ជាតិ
យុវជនសម័យឌីជីថលដើរពើងទ្រូងដាក់មនុស្សចាស់?
01, Oct 2023 , 10:07 am        
រូបភាព
ដោយ: ថ្មីៗ
សុធីរ និងសំណាង ចាប់ផ្តើមមានពេលទំនេរជជែកគ្នាច្រើនឡើងវិញ បន្ទាប់ពីខកខានមួយរយៈធំមក។ ខកខាន ក៏ព្រោះតែ ពួកគេជាប់រវល់រកលុយចិញ្ចឹមគ្រួសាររៀងៗខ្លួន។ នៅថ្ងៃនេះ បុរសទាំងពីរលើកយកប្រធានបទឥរិយាបទយុវជន​នាសម័យបច្ចុប្បន្នមកជជែកគ្នាលេង។

 
សុធីរ៖ អា សំណាង អញទើបជួបមិត្តភក្តិអញម្នាក់ជាជនជាតិបារាំង គាត់បាននិយាយថា ក្មេងៗ ឬយុវជនបារាំងសម័យឥឡូវនេះ មានចរិតឈ្លើយៗណាស់។ សម្តីនិយាយទៅកាន់ចាស់ទុំបែប អឿ និងឈ្លើយ។ និយាយជារួម សម្តីសំដៅរបស់ពួកគេ ខ្វះការគោរពចាស់ទុំខ្លាំងណាស់។ គាត់ថា សង្គមបារាំងឥឡូវ ស្មុគស្មាញណាស់។ ចុះនៅស្រុកយើងវិញ យ៉ាងដូចម្តេចដែរ អា សំណាង?  
 
សំណាង៖ អើ! និន្នាការនេះ ដូចជាកើតឡើងប្រហាក់ប្រហែលគ្នាទេដឹង។ នៅស្រុកខ្មែរឥឡូវ កុមារ ឬយុវជន បន្ថយការគោរពចំពោះ​ចាស់ទុំច្រើនណាស់។ ឧទាហរណ៏ថា ក្មេងដើរកាត់មុខមនុស្សចាស់លែងឱន និយាយចំពោះមុខមនុស្សចាស់​លែងប្រើសម្តីទន់ភ្លន់ និយាយជាមួយមនុស្សចាស់​ដោយ​កាយវិការ​បែបបស្ចឹមប្រទេស ដៃច្រងេងច្រងាង​ ញាក់មុខ ញាក់មាត់ ញាក់ស្មា​។ល។ 
 
សុធីរ៖ តើហេតុអ្វីទៅបានជាកុមារ និងយុវជនកាត់បន្ថយ ឬឈប់គោរពមនុស្សចាស់? 
 
សំណាង៖ បើតាមអញគិត គឺថា ពួកគេទទួលឥទ្ធិពលពីវប្បធម៌បរទេសតាមរយៈការសិក្សានៅក្នុងសាលារៀនបរទេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយបរទេស និងតាមរយៈភាពយន្តបរទេស។ 
សុធីរ៖ តើអាចមានមូលហេតុផ្សេងទៀតឬទេ? 

សំណាង៖ មូលហេតុផ្សេងទៀត គឺអាចមកពីយុវជនជំនាន់ថ្មីមានចំណេះដឹងសិក្សាខ្ពស់ ដូចជា ចេះភាសាបរទេសល្អ និង​ចេះជំនាញ IT ច្រើនជាងចាស់ៗ។ តាមរយៈចំណេះដឹងហ្នឹងហើយ ទើបពួកគេអឿដាក់ចាស់ៗ។
 
សុធីរ៖ អឿដាក់ចាស់ៗដូចជាមិនសូវល្អទេក្នុងវប្បធម៌ខ្មែរ។ បើមោទកភាពពីសមត្ថភាពខ្លួនឯងដូចជាមិនអីទេ តែបើបង្ហាញចរិតអឿដាក់ចាស់ៗមិនសូវល្អទេ មិនថា អ៊ីចឹង អា សំណាង?   
 
សំណាង៖ ពិតណាស់ហើយ ក្នុងសង្គមខ្មែរ កាលពីដើមឡើយ កុមារ ឬយុវជន មានទំនៀមទម្លាប់គោរពចាស់ទុំល្អណាស់។ ក្មេងគោរពចាស់ ចាស់ស្រឡាញ់ក្មេង។ ក្មេងគោរពចាស់ ចាស់បង្រៀនបទពិសោធជីវិត និងបទពិសោធការងារដល់ក្មេង។ ចុះបើក្មេងឈ្លើសដាក់ចាស់ តើនរណាជួយតម្រង់ផ្លូវដល់ក្មេង? ចូរកុំភ្លេចថា ចាស់ស៊ីអំបិលច្រើនជាងក្មេងស៊ីបាយ។ 
 
សុធីរ៖ អា សំណាង តាមពិត ក្នុងសង្គមមួយ ធនធានមនុស្សចាស់ និងមនុស្សក្មេងមានសារសំខាន់ណាស់ មិនថា អ៊ីចឹង? 

សំណាង៖ ជាការពិតហើយ ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ។ ចំណុចនេះ គេចង់និយាយថា ក្មេងមានកម្លាំងថាមពល និងចំណេះដឹងថ្មីៗ តែចាស់មានបទពិសោធជីវិត និងការងារ។
 
សុធីរ៖ តើយុវជនខ្មែរគួរងាកទៅចាប់យកវប្បធម៌គោរពមនុស្សចាស់​ដូចសម័យបុរាណវិញឬទេ? 

សំណាង៖ បើតាមអញគិត វប្បធម៌គោរពមនុស្សចាស់ ឬអ្នកមានវ័យចំណាស់ជាង គឺជាសកម្មភាពល្អបំផុត មិនថាតែនៅកម្ពុជាទេ នៅប្រទេសជប៉ុន ថៃ ឡាវ វៀតណាម និងប្រទេសអាស៊ីដទៃទៀត វប្បធម៌នេះ ធ្លាប់កើតមាន និងនៅតែបន្តកើតមានតទៅទៀត គា្រន់តែកម្រិតនៃការប្រតិបត្តិមានការធ្លាក់ចុះប៉ុណ្ណោះ។ អញចង់ឲ្យទម្លាប់នេះស្ថិតនៅក្នុងដួងចិត្តយុវជនខ្មែរគ្រប់រូប ព្រោះថា ថ្ងៃនេះពួកគេជាយុវជន តែថ្ងៃស្អែក ពួកគេក្លាយជាយុវចាស់វិញ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com