(គូប្រកួត)យ៉ាងណានោះទេ ប៉ុន្តែនៅលើឆាកខ្ញុំនឹងប្រឹងឲ្យអស់ពីលទ្ធភាព ។ សង្ឃឹមថាខ្ញុំនឹងយកមេដាយមកជូនប្រទេសជាតិឲ្យបាន»។ សម្តីកីឡាករ ឆឹង ណូរ៉ា។
 
ទន្ទឹមនឹងការត្រៀមខ្លួននេះ លោក ប៊ុនវី រំពឹងថា កីឡាករកាយវប្បកម្មកម្ពុជា នឹងទទួលបានមេដាយ ប៉ុន្តែលោកក៏មិនហ៊ានស្រាលសមត្ថភាពកីឡាករផ្សេងៗ ដែលចូលរួមបន្រកួតដែរ។ « ពេលយើងឡើងឆាកលាបថ្នាំឃើញសាច់ទើបអាចនិយាយបានប៉ុន្តែយ៉ាងណាលោកនៅតែរំពឹងខ្ពស់ក្នុងការឈ្នះមេដាយ។សេចក្តីរំពឹងរបស់ខ្ញុំ គឺសង្ឃឹមថាពួកគាត់នឹងទទួលបានមេដាយត្រលប់មកវិញ»។ ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និយាយដូច្នេះ។
 
មមូលហេតុលោកមានការរំពឹងខ្ពស់នេះ គឺលោកបានត្រៀមកីឡាករក្នុងការហ្វឹកហាត់ជាប្រចាំតាមបច្ចេកទេសត្រឹមត្រូវ គឺ១ថ្ងៃ ហាត់ពីរពេល ឬក៏បីពេល តាមក្បួនខ្នាតជាក់លាក់ ដើម្បីបំប៉នសាច់កីឡាករក្នុងពេលហ្វឹកហាត់។
 
ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានបញ្ជាក់អំពីសន្ទស្សន៍ និងវឌ្ឍនភាពរបស់កីឡាកាយវប្បកម្មកម្ពុជា ថា កម្ពុជាបើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ាន គឺប្រហាក់ប្រហែលគ្នាទាំងការហ្វឹកហាត់ និងបច្ចេកទេស ពោលការប្រកួតកន្លងមក គឺកម្ពុជាទទួលបានលទ្ធផលល្អ។ ជុំវិញការត្រៀមខ្លួននេះ ខាងសហព័ន្ធនៅមានបញ្ហាផ្នែកថវិកាសម្រាប់កីឡាករ និងការរៀបចំការប្រកួតថ្នាក់ជាតិ និងប្រកួតផ្សេងៗ។
 
សម្រាប់គោលបំណងទៅថ្ងៃខាងមុខនោះ សហព័ន្ធចង់បណ្តុះអ្នកជំនាន់ក្រោយ ឲ្យយល់ដឹងពីកីឡាកាយវប្បកម្មបានច្បាស់លាស់ទាំងការហ្វឹកហាត់ ការហូបចុក ការប្រកួតទាំងក្នុងជាតិ និងអន្តរជាតិទាំងអស់។ លោកសង្កត់ធ្ងន់ថា បើស្រលាញ់ខាងកីឡាបង្ហាញសាច់ទាំងអស់គ្នា គួរតែនាំគ្នាអភិវឌ្ឍន៍ ថែរក្សា និងចែករំលែកបទពិសោធទៅអ្នកជំនាន់ក្រោយ ។ លោកមានក្តីបំណងធំមួយថា កាយវប្បកម្មនេះ នឹងបន្តបង្ហាញខ្លួនលើឆាកអន្តរជាតិទៀត ទោះគ្មានវត្តមានលោកដឹកនាំក្តី។
 
គួររំឭកផងដែរថា កីឡាកាយវប្បកម្មកម្ពុជាធ្លាប់ទទួលបានមេដាយមាស ២លើក។ សហព័ន្ធកាយវប្បកម្ម កបានបញ្ជូនកីឡាករ៤រូបចូលរួមប្រកួតក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣១ នៅវៀតណាម លើវិញ្ញាសាពីរប្រភេទ គឺវិញ្ញាសា Athletic Physiqe និងវិញ្ញាសា Bodybuilding ដែរ ប៉ុន្តែមិនបានមេដាយឡើយ៕ 
 
 
 

Tag:
 កាយវប្បកម្ម
 ម៉ាល់ឌីវ
© រក្សាសិទ្ធិដោយ thmeythmey.com