សេដ្ឋកិច្ច
អន្តរជាតិ
ប្រមុខIMF ៖ រហូតដល់ឆ្នាំ២០២៣ ទើបអតិផរណាពិភពលោកអាចត្រូវបានទប់ស្កាត់ នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva ។ រូបថត៖ Getty / CNBC ។
×
ដោយ៖ ធន់ សេងហុង
អតិផរណាអាចត្រូវបានគ្រប់គ្រងនៅឆ្នាំ២០២៣ នៅពេលដែលប្រសិទ្ធភាពនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនៃប្រទេសនានាចាប់ផ្តើមដំណើរការ ។ នាយិកាគ្រប់គ្រងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានថ្លែងដូច្នេះ អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងទេសាភិបាលធនាគារកណ្តាល នៅឥណ្ឌូណេស៊ីកាលពីចុងសប្ដាហ៍មុន។
«អត្រាការប្រាក់សកលទំនងជានឹងបន្តកើនឡើងរហូតដល់ឆ្នាំ ២០២៣ នៅពេលដែលថ្លៃទំនិញឡើងដល់ចំណុចកំពូល នឹងចាប់ផ្តើមធ្លាក់ចុះមកវិញ ដែលជាលទ្ធផលនៃសកម្មភាពរបស់ធនាគារកណ្តាល»។ លោកស្រី Kristalina Georgieva បញ្ជាក់បែបនេះពីកិច្ចប្រជុំនៅកោះបាលី។
បើតាមលោកស្រី Georgieva ដែលស្រង់សម្ដីដោយទូរទស្សន៍ CNBC ធនាគារកណ្តាលរបស់ប្រទេសនានា កំពុងបង្កើនការគ្រប់គ្រងអតិផរណា ខណៈដែលការរំខានដែលបង្កឡើងដោយជំងឺកូវីដ-១៩ បានបង្កើតការរាំងស្ទះចំពោះខ្សែច្រវាក់ផ្គត់ផ្គង់ បន្ថែមពីជម្លោះរវាងរូស្ស៊ី-អ៊ុយក្រែន ដែលជំរុញឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ជាលទ្ធផល តម្លៃទំនិញសំខាន់ៗដែលរួមមាន អាហារ ជី និងថាមពលបានឡើងថ្លៃ។
ក្នុងរបាយការណ៍ធនាគារពិភពលោក(WB) តម្លៃស្បៀងអាហារពិភពលោកក្នុងខែមីនា-មេសានៅក្នុងឆ្នាំនេះ បានឡើងថ្លៃដល់កម្រិតខ្ពស់។ សន្ទស្សន៍តម្លៃស្បៀងអាហារក្នុងរយៈពេលពីរខែខាងលើ បានកើនឡើង១៥ភាគរយ បើធៀបនឹងរយៈពេល ២ខែមុន និងខ្ពស់ជាង៨០ភាគរយបើធៀបរយៈពេល២ឆ្នាំមុន។
ចំណែកអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) រាយការណ៍ថា ចំនួនប្រជាជនដែលអត់អាហារលើពិភពលោកនឹងកើនឡើង ៧,៦លាននាក់នៅឆ្នាំ ២០២២ និងកើនឡើង១៩លាននាក់បន្ថែមទៀតនៅឆ្នាំ ២០២៣។
ដូចដឹងស្រាប់ ប្រទេសជាច្រើន រងគ្រោះដោយសារវិបត្តិដែលកំពុងកើតមានបច្ចុប្បន្ន។ កម្រិតអតិផរណានៅអាម៉េរិកបានឈានដល់៩,១ភាគរយនៅក្នុងខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៤០ឆ្នាំ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក Janet Yellen ចាត់ទុកកម្រិតអតិផរណានេះ ជាតួលេខខ្ពស់មិនអាចទទួលយកបាន។
សម្រាប់លោកស្រី រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក Yellen ដោយឆ្លងកាត់បទពិសោធន៍នៃវិបត្តិសេដ្ឋកិច្ចកន្លងមក រដ្ឋាភិបាលប្រទេសនានាចាំបាច់ត្រូវបង្កើត និងរក្សាសេណារីយ៉ូឆ្លើយតបគោលនយោបាយជាបន្ទាន់ ដើម្បីកាត់បន្ថយពីផលប៉ពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ចនេះ ក៏ដូចជាផលប៉ះពាល់ដោយផ្ទាល់ទៅលើប្រជាជន និងអាជីវកម្មរបស់ពួកគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com